ព័ត៌មានទាន់ហេតុការណ៍៖

តារាចម្រៀងល្បីៗនឹងចុះជួយក្មេងៗនៅលើភ្នំគិរីរម្យ

ចែករំលែក៖

ភ្នំពេញ៖ ក្រោមការរៀបចំផ្តួចផ្តើមឡើងដោយអង្គការ IKARE នោះនឹងមាន តារាចម្រៀងប្រុសស្រីល្បីឈ្មោះជាច្រើន ចូលរួមក្នុងកម្មវិធីជួបជុំសំណេះសំណាលសាកសួរសុខទុក្ខ និងរួមគ្នាធ្វើសកម្មភាពសង្គមមួយចំនួនទៀតជាមួយក្មេងៗ នៅសាលាដូងស្ថិតនៅលើភ្នំគិរីរម្យ ។ បួកគេក៏នឹងចូលរួមស្ម័គ្រចិត្ត និងបរិច្ចាកថវិការផ្ទាល់ខ្លួនពីសំណាក់សិល្បករដើម្បីសម្រួលទុកលំបាករបស់ក្មេងៗដែលរស់នៅតំបន់នោះ។
តារាចម្រៀងទាំងនោះ លោក ប៊ុត សីហា , លោក ដួង វីរៈសិទ្ធិ, កញ្ញា នាង គន្ធា, លោក នាង សុគន្ធ, លោក យឹម យន ជាដើម។ លោក ប៊ុត សីហាបានបញ្ជាក់លើគណនីយផ្ទាល់ខ្លួនដោយស្នើឲ្យមានការចូលរួមពីសំណាក់សប្បុរសជនដើម្បីជួយជាសម្ភារៈ អាហារ ជួយដល់កុមារដែលកំពុងសិក្សានៅតំបន់នោះ និងកំពុងប្រឈមនឹងការខ្វះខាត។ កម្មវិធីជួបជុំនេះក៏នឹងធ្វើការប្រមូលថវិកាដើម្បីទិញជាផ្ទាំងបន្ទះសូឡាសម្រាប់ផ្គត់ផ្គង់ចរន្តអគ្គីសនីនៅក្នុងសាលាផងដែរ។
អ្នកសម្របសម្រួលអង្គការ IKARE លោក សុខលីម បានបញ្ជាក់ថា អង្គការលោកបានសហការជាមួយសាលាដូងនៅលើខ្នងភ្នំគិរីរម្យ ដើម្បីរៀបចំកម្មវិធីជួយដល់សាលាមូយនេះដែលសិស្សានុសិស្សកំពុងជួបប្រទះបញ្ហាប្រឈមមួយចំនួន។
លោកថាសាលាដូងគឺជាសាលាដែលបង្កើតឡើងដោយការប្រមូលសម្រាមពិសេសដបទឹកដែលគេបោះចោលយកមរួមគ្នាធ្វើជាសាលាមួយឡើង ហើយសាលានេះបច្ចុប្បន្នមានសិស្សសរុប៦៨នាក់ដែលពួកគេជាក្មេងរបស់អ្នករស់នៅតំបន់នោះ ដែលទទួលបានការបណ្តុះបណ្តាលលើជំនាញកុំព្យូទ័រ ភាសាខ្មែរ គណិតវិទ្យា ភាសាអង់គ្លេសជាដើម ដែលសូម្បីតែគ្រូបង្រៀនក៏ជាគ្រូដែលស្ម័គ្រចិត្តចុះទៅបង្រៀនផងដែរ។
លោកថាដោយមើលឃើញពីទុក្ខសំបាកលើការខ្វះខាតច្រើនទើបអង្គការបង្កើតកម្មវិធីនេះឡើងដើម្បីជួយដល់ពួកគេ។ លោកបញ្ជាក់ដែរថា សិល្បករដែលចូលរួមនៅពេលនេះគឺមាន២ថ្ងៃដែលថ្ងៃទី១៩ខែឧសភានេះមានលោក ប៊ុត សីហា អ្នកនាង នាងគន្ធា និងលោក នាងប្រាក់ សុគន្ធនឹងចុះទៅជួបផ្ទាល់សួរសុខទុក្ខ ចែកអាហារ សម្ភារៈសិក្សា និងធ្វើសកម្មភាពសង្គមមួយចំនួនទៀតដូចជាការសម្អាតបរិស្ថាន និងការងារមួយចំនួនទៀត ហើយពួកគេក៏នឹងបង្ហើរសំនៀង ជូនដល់កុមារទាំងអស់បានស្តាប់កម្សាន្តផងដែរ។ សម្រាប់ថ្ងៃទី២គឺថ្ងៃទី ២០ ខែឧសភា លោក ដួង វីរៈសិទ្ធិ និងលោកយឹម យន នឹងបង្ហាញវត្តមានបន្តផងដែរ។
លោកថាក្រៅពីបង្ហាញវត្តមានសិល្បករទាំងអស់ក៏បានចំណាយថវិកាផ្ទាល់ខ្លួនជួយដល់សាលា និងក្មេងៗទាំងនោះផងដែរ ដែលនេះគឺជាទឹកចិត្តដ៏ល្អមិនអាចកាត់ថ្លៃបាន ហើយលោករំពឹងថានឹងមានសិល្បករជាច្រើនទៀតចូលរួមការងារសង្គមដូចគ្នាទៀតនៅពេលខាងមុខ៕  វឌ្ឍនា

ចែករំលែក៖