ខេត្តកំពង់ចាម ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់បង្កឲ្យស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់ កើតឡើងរវាងរថយន្តឡង់គ្រីស័រ និងម៉ូតូ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៧៧.៧៨ ភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម កាលពីថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៦ និង១០នាទី ។
សាក្សីបាននិយាយឲ្យដឹងថា ថ្ងៃកើតហេតុ គេឃើញរថយន្តម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២AC.៥៥៦៨ អ្នកបើកបរមិនស្គាល់ឈ្មោះ បើកពីលិចទៅកើត ។
លុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយម៉ូតូម៉ាកC-១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម ១S-៩៤០២ បើកបរដោយឈ្មោះ នៅ គីមរិន ភេទប្រុស អាយុ៤៥ឆ្នាំ ទីលំនៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ។
រវាងរថយន្តនិងម៉ូតូបើកបរក្នុងទិសដៅស្របទិសគ្នា ពីលិចទៅកើត ខណៈអ្នកបើកម៉ូតូបម្រុងបត់ឆ្វេង ក៏ត្រូវរថយន្តឡង់គ្រីស័រ បើកក្នុងល្បឿនលឿនបុកបណ្តាលឲ្យស្លាប់ស្ត្រីម្នាក់ ឈ្មោះ ហុក សាយ ភេទស្រី និងអ្នករួមដំណើរពីក្រោយរងរបួសធ្ងន់ ភេទប្រុស ។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរបានចុះមកពិនិត្យ និងវាស់វែងតាមជំនាញ ដោយបានសន្និដ្ឋានថា រថយន្តបានប្រើប្រាស់ល្បឿនលឿន ទៅបុកស្ត្រីកំពុងជិះម៉ូតូដែលបម្រុងបត់ឆ្វេង តែខ្វះការប្រុងប្រយ័ត្នមើលមុខ ក្រោយ ទើបបណ្តាលឲ្យកើតហេតុគ្រោះថ្នាក់បែបនេះ ។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយមានគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមានមនុស្សស្លាប់ អ្នកបើករថយន្តបានគេចខ្លួនពីការទទួលខុសត្រូវ ។
បច្ចុប្បន្ន សពសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកវត្ថុតាងទាំងពីរគ្រឿងយកមករក្សាទុកនៅអធិការដ្ឋានគរបាលស្រុកជើងព្រៃ ដើម្បីដោះស្រាយតាមនីតិវីធី ៕ វណ្ណៈ