ខេត្តឧត្ដរមានជ័យ ៖ មនុស្សប្រុស-ស្រីចំនួន៥នាក់ មានអាការធ្ងន់ និង២នាក់ទៀតមានអាការស្រាល បន្ទាប់ពីបរិភោគបង្អែម បាយដំណើបសង់ខ្យា បានរយៈពេល១ម៉ោង ទៅ២ម៉ោង ស្រាប់តែមានអាការក្អួតចង្អោរ និងរាក ហើយអ្នកខ្លះរហូតដល់សន្លប់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង។
តាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលមានអាការក្អួតចង្អោរ និងរាកធ្ងន់ធ្ងរ ដែលបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង កាលពីវេលាម៉ោង៨និង៤៥នាទីយប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅភូមិអូរតាម៉េង ឃុំ-ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មានចំនួន៥នាក់ មានអាការធ្ងន់ធ្ងរ ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យរង់ចាំការតាមដានពីក្រុមគ្រូពេទ្យ ដោយឡែកមនុស្ស២នាក់ទៀត ដែលមានអាការស្រាល បានវិលត្រឡប់ទៅលំនៅឋានទាំងយប់ ។
សមត្ថកិច្ច បញ្ជាក់ថា ជនរងគ្រោះភាគច្រើនសុទ្ធតែជាកុមារ វ័យជំទង់ និងមនុស្សចាស់ម្នាក់ប៉ុណ្ណោះ ទី១ឈ្មោះ ឡុង ប៊ុនថេង ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរធ្វើស្រែ, ទី២ឈ្មោះ ហេង រតនា ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្ស, ទី៣ឈ្មោះ ហេង សុផារី ភេទស្រី អាយុ១២ឆ្នាំ, ទី៤ ឈ្មោះ ហេង វេសនា ភេទប្រុស អាយុ៣ឆ្នាំ និងទី៥ ឈ្មោះវិញ ស្រីនាង ភេទស្រី អាយុ៦ឆ្នាំ អ្នកទាំងអស់រស់នៅភូមិ ឃុំ កើតហេតុខាងលើ ។
តាមការរៀបរាប់ពីឈ្មោះ ឡុង ប៊ុនថេង បានឱ្យដឹងថា ប្រពន្ធរបស់ខ្លួនបានទិញ បង្អែមបាយដំណើបសង់ខ្យា ដែលមានរស់ជាតិធូរ៉េន ដាក់ពងទាខ្ទិះដូង ដែលគេលក់តាមម៉ូតូចល័ត នៅមុខផ្សារអន្លង់វែង កាលពីល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ហើយយកទៅហូបនៅផ្ទះ នៅឯភូមិអូរតាមេង ឃុំ-ស្រុកអន្លង់វែង ក្រោយពីហូបរួច រយៈពេលប្រហែលជាមួយម៉ោង ទៅពីរម៉ោង ក៏មានអាការក្អួតចង្អោរ និងរាក គ្រប់អ្នកដែលបានហូប ហើយក្មេងតូចៗ បានសន្លប់ទាំងអស់ ដោយមានការសង្ស័យ អាចបណ្តាលមកពីបង្អែមសង់ខ្យា ក៏ពឹងអ្នកជិតខាងនាំទៅមន្ទីរពេទ្យតែម្តង ។
តាមការបញ្ជាក់ពីលោកឡុង ប៊ុនថេង បានបញ្ជាក់ប្រាប់តាមទូរស័ព្ទនៅវេលាម៉ោង១រសៀល ថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ឲ្យដឹងថា ជនរងគ្រោះទាំង ៥នាក់ បានមានអាការធូរស្រាលជាធម្មតាវិញ ហើយគ្រូពេទ្យអាចឲ្យវិលត្រឡប់ទៅផ្ទះវិញហើយ ៕ ប៉ែន នួន