ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចឃុំខ្លួ ចោរលួចគាស់ទូរសព្ឌបានជិត១០០គ្រឿងនៅក្រុងតាខ្មៅ

ចែករំលែក៖

ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ លោក ទី សំណាង ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន ចោរលួចគាស់ទូរសព្ឌបានជិត១០០គ្រឿងនៅក្រុងតាខ្មៅ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”លួចមានស្ថានទម្ងន់ទោស” ដែលប្រព្រឹត្តនៅ ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ តាមមាត្រា៣៥៣ និងមាត្រា៣៥៧ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះកំណត់ផ្តន្ទាទោសពី៣(បី)ឆ្នាំ ទៅ១០(ដប់)ឆ្នាំ។

ជនត្រូវចោទទី០១ឈ្មោះ ម៉ៅ វិទូ ភេទប្រុស អាយុ២៣ឆ្នាំ​ ស្នាក់នៅផ្ទះជួល ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ទី០២ឈ្មោះ គី ប៊ុនអេង ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិ១សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។ ចំណែកជនរងគ្រោះមានឈ្មោះ ចេប ចាន់រី ភេទប្រុស អាយុ៣១ឆ្នាំ​ មុខរបរលក់ទូរស័ព្ទ ចំណុចភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សមត្ថកិច្ចអាវុធហត្ថ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថ បានចាប់ជនសង្ស័យឈ្មោះ គី ប៊ុនអេង ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិ១សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ត្រង់​នៅចំណុចស្ពានដែក ភូមិឫស្សី សង្កាត់ស្ទឹងមានជយ័៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រមទាំងម៉ូតូមួយគ្រឿង​ម៉ាក Honda dream C125 ពណ៌ខ្មៅ សេរី២០១៤ ស្លាកលេខភ្នំពេញ1CG1272 និងទូរស័ព្ទចំនួន៤គ្រឿង។

នៅចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថ ជនសង្សយ័ បានឆ្លើយសារភាពថា ឈ្មោះ ម៉ៅ វិទូ ភេទប្រុស អាយុ២៣ឆ្នាំ​ ស្នាក់នៅផ្ទះជួល ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ជាអ្នកធ្វើសកម្មភាពចូលកាត់សោ និងគាស់ផ្ទះចូលយកទូរសព្ទ័ប្រមាណជិត១០០គ្រឿង យកមកចែកគ្នា រួចនាំគ្នាគេចខ្លួនជាបន្ទាប់រហូតដល់ត្រូវសមត្ថកិច្ចឃាត់ខ្លួន។

សមត្ថកិច្ចអាវុធហត្ថ បន្តថា លុះនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល និងអាវុធហត្ថ​រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ៅ វិទូ ភេទប្រុស អាយុ២៣ឆ្នាំ នៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រមទាំងដកហូតទូរស័ព្ទ១គ្រឿង។ រួចបន្តចុះឆែកឆេរបន្ទប់ជួលរបស់ជនសង្ស័យឈ្មោះ គី ប៊ុនអេង ចំនួន២បន្ទប់ នៅចំណុចភូមិលេខ១ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រកឃើញវត្ថុតាងរួមមាន ៖ ទូរសព្ទ័ដៃចំនួន៤៤គ្រឿង ម៉ាក IPhone ​ ចំនួន២គ្រឿង ម៉ាក Samsung ចំនួន១គ្រឿង ម៉ាក Huawei ចំនួន១៥គ្រឿង ម៉ាក Hiya ចំនួន៥ គ្រឿង ម៉ាក Moto ចំនួន៣គ្រឿង ម៉ាក Camfone ចំនួន៤គ្រឿង ម៉ាក Nokia អ៊ិនចុចពិល ចំនួន ៦ គ្រឿង Nokei ថាច់២គ្រឿង ម៉ាក Meizu ចំនួន៥គ្រឿង និងម៉ាក Telego ១ គ្រឿង។

លុះវេលាម៉ោង​៨យប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ កម្លាំងជំនាញខេត្តកណ្តាល ស្រុកអង្គស្នួល និងអាជ្ញាធរដែនដី បានធ្វើការឃាត់ខ្លួនជនសង្សយ័ពីរនាក់បន្ថែមទៀត ១/ឈ្មោះស្រី ចាន់រ៉ា ភេទស្រី អាយុ​៣៤ឆ្នាំ មុខរបរមេផ្ទះ (អតីតប្រពន្ធជនសង្សយ័ គី ប៊ុនអេង) ពីបទទទួលផលចោរកម្ម ២/ឈ្មោះ ចំរើន រតនា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករ (ប្តីចុង) ករណីរក្សាទុកនិងប្រើប្រាស់គ្រឿងញៀនជាក់ស្តែង នៅចំណុចផ្ទះជួល បន្ទប់លេខBO 04 ភូមិថ្នល់ទទឹងឃុំ ដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ការឃាត់ខ្លួននេះដោយដឹងថាពីរនាក់ប្តីប្រពន្ធ ជាមុខសញ្ញាចែកចាយ ប្រើប្រាស់គ្រឿងញៀននិងទទួលផលចោរកម្ម (ករណីខាងលើ) កម្លាំងជំនាញបានសុំការអនុញ្ញាតិពីសាមីខ្លួនជាម្ចាស់បន្ទប់ ដោយមានការចូូលរួមពីម្ចាស់ផ្ទះជួលនិងអាជ្ញាធរដែនដី ពិសេសដោយមានការយល់ព្រមពីតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល ធ្វើការឆែកឆេរបន្ទប់ជួលជាក់ស្តែងឃើញជនសង្សយ័ឈ្មោះចំរើន រតនា កំពុងជក់គ្រឿងញៀន ជាលទ្ធផលយើង រកឃើញនិងចាប់យកវត្ថុតាងរួមមាន៖ ១/គ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន០៤កញ្ចប់ និងសម្ភារ:ប្រើប្រាស់គ្រឿងញៀន ២/ដាវសាមម៉ារ៉ៃចំនួន០១ដើម និងស្នាប់ដៃចំនួនមួយ។ ដោយឡែកទូរសព្ទ័០១គ្រឿង និង ​ipad មីនី០១គ្រឿង ដែលប្តីដើម(គី ប៊ុនអេង)លួចពីជនរងគ្រោះ(ចេប ចាន់រី) យកមកឲ្យខ្លួននោះ គឺទូរសព្ទ័យកទៅលក់នៅផ្សារឃ្លាំងរំសេវ រាជធានីភ្នំពេញ បានប្រាក់៣០ដុល្លា និងipad មីនី ០១គ្រឿង ខ្លួនឲ្យទៅកូនប្រុសនៅរាជធានីភ្នំពេញទុកប្រើ ។

នៅថ្ងៃទី១៦ ខែឧសភាឆ្នាំ២០១៨ កម្លាំងជំនាញខេត្តកណ្តាល រាជធានីភ្នំពេញ សហការគ្នា នាំជនសង្សយ័ឈ្មោះគី ប៊ុនអេង ទៅចង្អុលបង្ហាញម្ចាស់ទីតាំងទទួលផលចោរកម្ម(ទិញទូរសព្ទ័) នៅរាជធានីមួយចំនួន តែពុំបានសម្រេច។

ក្រោយពីធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដោយភាពទទួលខុសត្រូវខ្ពស់ មិនគិតថ្ងៃឬយប់ ជាបន្តបន្ទាប់រួចមក កម្លាំងសមត្ថកិច្ចជំនាញ បានរកឃើញនិងចាប់យកវត្ថុតាង (ទូរសព្ទ័ដៃ) ជារបស់ជនរងគ្រោះបានចំនួន​៤៤គ្រឿង និងបានការឯកភាពពីតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល ប្រគល់ជូនជនរងគ្រោះវិញទាំងអស់។

សូមរំឭកថា កាលពីវេលាម៉ោង៩៖៣០នាទីយប់​ថ្ងៃព្រហស្បតិ៍១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិសក័ ព.ស២៥៦២ ត្រូវនឹង​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ចំណុចភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅផ្ទះជនរងគ្រោះឈ្មោះ ចេប ចាន់រី ភេទប្រុស អាយុ៣១ឆ្នាំ​ មុខរបរលក់ទូរស័ព្ទ ត្រូវបានចោរគាស់ផ្ទះចូល​លួចយកទូរស័ព្ទដៃប្រហែល៩០គ្រឿគិតជាទឹកប្រាក់ប្រហែល១៣០០០ដុល្លារ បាត់បង់ប្រាក់រៀល១លាន៥០ម៉ឺនរៀល ប្រាក់ដុល្លារប្រហែល៧០ ដុល្លា សរុបជាទឹកប្រាក់ប្រមាណ ១៣៥០០ដុល្លារ។

មុនពេលកើតហេតុ ជនរងគ្រោះបានចាក់សោផ្ទះចោល រួចនាំគ្នាទាំងគ្រួសារទៅចូលរួមមង្គលការបងប្រុសរបស់ខ្លួននៅភូមិស្ទឹងជ្រៅ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ។ លុះដល់វេលាម៉ោងប្រហែល ១១៖១០នាទីថ្ងៃដដែល ជនរងគ្រោះបានត្រឡប់មកផ្ទះវិញ ឃើញសភាពរាយប៉ាយក្នុងផ្ទះ ទើបដឹងថា មានចោរចូលលួចទ្រព្យសម្បត្តិក្នុងផ្ទះ ទើបគាត់រាយការណ៍មកសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងតាខ្មៅតែម្តង៕ ឆ ដា


ចែករំលែក៖