ខេត្តព្រៃវែង ៖ បុរសម្នាក់បាន ធ្លាក់ពីលើផ្ទះកម្ពស់៣ម៉ែត្រកន្លះតែក្រុមគ្រួសារមិនបានយកទៅព្យាបាលនៅមន្ទីរពេទ្យទេ ដោយគិតថា ជនរងគ្រោះស្រវឹងស្រាទើបសន្លប់ជាធម្មតា លុះព្រឹកឡើងបុរសនេះស្លាប់ទើបនាំគ្នាភ្ញាក់ផ្អើលនិង ស្រែកទ្រហោរយំស្តាយក្រោយ ។
ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃ ពុធ ២ កើត ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ឧសភា នៅផ្ទះជនរងគ្រោះស្ថិតក្នុងភូមិតាគាត់ ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
នគរបាលស្រុកស្វាយអន្ទរ បានឲ្យដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ សៅ បុត្រ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅ កន្លែងកើតហេតុខាងលើ ។
សាក្សីបានឲ្យដឹងថា កាលល្ងាចថ្ងៃទី១៥ ខែឧសភានេះ ជនរងគ្រោះបានទៅផឹកស៊ីជាមួយមិត្តភក្តិក្នុងភូមិរហូតដល់ម៉ោង៩យប់ ពេលដែលស្រវឹងជោកជាំក៏ត្រឡប់ទៅផ្ទះវិញ ហើយបានឡើងទៅលើផ្ទះដេក តែដោយក្នុងផ្ទះស្អុះស្អាប់ពេក ជនរងគ្រោះក៏ដើរទៅបើកទ្វារផ្ទះក្រោយដើម្បីឲ្យមានខ្យល់ចូល ហើយមិនដឹងរឿងអីស្រាប់តែធ្លាក់ដល់ដីកម្ពស់៣ម៉ែត្រកន្លះ ពីផ្ទះបណ្តាលឲ្យចុកសន្លប់បាត់មាត់ឈឹងរហូត ។
សាក្សីបានឲ្យដឹងទៀតថា ភ្លាមៗនោះក្រុមគ្រួសារបានលើកជនរងគ្រោះយកទៅដាក់ឲ្យដេកនៅលើផ្ទះវិញ និងបានយកប្រេងខ្យល់មកលាបរឹតឲ្យជនរងគ្រោះ តែមិនយកទៅពេទ្យនោះទេ ដោយគិតថា ជនរងគ្រោះមិនកើតអីធ្ងន់ធ្ងរគ្រាន់តែសន្លប់ដោយសារស្រវឹងប៉ុណ្ណោះអាច ព្រឹកឡើងស្វាងស្រាលែងអីហើយ។ប៉ុន្តែក្រោយមកមិនដូចការគិតឯណា ព្រឹកឡើងជនរងគ្រោះមិនព្រមក្រោកសោះក៏នាំគ្នាទៅដាស់ទើបដឹងថា ជនរងគ្រោះស្លាប់បាត់ទៅហើយទើបនាំគ្នា ផ្អើលឆោឡោនិងស្រែកទ្រហោរយំស្តាយក្រោយ ៕ សហការី