ភ្នំពេញៈ កម្មការីនីកាត់ដេររបស់ក្រុមហ៊ុន ថុងឆាវ អេនធឺប្រាយ(ខេមបូឌា) ម្នាក់មិនដឹងមានមូលហេតុអ្វីបានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងដោយវិធីចងកនៅក្នុងបន្ទប់ជួល បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅ តាមផ្លូវ១០៣ ស្ថិតក្នុងក្រុមទី១ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ ។
នគរបាលប៉ុស្តិ៍ទួលសង្កែ២ បានឲ្យដឹងថា នារីដែលចងកសម្លាប់ខ្លួនឈ្មោះ នុត សុខុម អាយុ២១ឆ្នាំ ជាកម្មការីនីរោងចក្រកាត់ដេរ ស្នាក់នៅកន្លែងកើតហេតុជាមួយបងស្រី និងមានស្រុកកំណើតនៅភូមិជើងខាល ឃុំមោងរាវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។កម្មការីនីរូបនោះ បានដាក់គន្លឹះទ្វារបន្ទប់ខាងក្នុង ហើយចងកសម្លាប់ខ្លួននឹងខ្សែពួរហាលខោអាវចងភ្ជាប់នៅដំបូលផ្ទះ ហើយស្លាប់តែម្ដងដោយ ពុំមាននរណាដឹងនោះទេ ។
ស្ត្រីឈ្មោះ នុត សេន អាយុ៤២ឆ្នាំ ជាកម្មការិនីរោងចក្រ ដែលត្រូវជាបងស្រីនារីរងគ្រោះ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅវេលាម៉ោងប្រមាណ៦និង៣០នាទីព្រឹកថ្ងៃកើតហេតុ ប្អូនស្រីរបស់ខ្លួន បានប្រាប់ថា ព្រឹកនេះ នាងមិនស្រួលខ្លួន មិនបានទៅធ្វើការទេ។ រហូតដល់ពេលល្ងាច រូបគាត់ចេញពីធ្វើការមកដល់បន្ទប់បិទទ្វារដាក់គន្លឹះពីក្នុង ហើយពេលមើលតាមបង្អួចឃើញប្អូនស្រីចងក ទើបបង្កការភ្ញាក់ផ្អើលឆោឡោដល់អ្នកជិតខាងនាំគ្នាជួយគាស់ទ្វារចូល ក៏ឃើញប្អូនស្រីគាត់ចងកស្លាប់បាត់ទៅហើយ។
ស្ត្រីដែលជាបងស្រីបានត្រហោយំរៀបរាប់ប្រាប់ថា កន្លងមក ប្អូនស្រីពុំដែលមានបញ្ហាអ្វីជាមួយគ្រួសារ និងមិនមានជំងឺអ្វីឡើយ និងពុំដឹងពីមូលហេតុអ្វីបានជាប្អូនស្រីគាត់ចងកសម្លាប់ខ្លួនបែបនេះទេដែរ។
ប្រភពពីអ្នកជិតខាងវិញប្រាប់ថា នារីរងគ្រោះធ្លាប់មានប្តី និងបានលែងលះគ្នារយៈពេលប្រមាណ២ឆ្នាំមកហើយ។ នៅពេលថ្មីនោះ មិនដឹងមានរឿងអ្វីទេ នាងមិនបានទៅធ្វើការចំនួន៣ថ្ងៃហើយ លុះមកដល់ថ្ងៃកើតហេតុមិននឹកស្មានថា នៅផ្ទះសម្ងំចងកសម្លាប់ខ្លួនទាំងវ័យនៅក្មេងយ៉ាងនេះឡើយ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញទៅដល់ បានធ្វើកោសល្យវិច័យលើសាកសព ហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយធ្វើអត្តឃាតចងកសម្លាប់ខ្លួន ប្រាកដមែន រួចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕ អរុណរះ