ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យប្រជុំត្រួតពិនិត្យកម្លាំងទ័ព គ្រឿងបំពាក់ និងមធ្យោបាយ ដើម្បីត្រៀមចូលរួមការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង ០៨ និង ០០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានរៀបចំប្រជុំត្រួតពិនិត្យកម្លាំងទ័ព គ្រឿងបំពាក់ និងមធ្យោបាយ ដើម្បីត្រៀមចូលរួមការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនាពេលខាងមុខ។

ពិធីនេះប្រព្រឹត្តឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនទំនាក់ទំនងកិច្ចការសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រតិភូអមដំណើរ ជាច្រើនរូប ។

ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ បានមានប្រសាសន៍ផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវយកអស់ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តន៍តួនាទី-ភាកិច្ច ពិសេសត្រូវអនុវត្តន៍អោយបានហ្មឺងម៉ាត់នូវបទបញ្ជារបស់ថ្នាក់លើ ។

ជាកិច្ចបញ្ចប់កម្មវិធី លោកឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ បានចែកអាវភ្លៀងជូនដល់កងកម្លាំងទាំងអស់ ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ ៕ ស សម


ចែករំលែក៖