ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនចិន ហុង ហ្វុង វិនិយោគកម្ទេចភ្នំបុរាណនិង​បំផ្លាញផ្លូវបេតុង, ក្រាលកៅស៊ូស្ទើររលាយនៅឃុំស្អាងភ្នំ ស្រុកស្អាង

ចែករំលែក៖

ខេត្តកណ្តាល៖ បើទោះជាក្រុមហ៊ុនចិនហុង ហ្វុង បានទទួលស្គាល់ពីកំហុសរបស់ខ្លួន​ ដឹកជញ្ជូន​ថ្ម ផ្ទុកលើសទម្ងន់​បំផ្លាញ​ផ្លូវក្រាលកៅស៊ូ ផ្លូវបេតុង ក្នុងមូលដ្ឋានឃុំ​ស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល និងសន្យាជាមួយអាជ្ញាធរស្រុក​ដើម្បី​ស្ថាបនាឡើងវិញ ឲ្យដូចបច្ចេកទេសរបស់​ផ្លូវ​បេតុង ផ្លូវក្រាលកៅស៊ូតាមបច្ចេកទេសស្តង់ដារ​របស់មន្ទីរសាធារណការក៏ដោយ ក៏មកទល់បច្ចុប្បន្ន ក្រុមហ៊ុនចិនហុង ហ្វុងមិនទាន់ដំណើរការស្ថាបនានៅឡើយទេ។ នេះបើតាមការអះអាងពីប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន​កាលពីព្រឹកថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ ។

មន្ត្រីមូលដ្ឋានបានបញ្ជាក់ថា ក្រុមហ៊ុនចិន ហុង ហ្វុងមានច្បាប់វិនិយោគលើសិទ្ធិ​វាយកម្ទេច​ភ្នំខ្សាក ដែលជាភ្នំបុរាណ ស្ថិតនៅឃុំស្អាងភ្នំ ស្រុកស្អាង​ ខេត្តកណ្តាលដើម្បីយកថ្ម​លក់ចែកចាយ ។ ប៉ុន្តែ​ការ​វិនិយោគរបស់ក្រុមហ៊ុនមួយនេះ មិត្រឹមតែ​បង្ក​ប៉ះបាល់បរិស្ថាន​ការរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ក្នុងនោះ​ប្រជាពលរដ្ឋបាន​លើកឡើងថា រថយន្តដឹកថ្ម ផ្ទុកលើសទម្ងន់​បណ្តាលឲ្យផ្លូវ​សាងសង់ពីបេតុង និងផ្លូវក្រាលកៅស៊ូមួយចំនួនក្នុងឃុំខាងលើ​ខូចខាតជាបណ្តើរៗ ដូចជា​ស្រុតប្រេះស្រាំ គំហុកតូចធំ និង​បង្កឲ្យ​ប្រជាពលរដ្ឋធ្វើដំណើរ​ទោចក្រក្រយាន យានយន្ត​ គ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់ ។ បញ្ហាទាំងអស់នេះ ប្រជាពលរដ្ឋក៏បានសំណូមពរឲ្យអាជ្ញាធរមានវិធានការជំរុញឲ្យ​ក្រុមហ៊ុនចិនហុងហ្វុងស្ថាបនាឡើងវិញ ក្នុងនោះលោកសរ វិចិត្រ អតីតមេឃុំស្អាងភ្នំ ក៏បាន​សំណូមពរឲ្យអាជ្ញាធរស្រុក​រកដំណោះស្រាយជាមួយនឹងក្រុមហ៊ុនចិនហុងហ្វុង ដើម្បី​ស្ថាបនាឡើងវិញនូវផ្លូវបេតុង ផ្លូវក្រាលកៅស៊ូ តាំងពីចំណុចក្រុមហ៊ុនវាយកម្ទេចថ្មភ្នំខ្សាក មកដល់​ផ្លូវជាតិលេខ២១ B តាមសំណូមពររបស់ប្រជាពលរដ្ឋ ។

ក្រុមហ៊ុនចិន​បានទទួលយក​នូវដំណោះស្រាយនេះ និងធានាជួសជុលស្ថាបនាឡើងវិញទៅតាមបទដ្ឋានបច្ចេកទេសស្តង់ដា តាមការកសាង​ដូច​អង្គភាពមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ប៉ុន្តែជាលទ្ធផល ក្រុមហ៊ុនមួយនេះបានត្រឹមតែធ្វើសកម្មភាព​ឈូសឆាយ ពង្រាបជាដំណាក់​កាលនៅចំណុចទីតាំងដែលខូច ដើម្បីខ្លួនមាន​ឱកាសដឹកថ្មយកទៅចែកចាយ​ ក្នុងអាជីវកម្មរបស់ខ្លួនប៉ុណ្ណោះ ។ បញ្ហានេះ​មិនត្រឹមតែមានប្រតិកម្មពីប្រជាពលរដ្ឋ អាជ្ញាធរឃុំប៉ុណ្ណោះទេ សូម្បីតែ​ប្រធានគណៈពង្រឹងឃុំស្អាងភ្នំ មានប្រតិកម្មជុំវិញបញ្ហានេះ ក្នុងនោះបាន​ឲ្យអាជ្ញាធរស្រុក ត្រូវ​បញ្ជា​ឲ្យក្រុមហ៊ុនចិនហុងហ្វុងកសាងផ្លូវទាំងនោះឡើយវិញ ទៅតាមកត្តាជាក់ស្តែង ដូចអ្វីដែលក្រុមហ៊ុនបានអះអាង ក៏ដូចជា​សន្យាដោយលិខិតស្នាមជាមួយអាជ្ញាធរស្រុក ។

គួររំលឹកថា ក្នុង​ពេល​បើកវេទិកាសាធារណៈនៅទីនោះ និងមានការចូលរួមពីអាជ្ញាធរសមត្ថកិច្ច ក៏ដូចជាជំនាញ ខាងអាជ្ញាធរបានប្រកាសជាសាធារណៈជូន​ដល់ប្រជាពលរដ្ឋឲ្យបានដឹងអំពី​ការវិនិយោគរបស់ក្រុមហ៊ុនចិនហុងហ្វុងថា ការវាយកម្ទេចភ្នំខ្សាក ដែលជាភ្នំបុរាណនេះ ដើម្បី​យកថ្ម​ទៅស្ថាបនាផ្លូវជាតិជូនប្រជាពលរដ្ឋ ។ ផ្ទុយទៅវិញ ក្រុមហ៊ុនចិនហុងហ្វុងមិនបានធ្វើ​ដូចអ្វីដែលអាជ្ញាធរអះអាងនោះទេ គឺ​វាយកម្ទេចថ្មភ្នំ ដឹកជញ្ជូនលក់ធ្វើអាជីវកម្មចែកចាយ​គ្រប់ទីកន្លែង បំផ្លាញ​ផ្លូវ​បេតុង ផ្លូវក្រាលកៅស៊ូក្នុងមូលដ្ឋានឃុំស្អាងភ្នំយ៉ាងធ្ងន់ធ្ងរ ក្នុងនោះ ក៏គេទទួលស្គាល់ថា ក្រុមហ៊ុនក៏យកលេសដើម្បីធ្វើអាជីវកម្មរ៉ែទៀតផង ។

ជុំវិញករណីនេះ អង្គភាពនគរវត្តមិនអាចទាក់ទងបានទេពីលោកប្រធានមន្ទីររ៉ែ និងថាមពលនៅព្រឹកថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ ដោយគ្មានលេខទូរស័ព្ទ ។ ដោយឡែក​លោក ញ៉ឹម វណ្ណឌិន អភិបាលនៃគណៈអភិបាលស្រុកស្អាង មិនបានធ្វើអត្ថាធិប្បាយជុំវិញការបំផ្លាញ​ផ្លូវកៅស៊ូ និងផ្លូវបេតុងនៅឃុំស្អាងភ្នំនោះទេតាមទូរស័ព្ទ ដោយលោកគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា «ពេលនេះខ្ញុំកំពុងមានភារកិច្ចជាប់ប្រជុំ» ។ មន្ត្រីមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋ​បាន​ចោទប្រកាន់ថា អ្វីដែលក្រុមហ៊ុនចិនហុងហ្វុងមិនបានស្ថាបនាផ្លូវឡើងវិញ គឺជាអំពើឃុបឃិតគ្នារវាងក្រុមហ៊ុន នឹងអាជ្ញាធរស្រុក ក៏ដូចជា​ជំនាញពាក់ព័ន្ធ​ ដូច្នេះប្រជាពលរដ្ឋក្នុងមូលដ្ឋាននឹងបង្ខំចិត្ត​ ផ្តល់ដំណឹងនេះទៅកាន់លោកប្រាក់ សុខុន ប្រធានគណៈពង្រឹងឃុំស្អាងភ្នំ ដើម្បីមានវិធានការដោះស្រាយ ។ កន្លងទៅ​ ប្រធានគណៈពង្រឹងឃុំ លោកប្រាក់ សុខុន ក៏បាន​ឲ្យអាជ្ញាធរស្រុកពិភាក្សាឡើងវិញជាមួយក្រុមហ៊ុនខាងលើ ដើម្បីគោរពទៅតាមកិច្ចសន្យារបស់ខ្លួន និងសំណូមពររបស់ប្រជាពលរដ្ឋ តែបើនៅ​បន្ត​ការបំផ្លាញផ្លូវ និង​មិនទទលខុសត្រូវស្ថាបនាឡើងវិញទេ លោកនឹងចាត់​ឲ្យមន្ត្រីក្រុមការងាររបស់ខ្លួនចុះទៅពិនិត្យសិក្សាស្រាវជ្រាវជាក់ស្តែងដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋ ក៏ដូចជា​ចូលរួម​ការ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នេះ ដើម្បីជាមធ្យោបាយផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ​ក្នុងការធ្វើដំណើរ​ ក៏ដូចជា​មធ្យោបាយដឹកជញ្ជូនទំនិញ កសិកឧស្សាហកម្ម ផ្លែឈើ បន្លែ ។ល។ ទៅកាន់ទីផ្សារបានដោយស្រួល សម្រាប់​ដោះស្រាយ​ជីវភាព​រស់នៅ​របស់ពួកគាត់ ស្របតាម​គោលនយោបាយឈ្នះឈ្នះ​របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោហ៊ុន សែន ជាប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាទទួលបានសុខសន្តិភាព ការអភិវឌ្ឍក្នុងក្របខ័ណ្ឌទូទាំងប្រទេសនេះ ៕ ស្អាងជ័យ


ចែករំលែក៖