ព័ត៌មានទាន់ហេតុការណ៍៖

គ្រាដែលក្រសួងបរិស្ថានកំពុងស៊ើបអង្កេតស្ត្រីអ្នកបង្ហោះសម្លាប់សត្វព្រៃចូលសារភាព

ចែករំលែក៖

ភ្នំពេញ ៖ ករណីស្រ្តីវ័យក្មេងសម្លាប់ សត្វព្រៃធ្វើជាម្ហូបហើយបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក និងនៅលើទំព័រ Youtube មួយឈ្មោះ Natural Life TV ក្រសួងបរិស្ថានកំពុងស៊ើបអង្កេតប្រមូល ព័ត៌មាននិងកោះហៅគាត់មកសាកសួរ ឆាប់ៗនេះ ។

អ្នកនាំពាក្យក្រសួងបរិស្ថានលោក សៅ សុភាព បានប្រាប់កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០១៨ថា «ចំពោះករណីស្រ្តីវ័យក្មេង សម្លាប់សត្វព្រៃធ្វើជាម្ហូប ហើយបានបង្ហោះ នៅលើហ្វេសប៊ុក និងនៅលើទំព័រ Youtubeក្រសួងកំពុងចាត់វិធានការធ្វើការទៅលើរឿងនេះហើយ ក្រសួងកំពុងតែស៊ើបអង្កេត ប្រមូលព័ត៌មាននិងកោះហៅគាត់មកសាកសួរទៅលើករណីនេះ» ។

លោក សៅ សុភាព បានបញ្ជាក់យ៉ាង ដូច្នេះថា «ជាគោលការណ៍មកគឺឯកឧត្តម រដ្ឋមន្រ្តីគាត់បានបញ្ជាឲ្យចាត់វិធានការ បន្ទាន់ហើយ។ យើងនឹងប្រមូលព័ត៌មាន ហើយយើងនឹងហៅគាត់មកអប់រំណែនាំ ហើយប្រសិនបើរកឃើញថា ការសម្លាប់ សត្វនេះមានកម្រិតធ្ងន់ធ្ងរនឹងឈានទៅ ចាត់ការតាមច្បាប់របស់ក្រសួងថែមទៀតផង»។

មិនត្រឹមតែចាត់វិធានការចំពោះនារីរូបនេះនោះទេក្រសួងបរិស្ថានក៏នឹងស្នើទៅ ខាង Youtube ដើម្បីដកវីដេអូទាំងនេះចេញ ពី Youtube ថែមទៀតផង។ នេះបើតាមការ បញ្ជាក់លោក សៅ សុភាព ។

សូមបញ្ជាក់ថា នារីដែលគេមិនទាន់ ស្គាល់អត្តសញ្ញាណរូបនេះបានបង្កើតទំព័រ Youtube មួយឈ្មោះ «Natural Life TV» ហើយបានបង្ហាញសកម្មភាពយកសត្វព្រៃជាច្រើនប្រភេទមានសត្វខ្លះជាប្រភេទសត្វកម្រថែមទៀតមកបង្ហោះលើទំព័រ Youtube របស់នាង។ ការបង្ហោះនេះមានគោល បំណងស្វែងរកការមើលឲ្យបានច្រើនដើម្បីទទួលបានថវិកានៃការផ្សព្វផ្សាយពាណិជ្ជកម្មនានាតាមរយៈក្រុមហ៊ុន Google ។

ស្រ្តីវ័យក្មេងរូបនេះបានបង្កើតទំព័រ Youtube មួយឈ្មោះ Natural Life TV បានធ្វើសកម្មភាពយកសត្វព្រៃជាច្រើនប្រភេទមកចម្អិនអាហារបង្ហោះតាមអុីនធើណេត ដើម្បីរកលុយពីអ្នកទស្សនាលើប្រព័ន្ធផ្សព្វផ្សាយមួយនេះ ។

លោក សៅ សុភាព បានលើកឡើងថា សមត្ថកិច្ចបានដឹងតម្រុយខ្លះៗហើយពាក់ព័ន្ធនារីរូបស្រស់ដ៏ក្លាហាននេះ ប៉ុន្តែទោះបីជាយ៉ាងណាលោកមិនទាន់បញ្ជាក់ពីអត្តសញ្ញាណ និងទីតាំងណានៅឡើយទ េ។

ក្រសួងបរិស្ថានកំពុងតែបន្តស្រាវជ្រាវទៅលើបញ្ហានេះយ៉ាងយកចិត្តទុកដាក់។ ពាក់ព័ន្ធនឹងតម្រុយនារីរូបនេះលោក សៅ សុភាព បញ្ជាក់ថា «មានតម្រុយហើយ! សមត្ថកិច្ចគេកំពុងធ្វើការ។ ចំពោះទីតាំង និងកន្លែងរស់នៅរបស់នារីខាងលើ ខ្ញុំអត់អាចប្រាប់បានទេអាហ្នឹងសមត្ថកិច្ចគេធ្វើការព្រោះទុកពេលឲ្យសមត្ថកិច្ចធ្វើការ» ។

ទាក់ទិនទៅនឹងការអនុវត្តទោសលោកបានថ្លែងថា លោកមិនអាចសន្និដ្ឋាន ឬ វិនិច្ឆ័យមុនបានទេ អាស្រ័យលើសមត្ថកិច្ចពិនិត្យមើលពាក់ព័ន្ធនឹងគោលការណ៍ និង នីតិវិធី ។

បន្ទាប់ពីធ្វើសកម្មភាពដោយប្តីជាអ្នកថត និងប្រពន្ធជាអ្នកបង្ហាញពីការសម្លាប់ សត្វព្រៃដែលច្បាប់បានហាមឃាត់បង្ហោះ តាមទំព័រ Youtube និងបណ្តាញទំនាក់ ទំនងសង្គមហ្វេសប៊ុក ហើយត្រូវបានទទួលការរិះគន់ពីមជ្ឈដ្ឋានប្រជាពលរដ្ឋទូទៅរហូតក្រសួងបរិស្ថានព្រមានចាត់វិធានការតាមផ្លូវច្បាប់នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០១៨ អ្នកទាំង២នាក់បានចូលខ្លួនសារភាពពីទោសកំហុសដែលបានប្រព្រឹត្តហើយនៅទីស្តីការក្រសួងបរិស្ថាន ។

នៅចំពោះមុខមន្ត្រីក្រសួងបរិស្ថានពួកគេទាំង២នាក់ប្តីប្រពន្ធបានធ្វើកិច្ចសន្យានៅចំពោះមុខមន្រ្តីក្រសួងបរិស្ថានដោយ បានសារភាពពីទោសកំហុសរបស់ខ្លួន និង បញ្ឈប់ទង្វើបែបនេះតទៅទៀត ។

អ្នកទាំង២បានសារភាពថា សត្វទាំងនោះមិនមែនពួកគេជាអ្នកសម្លាប់ឡើយ គឺទិញពីគេ ហើយយកមកថតជាវីដេអូ និង រូបភាពដើម្បីបង្ហោះតាមទំព័រ Youtube និង ហ្វេសប៊ុកក្នុងគោលបំណងស្វែងរកថវិកា តែប៉ុណ្ណោះ ៕ ហេង សូរិយា


ចែករំលែក៖