ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ លោក ទី សំណាង ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន ចោរលួចគាស់ទូរសព្ឌបានជិត១០០គ្រឿងនៅក្រុងតាខ្មៅ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”លួចមានស្ថានទម្ងន់ទោស” ដែលប្រព្រឹត្តនៅ ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ តាមមាត្រា៣៥៣ និងមាត្រា៣៥៧ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះកំណត់ផ្តន្ទាទោសពី៣(បី)ឆ្នាំ ទៅ១០(ដប់)ឆ្នាំ។
ជនត្រូវចោទទី០១ឈ្មោះ ម៉ៅ វិទូ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ទី០២ឈ្មោះ គី ប៊ុនអេង ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិ១សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។ ចំណែកជនរងគ្រោះមានឈ្មោះ ចេប ចាន់រី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ទូរស័ព្ទ ចំណុចភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សមត្ថកិច្ចអាវុធហត្ថ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថ បានចាប់ជនសង្ស័យឈ្មោះ គី ប៊ុនអេង ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិ១សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ត្រង់នៅចំណុចស្ពានដែក ភូមិឫស្សី សង្កាត់ស្ទឹងមានជយ័៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រមទាំងម៉ូតូមួយគ្រឿងម៉ាក Honda dream C125 ពណ៌ខ្មៅ សេរី២០១៤ ស្លាកលេខភ្នំពេញ1CG1272 និងទូរស័ព្ទចំនួន៤គ្រឿង។
នៅចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថ ជនសង្សយ័ បានឆ្លើយសារភាពថា ឈ្មោះ ម៉ៅ វិទូ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ជាអ្នកធ្វើសកម្មភាពចូលកាត់សោ និងគាស់ផ្ទះចូលយកទូរសព្ទ័ប្រមាណជិត១០០គ្រឿង យកមកចែកគ្នា រួចនាំគ្នាគេចខ្លួនជាបន្ទាប់រហូតដល់ត្រូវសមត្ថកិច្ចឃាត់ខ្លួន។
សមត្ថកិច្ចអាវុធហត្ថ បន្តថា លុះនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល និងអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ៅ វិទូ ភេទប្រុស អាយុ២៣ឆ្នាំ នៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រមទាំងដកហូតទូរស័ព្ទ១គ្រឿង។ រួចបន្តចុះឆែកឆេរបន្ទប់ជួលរបស់ជនសង្ស័យឈ្មោះ គី ប៊ុនអេង ចំនួន២បន្ទប់ នៅចំណុចភូមិលេខ១ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រកឃើញវត្ថុតាងរួមមាន ៖ ទូរសព្ទ័ដៃចំនួន៤៤គ្រឿង ម៉ាក IPhone ចំនួន២គ្រឿង ម៉ាក Samsung ចំនួន១គ្រឿង ម៉ាក Huawei ចំនួន១៥គ្រឿង ម៉ាក Hiya ចំនួន៥ គ្រឿង ម៉ាក Moto ចំនួន៣គ្រឿង ម៉ាក Camfone ចំនួន៤គ្រឿង ម៉ាក Nokia អ៊ិនចុចពិល ចំនួន ៦ គ្រឿង Nokei ថាច់២គ្រឿង ម៉ាក Meizu ចំនួន៥គ្រឿង និងម៉ាក Telego ១ គ្រឿង។
លុះវេលាម៉ោង៨យប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ កម្លាំងជំនាញខេត្តកណ្តាល ស្រុកអង្គស្នួល និងអាជ្ញាធរដែនដី បានធ្វើការឃាត់ខ្លួនជនសង្សយ័ពីរនាក់បន្ថែមទៀត ១/ឈ្មោះស្រី ចាន់រ៉ា ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរមេផ្ទះ (អតីតប្រពន្ធជនសង្សយ័ គី ប៊ុនអេង) ពីបទទទួលផលចោរកម្ម ២/ឈ្មោះ ចំរើន រតនា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករ (ប្តីចុង) ករណីរក្សាទុកនិងប្រើប្រាស់គ្រឿងញៀនជាក់ស្តែង នៅចំណុចផ្ទះជួល បន្ទប់លេខBO 04 ភូមិថ្នល់ទទឹងឃុំ ដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ការឃាត់ខ្លួននេះដោយដឹងថាពីរនាក់ប្តីប្រពន្ធ ជាមុខសញ្ញាចែកចាយ ប្រើប្រាស់គ្រឿងញៀននិងទទួលផលចោរកម្ម (ករណីខាងលើ) កម្លាំងជំនាញបានសុំការអនុញ្ញាតិពីសាមីខ្លួនជាម្ចាស់បន្ទប់ ដោយមានការចូូលរួមពីម្ចាស់ផ្ទះជួលនិងអាជ្ញាធរដែនដី ពិសេសដោយមានការយល់ព្រមពីតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល ធ្វើការឆែកឆេរបន្ទប់ជួលជាក់ស្តែងឃើញជនសង្សយ័ឈ្មោះចំរើន រតនា កំពុងជក់គ្រឿងញៀន ជាលទ្ធផលយើង រកឃើញនិងចាប់យកវត្ថុតាងរួមមាន៖ ១/គ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន០៤កញ្ចប់ និងសម្ភារ:ប្រើប្រាស់គ្រឿងញៀន ២/ដាវសាមម៉ារ៉ៃចំនួន០១ដើម និងស្នាប់ដៃចំនួនមួយ។ ដោយឡែកទូរសព្ទ័០១គ្រឿង និង ipad មីនី០១គ្រឿង ដែលប្តីដើម(គី ប៊ុនអេង)លួចពីជនរងគ្រោះ(ចេប ចាន់រី) យកមកឲ្យខ្លួននោះ គឺទូរសព្ទ័យកទៅលក់នៅផ្សារឃ្លាំងរំសេវ រាជធានីភ្នំពេញ បានប្រាក់៣០ដុល្លា និងipad មីនី ០១គ្រឿង ខ្លួនឲ្យទៅកូនប្រុសនៅរាជធានីភ្នំពេញទុកប្រើ ។
នៅថ្ងៃទី១៦ ខែឧសភាឆ្នាំ២០១៨ កម្លាំងជំនាញខេត្តកណ្តាល រាជធានីភ្នំពេញ សហការគ្នា នាំជនសង្សយ័ឈ្មោះគី ប៊ុនអេង ទៅចង្អុលបង្ហាញម្ចាស់ទីតាំងទទួលផលចោរកម្ម(ទិញទូរសព្ទ័) នៅរាជធានីមួយចំនួន តែពុំបានសម្រេច។
ក្រោយពីធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដោយភាពទទួលខុសត្រូវខ្ពស់ មិនគិតថ្ងៃឬយប់ ជាបន្តបន្ទាប់រួចមក កម្លាំងសមត្ថកិច្ចជំនាញ បានរកឃើញនិងចាប់យកវត្ថុតាង (ទូរសព្ទ័ដៃ) ជារបស់ជនរងគ្រោះបានចំនួន៤៤គ្រឿង និងបានការឯកភាពពីតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល ប្រគល់ជូនជនរងគ្រោះវិញទាំងអស់។
សូមរំឭកថា កាលពីវេលាម៉ោង៩៖៣០នាទីយប់ថ្ងៃព្រហស្បតិ៍១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិសក័ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ចំណុចភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅផ្ទះជនរងគ្រោះឈ្មោះ ចេប ចាន់រី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ទូរស័ព្ទ ត្រូវបានចោរគាស់ផ្ទះចូលលួចយកទូរស័ព្ទដៃប្រហែល៩០គ្រឿគិតជាទឹកប្រាក់ប្រហែល១៣០០០ដុល្លារ បាត់បង់ប្រាក់រៀល១លាន៥០ម៉ឺនរៀល ប្រាក់ដុល្លារប្រហែល៧០ ដុល្លា សរុបជាទឹកប្រាក់ប្រមាណ ១៣៥០០ដុល្លារ។
មុនពេលកើតហេតុ ជនរងគ្រោះបានចាក់សោផ្ទះចោល រួចនាំគ្នាទាំងគ្រួសារទៅចូលរួមមង្គលការបងប្រុសរបស់ខ្លួននៅភូមិស្ទឹងជ្រៅ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ។ លុះដល់វេលាម៉ោងប្រហែល ១១៖១០នាទីថ្ងៃដដែល ជនរងគ្រោះបានត្រឡប់មកផ្ទះវិញ ឃើញសភាពរាយប៉ាយក្នុងផ្ទះ ទើបដឹងថា មានចោរចូលលួចទ្រព្យសម្បត្តិក្នុងផ្ទះ ទើបគាត់រាយការណ៍មកសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងតាខ្មៅតែម្តង៕ ឆ ដា