ព័ត៌មានទាន់ហេតុការណ៍៖

លោកប្រធានាធិបតី Donald Trump ស្វាគមន៍អតីតអ្នកទោសអាមេរិក៣នាក់បន្ទាប់ពីត្រូវបានដោះលែងដោយកូរ៉េខាងជើង

ចែករំលែក៖

លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានស្វាគមន៍អតីតអ្នកទោសអាមេរិក 3 នាក់ដែលបានចុះចតនៅមូលដ្ឋានយោធាមួយ នៅជិតទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីត្រូវបានដោះលែងដោយកូរ៉េខាងជើង ហើយបានថ្លែងអំណរគុណដល់មេដឹកនាំគីម ជុងអ៊ុន និងមានសុទិដ្ឋិនិយមចំពោះកិច្ចប្រជុំកំពូលរវាងប្រទេសទាំងពីរផងដែរ ។

អ្នកទោសដែលត្រូវបានកូរ៉េខាងជើងដោះលែងនេះ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Mike Pompeo បានធ្វើដំណើរទៅកាន់រដ្ឋធានីរបស់កូរ៉េខាងជើង ។ អតីតអ្នកទោសទាំងនេះបានមកដល់មូលដ្ឋានរួម Andrews ខាងក្រៅរដ្ឋធានីវ៉ាស៊ីនតោនហើយ ។

លោក Trump និងលោកស្រីទីមួយរបស់គាត់ បានជិះយន្តហោះទៅដល់មុនម៉ោង ដែលអតីតអ្នកទោសទាំង៣នោះបានមកដល់ និងបានចេញទទួលស្វាគមន៍ចាប់ដៃគ្នាជាមួយប្រធានាធិបតី ព្រមទាំងលើកដៃគ្រវីសំដៅទៅកាន់អ្នកសារព័ត៌មាន និងបុគ្គលិកមន្ត្រីរាជការផងដែរ ។

លោកដូណាល់ ត្រាំ បានថ្លែងថា: «និយាយតាមត្រង់ យើងមិនគិតថា វានឹងកើតឡើងទេ ហើយវាក៏បានកើតឡើងហើយ»។ លោកប្រធានាធិបតី ក៏បានថ្លែងអំណរគុណចំពោះ លោកគីម ជុងអ៊ុន ដែលបានដោះលែងអ្នកទោសអាមេរិកទាំង៣នាក់នេះផងដែរ

លោក ដូណាល់ ត្រាំ បន្តថា លោកពិតជាជឿថា លោក គីម ចង់នាំកូរ៉េខាងជើង “ចូលទៅក្នុងពិភពលោកពិតប្រាកដ” ហើយសង្ឃឹមថា នឹងទទួលបានជោគជ័យដ៏ធំមួយ នៅក្នុងកិច្ចប្រជុំដែលបានគ្រោងទុករបស់ពួកគេ ។

ព័ត៌មានលម្អិតស្តីពីកិច្ចប្រជុំកំពូលនេះ មិនទាន់ត្រូវបានប្រកាសនៅឡើយទេ ប៉ុន្តែមន្ត្រីអាមេរិកមួយរូបបាននិយាយថា ប្រទេសសឹង្ហបូរីជាកន្លែងដែលទំនងបំផុតសម្រាប់រៀបចំកិច្ចប្រជុំកំពូលនេះ ។

អ្នកនាំពាក្យសេតវិមានម្នាក់បាននិយាយថា អតីតអ្នកទោសទាំងបីនាក់នេះ នឹងត្រូវគេនាំទៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធា Walter Reed នៅជិតតំបន់ Maryland ដើម្បីវាយតម្លៃផ្នែកវេជ្ជសាស្ត្របន្ថែមទៀត ។

អតីតអ្នកទោសដែលកូរ៉េខាងជើងដោះលែងនេះ គឺមួយ ជាអ្នកផ្សព្វផ្សាយសាសនា សញ្ជាតិអាមេរិកកាត់កូរ៉េខាងត្បូង ឈ្មោះ Kim Dong-chul ត្រូវបានឃុំខ្លួនកាលពីឆ្នាំ 2015, ពីរគឺលោក Kim Sang-duk ឬដែលគេស្គាល់ថា Tony Kim ដែលបានចំណាយពេលមួយខែបង្រៀននៅមហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្រុងព្យុងយ៉ាង (PUST) មុនពេលគាត់ត្រូវបានចាប់ខ្លួននៅឆ្នាំ 2017 និងបី លោក Kim Hak-song ដែលបង្រៀននៅ PUST នោះត្រូវបានឃុំខ្លួនកាលពីឆ្នាំមុនដោយរបបទីក្រុងព្យុងយ៉ាង ។

អ្នកទាំងបីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញដោយក្រសួងការបរទេសអាមេរិកថា នៅពេលដែលយន្តហោះរបស់ពួកគេ បានឈប់ហើយនោះ ពួកគាត់បានសូមសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក លោកប្រធានាធិបតី Trump, រដ្ឋមន្ត្រីក្រសួងការបរទេស Pompeo និងប្រជាជនអាមេរិក ដែលបាននាំពួកគេបានត្រឡប់មកកាន់ផ្ទះសម្បែងវិញ នៅឯរដ្ឋអាឡាស្កា។

“យើងសូមអរគុណព្រះ និងគ្រួសារ និងមិត្តភក្តិរបស់យើងទាំងអស់ ដែលបានអធិស្ឋានឱ្យយើង បានត្រឡប់មកវិញ ។ សូមព្រះប្រទានពរដល់អាមេរិចដែលជាប្រទេសដ៏អស្ចារ្យបំផុតនៅក្នុងពិភពលោក” ។

ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើងបាននិយាយថា ពួកគេត្រូវបានចាប់ខ្លួន និងបង្ក្រាប ដោយសារកម្មភាពអមិត្ត ប្រឆាំងនឹងរដ្ឋាភិបាល ។

រហូតមកដល់ពេលនេះ មានពលរដ្ឋអាមេរិចតែម្នាក់គត់ត្រូវបានដោះលែងដោយកូរ៉េខាងជើង ក្នុងអំឡុងពេលប្រធាននាធិបតី Trump កាន់អំណាច គឺលោក Otto Warmbier អាយុ 22 ឆ្នាំ ដែលជានិស្សិតសាកលវិទ្យាល័យនោះ ។ គាត់បានវិលត្រឡប់មកកាន់សហរដ្ឋអាមេរិកវិញកាលពីរដូវក្តៅមុនក្នុងសភាពសន្លប់បាត់ស្មារតី បន្ទាប់ពីជាប់ឃុំអស់រយៈពេល 17 ខែ ហើយបានស្លាប់នៅប៉ុន្មានថ្ងៃក្រោយមក ។

ការស្លាប់របស់លោក Warmbier បានបង្កើនភាពតានតឹងរវាងអាមេរិក និងកូរ៉េខាងជើង ដែលកំពុងស្ថិតនៅក្នុងចំណុចខ្ពស់ស្រាប់ផងនោះ ជុំវិញបញ្ហាសាកល្បងមីស៊ីលរបស់ក្រុងព្យុងយ៉ាង ។

ការដោះលែងអ្នកទោសអាមេរិកចុងក្រោយនេះពីសំណាក់កូរ៉េខាងជើង ត្រូវបានមើលឃើញថា ជាសញ្ញាប្រឹងប្រែងរបស់លោកគីម ជុងអ៊ុន ដើម្បីធ្វើឱ្យប្រសើរឡើងសម្រាប់កិច្ចប្រជុំកំពូលជាមួយអាមេរិក ក្នុងនោះ តាមការសន្យាថ្មីៗរបស់លោកគីម ជុងអ៊ុន ក៏បានបញ្ជាក់ផងដែរថា នឹងផ្អាកការធ្វើតេស្តមីស៊ីល និងបិទកន្លែងសាកល្បងនុយក្លេអ៊ែរថែមទៀតផង ។

មន្ត្រីអាមេរិកម្នាក់និយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ប្រទេសសឹង្ហបុរី ជាទីតាំងល្អបំផុតសម្រាប់កិច្ចប្រជុំកំពូលដែលបានគ្រោងទុក បន្ទាប់ពីលោក Trump ក៏បានពិចារណានៅតំបន់គ្មានយោធាខណ្ឌចែកសីមារវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូងនោះដែរ ។

ការដោះលែងអ្នកទោសក៏បានផ្តល់ឱកាសឱ្យលោក Trump ទទួលបានប្រជាប្រិយភាពផ្នែកការទូតភ្លាមៗ បន្ទាប់ពីការសម្រេចចិត្តរបស់លោកលុបចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ។ ការចាកចេញនេះ បានបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងពីសម្ព័ន្ធមិត្តអឺរ៉ុប និងប្រទេសដទៃផ្សេងទៀត ។

ក៏មិនមានសញ្ញាដែរទេថា ដំណើរទស្សនកិច្ចរបស់លោក Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក ទៅកាន់កូរ៉េខាងជើងនាពេលនោះ បានជម្រះមន្ទិលថា កូរ៉េខាងជើង ពិតជាមានបំណងចង់ចរចាបញ្ហាមីស៊ីល និងនុយក្លេអ៊ែរ ដែលអាចគំរាមកំហែងដល់សហរដ្ឋអាមេរិកនោះបានទេ ។

លោក Trump បានប្តេជ្ញាធ្វើយុទ្ធនាការ “បង្ខិតបង្ខំអតិបរមា” ទៅលើរបបកូរ៉េខាងជើង ដើម្បីឲ្យព្រមចូលមកកាន់តុចរចា និងប្តេជ្ញារក្សាទណ្ឌកម្មឲ្យនៅដដែល រហូតទាល់តែទីក្រុងព្យុងយ៉ាង ធ្វើសកម្មភាពជាក់ស្តែងរំសាយកម្មវិធីអាវុធនុយក្លេអ៊ែរ ។

ប៉ុន្តែអតីតប្រធានចារកម្ម Kim Yong Chul ប្រធាននាយកដ្ឋានរណសិរ្សបង្រួបបង្រួមកូរ៉េខាងជើងបានថ្លែងនៅឯពិធីពិសារអាហារថ្ងៃត្រង់ ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក Pompeoនៅទីក្រុងព្យុងយ៉ាងថា “យើងមានសមត្ថភាពឥតខ្ចោះក្នុងការផលិតអាវុធនុយក្លេអ៊ែរ, ជាគោលនយោបាយរបស់យើងទេដើម្បីប្រមូលផ្តុំរាល់កិច្ចខិតខំប្រឹងប្រែង ក្នុងដំណើរការជឿនលឿនផ្នែកសេដ្ឋកិច្ច … មិនមែនដោយសារលទ្ធផលទណ្ឌកម្មពីខាងក្រៅនោះទេ “។

លោកស្រី Bonnie Glaser អ្នកជំនាញបញ្ហានៅអាស៊ីនៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្រ្ត និងអន្ដរជាតិបានឲ្យដឹងថា ខណៈដែលការដោះលែងនេះ មិនមែនជាបុរេលក្ខខណ្ឌច្បាស់លាស់សម្រាប់កិច្ចប្រជុំកំពូលរវាង Trump-Kim នោះ ប្រជាជនកូរ៉េខាងជើងយល់ឃើញថា ពួកគេត្រូវតែធ្វើដើម្បីឱ្យមានវឌ្ឍនភាពណាមួយនោះបានកើតឡើង ។

លោកស្រីបានអះអាងថា “ប្រជាជនកូរ៉េខាងជើងនៅតែមិនបាននិយាយអ្វីទាំងអស់ថា ពួកគេសុខចិត្ដបោះបង់ចោលអាវុធនុយក្លេអ៊ែរ មិននិយាយអំពីការបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ ឬបិទទីតាំងសាកល្បងអាវុធរបស់ពួកគេជាអចិន្ត្រៃយ៍ឡើយ” ។ យើងមិនមានភាពច្បាស់លាស់អំពីចេតនារបស់លោកគីម ជុងអ៊ុននោះទេ ៕ ថាច់ យ៉ាត

 


ចែករំលែក៖