ភ្នំពេញ៖ នារីម្នាក់សំណាងល្អក្នុងមួយពាន់គ្រោះថ្នាក់ ខណៈដែររូបនាងជិះម៉ូតូមួយគ្រឿងចេញពីចាក់សាំង រួចមកឈប់ចាំភ្លើងស្តុប ក៏ត្រូវរថយន្តដឹកទឹកមួយគ្រឿងបុកកិនចំពីលើម៉ូតូទាំងកំរោល សំណាងនារីរងគ្រោះបានលោតចេញទាន់ បណ្ដាលឲ្យរងរបួសស្រាល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវវ៉េងស្រេងកែង និងផ្លូវលេខ៣០ម៉ែត្រ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញនារីរងគ្រោះ សុំមិនបញ្ចេញអត្តសញ្ញាណ បានជិះម៉ូតូមួយគ្រឿងម៉ាក Xoomer X ពណ៌សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ1-GA6053 ដោយរូបនាងទើបតែចេញពីចាក់សាំងនៅក្បែរចំណុចកើតហេតុ រួចក៏បន្តដំណើរទៅមុខទៀតក្នុងគោលបំណងឆ្ពោះទៅផ្លូវលេខ៣០ម៉ែត្រ ដោយបានឈប់ចាំភ្លើងស្តុប ស្រាប់តែភ្លាមនោះមានរថយន្តដឹកទឹកមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ AT 17_3_0509 បើកបរដោយបុរសម្នាក់ ពុំស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីកើតទៅលិច បានបត់ស្តាំសង្ស័យជាន់ហ្រ្វាំងមិនស៊ី ទើបរថយន្តបង្កជ្រុលទៅបុកអ្នកជិះម៉ូតូពេញទំហឹង បណ្ដាលឲ្យកិនម៉ូតូចំពីលើពាក់កណ្តាលកង់ក្រោយទាំងកំរោល ។ ប៉ុន្តែសំណាងល្អម្ចាស់ម៉ូតូលោត ចុះពីលើម៉ូតូទាន់ ទើបមិនបង្កឲ្យមានគ្រោះថ្នាក់ ។
ក្រោយកើតហេតុអ្នកបើករថយន្តបង្ក បានរត់គេចខ្លួនបាត់ ដោយបន្សល់ទុករថយន្តនៅលើម៉ូតូ បន្ទាប់មកនគរបាលប៉ុស្តិស្ទឹងមានជ័យ៣ ក៏បានចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែង ។ ហើយមួយសន្ទុះក្រោយមកគេឃើញមានបុរសម្នាក់ ដែលជាភាគីខាងរថយន្តបង្ក បានចូលខ្លួនមកដោះស្រាយសងថ្លៃខូចខាត ដល់ម្ចាស់ម៉ូតូ ក៏បញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង ៕ស តារា