ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋរងការពុលមានការកើនឡើងជិត១០០នាក់ហើយនៅវេលារសៀលថ្ងៃទី១០ ឧសភានេះ

ចែករំលែក៖

ខេត្តមណ្ឌលគិរីៈ ករណីពុលទឹកបណ្តាលឱ្យមនុស្សប្រុសស្រីបានរងនូវការពុលជាបន្តបន្ទាប់ ជិត១០០នាក់ទៅហើយ បើគិតតាំងពីល្ងាច ថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ រហូតដល់វេលាថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ តែចំពោះអត្រាបាត់បង់ជីវិតនៅមិនទាន់មាន កើតឡើងនៅឡើយនោះទេ ។

ហេតុការណ៍ពុលនេះ ត្រូវបានគេរាយការណ៍មកថា បានកើតឡើងលើប្រជាពលរដ្ឋក្នុងភូមិព្រះ និងភូមិរណែងក្នុង ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

ពលរដ្ឋដែលរងគ្រោះថាពួកគាត់បរិភោគទឹកអូរព្រះ និងមួយចំនួនគឺទឹកភ្លៀងទេតែក៏ត្រូវរងគ្រោះដូចគ្នា ហើយក៏ត្រូវបានបញ្ជួនមកសង្គ្រោះជាបន្តបន្ទាប់ នៅតាមគ្លីនិកឯកជន ក៏ដូចជាមន្ទីរពេទ្យបង្អែកស្រុកស្នួលខេត្តក្រចេះ ព្រោះមានចម្ងាយផ្លូវជិតជាងមកខេត្តមណ្ឌលគិរី ។

លោក ស្វាយសំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ក៏បានដឹកនាំមន្ត្រីរាជការពិសេសមន្ទីរសុខាភិបាលខេត្ត ចុះជួយអន្តរាគមន៍ ជាបន្តបន្ទាប់ ផងដែរ។

ពលរដ្ឋបានរងនៅការពុលនេះបានកើតឡើងជំហ៊ានដំបូងគិតចាប់ពីម៉ោង០៩ព្រឹកថ្ងៃទី០៩ឧសភារហូតដល់ម៉ោង០៩ព្រឹកថ្ងៃទី១០មានចំនួនជនរងគ្រោះ១៩នាក់ហើយបានធូរស្រាលបានត្រឡប់ទៅផ្ទះវិញ។

ពីម៉ោង៩ព្រឹកថ្ងៃដដែលរហូតដល់ម៉ោង១២ថ្ងៃត្រង់ជនរងគ្រោះបានបន្តកើនឡើងទៀតចំនួន៦១នាក់ទៀតសរុបទាំងពីរថ្ងៃគឺចំនួន៨០នាក់។

លោកវិជ្ជបណ្ឌិត ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរីថាករណីនេះក្រុមគ្រូពេទ្យរបស់លោកកំពុងសំរុកអន្តរាគមន៍ទប់ស្កាត់និងស្វែងរកប្រភពនៃសាធាតុពុល ជាមុនសិន។

លោកថាជនរងគ្រោះពួកគាត់ឆ្លើយថាមុនកើតអាការះថប់ ដង្ហើម ចុកពោះ ក្អួតចង្អោរក្រោយពេលដែលបរិភោគទឹកក្នុងអូរ និងទឹកភ្លៀងដែលត្រងទុកប្រើនោះ។

ការសន្និដ្ឋាននៅពុំទាន់បញ្ជាក់ព្រោះត្រូវយកទឹកនិងរបស់របរមួយចំនួនទៀតបញ្ជួលក្នុងមន្ទីរពិសោធន៍សិន។

នគរបាលមូលដ្ឋានបានរាយការណ៍មកថា ទឹកអូរព្រះនោះជាទឹកដែលអ្នកភូមិប្រើប្រាស់ជាប្រចាំ និងពុំមានខ្សែតភ្ជាប់គ្នានិងអូរតេដែលរងការពុលប្រជាពលរដ្ឋនៅក្រចេះនោះឡើយ ៕ ជីវ័ន្ត


ចែករំលែក៖