ព័ត៌មានទាន់ហេតុការណ៍៖

សាររបស់ប្រធានាធិបតីចិនមុនពេល ចាប់ផ្តើមទស្សនកិច្ចថា ចំណងមិត្តភាពជាមួយកូរ៉េខាងជើង គឺរឹងមាំគ្មានគូប្រៀប

ចែករំលែក៖

អន្តរជាតិ៖ សារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ បានផ្សាយថា មុនពេលចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បាននិយាយថា ចំណងមិត្តភាពរបស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប ហើយលោកបានសន្យាបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត។

ក្នុងអត្ថបទមួយចុះផ្សាយនៅទំព័រមុខ នៃកាសែតរដ្ឋកូរ៉េខាងជើង Rodong Sinmun លោក ស៉ី បានលើកឡើងដូច្នេះថា «ទោះបីពេលវេលាប្រែប្រួលបែបណា ឬស្ថានការណ៍អន្តរជាតិ វិវត្តយ៉ាងណាក៏ដោយ ចំណងមិត្តភាពជាប្រពៃណីរវាងចិននិងកូរ៉េខាងជើង នឹងនៅតែរឹងមាំគ្មានគូប្រៀបជានិច្ច»។ លោកប្រធានាធិបតីចិន បានបន្តថា ប្រទេសទាំងពីរ ចាំបាច់ត្រូវរួមគ្នាប្រឆាំងអនុត្តរភាពនិយម និងសកម្មភាពទាំងឡាយ ដែលបង្កគ្រោះថ្នាក់ចំពោះសន្តិសុខនិងស្ថិរភាពក្នុងំបន់។

លោក ស៉ី ក៏បានសន្យាផងដែរថា នឹងធ្វើការជាមួយកូរ៉េខាងជើង ដើម្បីលើកកម្ពស់ពហុភាគីនិយម ដែលមានយុត្តិធម៌និងសណ្តាប់ធ្នាប់ ហើយនិងសកលភាវូបនីយកម្មសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ពិភពលោកទាំងមូល ក្នុងការកសាងសហគមន៍ជោគវាសនារួមរបស់មនុស្សជាតិ។

លោក ស៉ី ជីនពីង ត្រូវបានរំពឹងថា នឹងទៅដល់កូរ៉េខាងជើងនាថ្ងៃចន្ទនេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេលសរុប២ថ្ងៃ ដែលជាលើកដំបូង ក្នុងរយៈពេល៧ឆ្នាំ។ ការធ្វើទស្សនកិច្ចនេះទៀតសោត គឺកើតមានឡើងបន្ទាប់ពីលោក ស៉ី បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បន្តបន្ទាប់គ្នានៅប្រទេសចិន កាលពីខែឧសភា។ ដោយឡែកមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ធ្លាប់បានបំពេញទស្សនកិច្ចទៅកាន់ចិនកាលពី២០២៥ ដើម្បីចូលរួមពិធីព្យុហយាត្រាយោធាធំមួយនៅទីក្រុងប៉េកាំង៕


ចែករំលែក៖