ព័ត៌មានទាន់ហេតុការណ៍៖

តន្ត្រីករភ្លេងសម័យម្នាក់បាត់បង់ជីវិត ក្រោយជិះម៉ូតូបុកដើមអង្គាសដីរលំកាត់ទទឹងថ្នល់

ចែករំលែក៖

ភ្នំពេញ៖ បុរសជាតន្ត្រីករភ្លេងសម័យម្នាក់ ក្រោយពីលេងភ្លេងចប់បានជិះម៉ូតូត្រឡប់ទៅផ្ទះប្រធានក្រុមភ្លេងក៏បុកដើមអង្គាសដី ដែលខ្យល់បក់រលំដួលកាត់ទទឹងផ្លូវ បណ្តាលឲ្យដួលបាក់កស្លាប់ កាលពីវេលាម៉ោង១១និង៤៥នាទីយប់ថ្ងៃ អាទិត្យ ១៤ រោច ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិគោហ៊េ ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល។

សមត្ថកិច្ចនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ែន សុខនី ហៅបញ្ញា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរអ្នកលេងភ្លេងតន្រ្តីសម័យ មាន ស្រុកកំណើតនៅភូមិសរមាំង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ១គ្រឿង មកពីលេងភ្លេងតន្រ្តីសម័យនៅភូមិគោហ៊េ និងមានគោលបំណងទៅផ្ទះប្រធានភ្លេង នៅរកាកោង តាមផ្លូវលំចេញមកផ្លូវជាតិ ។ លុះធ្វើដំណើរ មកដល់ចំណុចកើតហេតុជាកន្លែងងងឹតមិនបានប្រុងប្រយ័ត្នក៏ បានបុកដើមអង្គាសដីមួយដើមដែលខ្យល់រលំដួលកាត់ទទឹងផ្លូវ ធ្វើឲ្យបុរសលេងភ្លេងម្នាក់នេះ បាក់កស្លាប់នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័មតែម្តង ។។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចនគរបាលមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ បានពិនិត្យនិងវាស់វែង រួចសមត្ថកិច្ចបានប្រគល់សព ទៅឲ្យក្រុមគ្រួរសារ ដើម្បីយកសព ទៅធ្វើបុណ្យតាមប្រពៃណី ហើយបាននាំគ្នាកាប់ដើមអអ្គាសដីមួយដើមនេះចេញពីផ្លូវឲ្យដំណើរការចរាចរណ៍ឡើងវិញ ៕ សហការី


ចែករំលែក៖