ក្រោយពេលលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមានប្រសាសន៍អំពីបញ្ហាប្រេងសាំង អ្នកមាន អ្នកក្រយ៉ាងណានោះ ស្រាប់តែធ្លាយរឿងមន្ត្រីកាំកុងត្រូលនៃក្រុមអ្នកដែលមានសមត្ថកិច្ចចុះពិនិត្យគុណភាព និងបរិមាណរង្វាស់រង្វាល់ប្រេងតាមស្ថានីយប្រេងឥន្ធនៈប្រព្រឹត្តអំពើពុករលួយដោយប្រើវិធីវាយស្មៅបង្អើលពស់ ។ ដូចដែលប្រជាពលរដ្ឋចោទសួរថា នៅកម្ពុជាសព្វថ្ងៃ តើប្រជាពលរដ្ឋអាចទៅរកស្ថានីយប្រេងឯណាដែលលក់ប្រេងគ្រប់ចំណុះ និងមិនកេងបន្លំគុណភាព ។ សំណួរនេះ មានតែមន្ត្រីកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្មប៉ុណ្ណោះ ទើបឆ្លើយបាន ។
មួយរយៈពេលកន្លងទៅនេះ មន្ត្រីកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្មតែងតែចុះពិនិត្យគុណភាពប្រេង និងរង្វាស់រង្វាល់ប្រេងនៅតាមស្ថានីយនានា ។ ជារឿយៗ គេតែងរកឃើញស្ថានីយប្រេងភាគច្រើនលក់ប្រេងមិនគ្រប់ចំណុះ និងបន្លំគុណភាពប្រេង ។ នោះហើយដែលគេហៅថា វិធីវាយស្មៅបង្អើលពស់ ។ បន្ទាប់ពីបានត្រួតពិនិត្យដឹងអំពីបញ្ហាលក់ប្រេងមិនគ្រប់ចំណុះ និងបន្លំគុណភាពហើយ គឺម្ចាស់ស្ថានីយប្រេង(ពស់) ត្រូវគិតគូរយ៉ាងណាយ៉ាងណីជាមួយក្រុមមន្ត្រីកាំកុងត្រូលទាំងនោះបន្តទៀត ។ ហេតុដូច្នេះហើយបានជាមួយលើកជាពីរលើក ស្ថានីយប្រេងឥន្ធនៈមួយចំនួននៅតែបន្តប្រព្រឹត្តល្មើសតាមរយៈលក់ប្រេងបន្លំគុណភាព និងមិនគ្រប់ចំណុះ ។
បច្ចុប្បន្ននេះ បញ្ហាប្រេងគឺជារឿងក្តៅគគុករបស់ប្រជាពលរដ្ឋ ។ ម្ចាស់ស្ថានីយប្រេងត្រូវមានទំនាក់ទំនងស្អិតល្មួតជាមួយមន្ត្រីមានសមត្ថកិច្ចផ្នែកពាណិជ្ជកម្ម បើមិនដូច្នោះទេ មុខជាត្រូវក្រុមមន្ត្រីទាំងនោះអូសឧបករណ៍មកវាស់ស្ទង់គុណភាព និងរង្វស់រង្វល់គ្មានពេលល្ហែមិនខានឡើយ ។ ម្ចាស់ស្ថានីយខ្លះបង្ខំចិត្តបង់ខែជូនមន្ត្រីកាំកុងត្រូល និងខ្លះទៀតរហូតដល់គិតភាគរយនៃចំនួនលក់ជូនមន្ត្រីទាំងនោះទៀតផង ។ នេះជាផ្នែកមួយដែលនាំឲ្យតម្លែប្រេងសាំងថ្លៃជាងបណ្តាប្រទេសជិតខាង ។ គេមិនដឹងថា តើករណីខាងលើនេះ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានជ្រាបដែរឬយ៉ាងណានោះទេ ។ ប៉ុន្តែសម្រាប់អគ្គនាយកដ្ឋានកាំកុងត្រូលរបស់លោកម៉ក់ ពិជ្ជរិទ្ធដឹងច្បាស់ណាស់ ៕