ខេត្តកំពង់ធំ៖ អាសូរស្ត្រីវ័យចំណាស់ម្នាក់បានដេកស្លាប់សង្ស័យខ្យល់គរ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលមួយនៅថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១១:០០នាទីព្រឹក នៅភូមិវាលល្ពាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។
មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្គ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឌុំ ផាត ភេទស្រី អាយុ ៦៣ឆ្នាំ នៅភូមិវាលល្ពាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។ ជនរងគ្រោះតែងតែផឹកស្រាស្រវឹងជាប្រចាំ ហើយមិនសូវគិតគូររឿងបាយទឹកនោះទេ ។
តាមការបំភ្លឺរបស់ឈ្មោះ ឃី ឃឿន ភេទប្រុស ២៩ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិ/ឃុំកើតហេតុខាងលើ (ត្រូវជាកូនបង្កើត)បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១២បុង២០នាទី ម្ដាយគាត់បានដើរទៅលេងផ្ទះគាត់ ហើយគាត់បានហៅហូបបាយ តែម្ដាយប្រាប់ថាហូបរួចហើយ តែគាត់ដឹងថាម្ដាយគាត់ស្រវឹងទៀតហើយ ។ លុះនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ម៉ោងប្រហែល ៦ព្រឹកម្ដាយគាត់បានឲ្យចៅប្រុស ទៅហៅគាត់ ហើយប្រាប់ថា គាត់មិនស្រួលខ្លួនទេ មកមើលគាត់ផង តែ(កូន)គាត់មិនបានមកមើលម្ដាយទេ ក៏ទៅធ្វើការបាត់ទៅ លុះដល់ម៉ោង ១១និង៣០នាទី មកពីធ្វើការវិញហូបបាយរួចស្រាប់តែឃើញបងប្អូនរត់មកផ្ទះម៉ែ ហើយស្រែកប្រាប់ថា ម៉ែស្លាប់បាត់ហើយ ។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងជំនាញស្រុក និងកម្លាំងប៉ុស្ដិ៍នគរបាលសាលាវិស័យ បានចុះដល់កន្លែងកើតហេតុរួចធ្វើកុសល្យវិច័យលើ សាកសពជនរងគ្រោះមិនឃើញមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ទើបសន្និដ្ឋានបានថា ជនរងគ្រោះពិតជាខ្យល់គរ បណ្តាលឲ្យគាំងបេះដូងស្លាប់ ពិតប្រាកដមែន រួចបានប្រគល់សាកសពជនរងគ្រោះឲ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី