ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ក្មេងៗឃ្វាលក្របី និងអ្នកភូមិ ខណះប្រទះឃើញសាកសពបុរស់ម្នាក់អណ្តែតតាមទឹកព្រែក ដោយរាងកាយហើមស្អុយរលួយទៅហើយមិនដឹងថា ជាមនុស្សមកពីណា ឬជាអំពើឃាតកម្ម និងរាយការណ៍ជូនសមត្ថកិច្ចនគរបាលឲ្យចុះមកពិនិត្យមើលដើម្បីរកអត្តសញ្ញាណ និងសាច់ញាតិ ។
ករណីប្រទះឃើញសពនេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៤៥នាទីរសៀល ថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ នៅត្រង់ចំណុចព្រែកអំពឹល ស្ថិតនៅភូមិអំពឹលឃុំម៉ឺនជ័យ ស្រុករំដួល ។
បើតាមសមត្ថកិច្ចនគបាលប៉ុស្តិ៍រដ្ឋបាលឃុំម៉ឺនជ័យបានឲ្យកាសែតនគរវត្តឲដឹងថា សាកសពដែលប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹកព្រែកនោះឈ្មោះ កែវ សិត ភេទប្រុស អាយុ៦២ឆ្នាំ ជាមនុស្សមានជំងឺសរសៃប្រសាទមានទីលំនៅភូមិវាល ឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង ។
ប្រភពដដែលបន្តទៀតថា ដោយជនរងគ្រោះមានជំងឺសរសៃប្រសាទហើយបានដើរចោលផ្ទះយូរថ្ងៃមិនចូលផ្ទះ បើតាមការសន្និដ្ឋាន គឺដើរចោលផ្ទះយូរថ្ងៃដាច់បាយ គ្មានអ្វីបរិភោគ ហើយបានដើរទៅចុះទឹករកទឹកផឹក ក៏ខ្យល់.គរដួលចូលក្នុងទឹកព្រែកបណ្តាលឲ្យលង់ទឹកស្លាប់តែម្តង ។ ម្យ៉ាងតាមការពិនិត្យសាកសពពុំមានឃើញស្នាកស្នាមអ្វី ឲ្យសង្ស័យឡើយ គឺពិតជាខ្យល់.គរដួលចូលក្នុងទឹកលង់ស្លាប់ ។ ក្រោយពីពិនិត្យសពរួចសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកសពទៅធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន