ខេត្តសៀមរាប៖ រថយន្តដឹកឈើល្មើសច្បាប់មួយគ្រឿងត្រូវបានកម្លាំងនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប ចាប់បានខណៈពេលដែលកំពុងធ្វើចរាចរណ៍ចូលមកក្រុងសៀមរាប ។
លោកវរសេនីយ៍ឯក សឿន សេន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប បានឲ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីករណីរថយន្តដឹកឈើល្មើសច្បាប់ នៅវេលាម៉ោង៥ និង១៥នាទីថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅតាមផ្លូវជាតិលេខ៦ ត្រង់ភូមិរកាកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង កម្លាំងរបស់លោកបានធ្វើការស្ទាក់ចាប់បានរថយន្តមួយគ្រឿង ដែលមានផ្ទុកឈើខុសច្បាប់ពេញ ព្រមទាំងឃាត់ខ្លួនមនុស្សពីរនាក់ ជាអ្នកបើកបរ និងព្រូឡាន ។
លោក សឿន សេន បន្តថា បន្ទាប់ពីស្ទាក់ចាប់បានកម្លាំងរបស់លោកបាននាំទាំងមនុស្ស និងរថយន្តយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីរៀបចំនីតិវិធីប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ ។
ជាមួយការបង្ក្រាប រថយន្តដឹកឈើល្មើសច្បាប់នេះដែរ លោកសឿន សេន បានអំពាវនាវដល់ពលរដ្ឋ ជួយសហការរាយការណ៍ដល់កម្លាំងរបស់លោក ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសសេដ្ឋកិច្ចនេះឲ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសបទល្មើសការដឹកជញ្ជូនឈើខុសច្បាប់ បទល្មើសជលផលជាដើម ៕ ប៊ុនរិទ្ធី