ភ្នំពេញ: បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើកម៉ូតូយ៉ាងលឿន ដល់ផ្លូវកោងមិនបង្អង់បណ្តាលឲ្យជ្រុលចង្កូតធ្លាក់ទឹកលូស្អុយ តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិត គ្រាន់តែរងរបួសបែកមុខបែកមាត់រលាត់ដៃជើង។ ហេតុការណ៍នេះកើតឡើងនៅម៉ោងជិត៣រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ៣៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមសម្តីបុរសរងគ្រោះបានឲ្យដឹងថា ដំបូងរូបគាត់បានជួបជុំគ្នាជាមួយមិត្តភក្តិផឹកសុីរហូតដល់យប់ជ្រៅទើបបែកគ្នាទៅផ្ទះរៀងៗខ្លួន។
ជនរងគ្រោះបានបន្តទៀតថារូបគាត់បានបើកម៉ូតូម៉ាកហុងដាឌ្រីម១២៥ ស៊េរី០១៤ ពណ៌ខ្មៅ មានស្លាកលេខភ្នំពេញ1CF-0774 បើកតាមបណ្តោយផ្លូវ៣៧១ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់កន្លែងកើតហេតុដែលជាផ្លូវកោងដោយសារបើកលឿនពេកផងនោះ ក៏ជ្រុលចង្កូតបុកទុយោរដែកផ្លោងមនុស្សទៅលើចិញ្ចើមផ្លូវមុខផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងរបួសបែកមុខបែកមាត់រលាត់ដៃជើង។ ចំណែកម៉ូតូធ្លាក់ចូលក្នុងលូទឹកស្អុយ សំណាងល្អមិនធ្លាក់មនុស្សចូល។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ បានឲ្យជនរងគ្រោះទាក់ទងទៅសាច់ញាតិ បានមកដល់ចុះទៅចងទាញម៉ូតូឡើងមកលើគោក ហើយបងប្អូនជិះឌុបជនរងគ្រោះទៅផ្ទះវិញ ៕ ជ្រោយពេជ្រ