ខេត្តសៀមរាប៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានចាប់រថយន្តយីឌុបដឹកឈើល្មើស ច្បាប់មួយគ្រឿង ព្រមទាំងឃាត់ខ្លួនបានមនុស្សពីរនាក់ ប៉ុន្តែមានទីតាំងស្តុកឈើល្មើសច្បាប់រាប់ពាន់ម៉ែត្រគូបមួយកន្លែង នៅក្នុងក្រុងសៀមរាប បែរជាសមត្ថកិច្ចមិនហ៊ានចូលទៅបង្ក្រាប ប្រហែលខ្លាចអំណាចម្ចាស់សណ្ឋាគារផ្កាយ៥។
បើតាមលោកវរសេនីយ៍ឯក សឿន សេន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានប្រាប់ឲ្យដឹងថា ការបង្ក្រាបរថយន្តបទល្មើសខាងលើ នោះ គឺធ្វើឡើងនាព្រលឹមថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ត្រង់ចំណុចផ្សាររការកំបុត ស្រុកប្រាសាទបាគង ហើយ រថយន្តនេះដឹកឈើពីប៉ែកខាងលើ នៃស្រុកស្វាយលើ ឆ្លង កាត់ស្រុកសូទ្រនិគម ចូលមកចែកចាយ ក្នុងក្រុងសៀមរាប។
លោកបន្តថា ក្នុងករណីឃាត់បានរថយន្តខាងលើនោះ គឺបានឃាត់ខ្លួនមនុស្សចំនួន២នាក់ គឺ ទី១/ឈ្មោះ ម៉ៅ រតនា ប្រុសអាយយុ២៨ឆ្នាំ មុខរបរ បើកបរឡានដឹកឈើ មានស្រុកកំណើតនៅភូមិត្រគៀត ឃុំត្រពាំងត្រែងស្រុកមេសាង ខេត្តព្រៃវែង បើកបររថយន្តម៉ាក(ហ្វីសូ) FUSO ពណ៌ខៀវចាស់ ពាក់ស្លាកលេខ(ហ ០១៥៥ ភ្នំពេញ៣) និង ទី២/ឈ្មោះ ប៊ុន ហេង ប្រុសអាយុ២៩ឆ្នាំ មុខរបរព្រូឡាន មានទីលំនៅភូមិកំពង់អូរជ្រឹង ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ចំណែកម្ចាស់ឡាន ដឹក ឈើ បានបើកឡានមួយគ្រឿងផ្សេង ទៀតគេចខ្លួនបាត់ ដែលមិនអាចស្គាល់ឈ្មោះនោះឡើយ ។ លោកបានបញ្ជាក់ថា ចំណែកឈើប្រភេទលេខ២ ដែលបង្ក្រាបនោះ ក្នុងការប៉ាន់ស្មានថា មានចំនួនជាង ១០ ម៉ែត្រគូប ហើយ វត្ថុតាងទាំងអស់នោះ គឺប្រគល់់ឲ្យទៅរដ្ឋបាលព្រៃឈើជាអ្នកអនុវត្តបន្តទៅតាមនិតិវិធីច្បាប់ព្រៃឈើ។
លោកបញ្ជាក់ថា នៅតាមដងផ្លូវរាប់់ពីស្រុកស្វាយលើ មកដល់ក្រុងសៀមរាប មានប៉ុស្តិ៍សមត្ថកិច្ចច្រើនណាស់ តែរថយន្តដឹកបទល្មើសនេះអាចចូលមកក្នុងក្រុងបាន ដោយមិនមានទាក់ភ្នែកពួកសមត្ថកិច្ចទាំងនោះបន្តិចសោះ។
ជុំវិញករណីខាងលើនេះដែរ លោកម៉ុង ប៊ុនលិម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបបានប្រាប់តាមទូរស័ព្ទថា ឈើនិងឡាន ដែលសមត្ថកិច្ចឃាត់បានទាំងមនុស្ស២នាក់នោះ ត្រូវបាន ប្រគល់ឲ្យមន្ត្រីរដ្ឋបាលព្រៃឈើ យកមករក្សាទុកនៅរដ្ឋបាលព្រៃឈើឃុំ ព្រះ ដាក់ ស្រុកបន្ទាយស្រី ដើម្បីឲ្យម្ចាស់ចូលខ្លួនបង់ពិន័យជាអន្តរកាលរយ:ពេល៣០ថ្ងៃ ក្នុងករណីមិនចូល ខ្លួននឹងត្រូវបញ្ជូនទៅតុលាការ ។ ចំណែកមនុស្សពីនាក់់ដែលឃាត់ខ្លួន គឺធ្វើកំណត់ហេតុនិងសាក សួររកម្ចាស់ឈើពិត ហើយឲ្យពួកគេវិលទៅផ្ទះវិញ ។
គួរបញ្ជាក់ថា ជាមួយនិងការបង្ក្រាបឡានដឹកឈើខាងលើនេះ ក៏ធ្លាយព័ត៌មានថា មានសណ្ឋាគារលំដាប់ផ្កាយ៥មួយ ស្ថិតនៅភូមិខា្នរ សង្កាត់ជ្រាវ ក្នុងក្រុងសៀមរាប បានកំពុងសម្រុកទិញឈើល្មើសច្បាប់ពីគ្រប់ទិសទីយ៉ាងគំហុក។ព័ត៍មានបន្ថែមមថា សណ្ឋាគារមួយនេះ ក្នុងមួយថ្ងៃៗ ឡានដឹកឈើគ្រប់ម៉ាក ដឹកចូលទៅលក់មិនតិចជាង១០ឡាន។គេបានបញ្ជាក់ថា នៅក្នុងសណ្ឋាគារ ផ្កាយ៥ មួយនេះមានឈើស្តុកទុកមិនតិចជាង២០០០ម៉ែត្រគូប តែសមត្ថកិច្ចហាក់មិនហ៊ានទៅក្បែរសោះឡើយ ប្រហែលខ្លាចអំណាចម្ចាស់សណ្ឋាគារ ។
មន្ត្រីប៉ូលិសមួយរូបសុំមិនបញ្ចេញឈ្មោះ បានបង្ហើបប្រាប់អ្នកព័ត៌មានថា សណ្ឋាគារ៥នេះទោះមិនបញ្ជាក់ឈ្មោះ ក៏សមត្ថកិច្ចគ្រប់ស្ថាប័នស្គាល់ រួចទៅហើយ តែគ្មានអ្នកណាហ៊ានទៅក្បែរនោះទេ លើកលែងតែខាងក្រសួងទើបអាចចូលចុះ ។ នេះសបញ្ជាក់ឲ្យឃើញថា ឧក្រិដ្ឋជនព្រៃឈើគឺ អ្នកនៅក្បែរក្លៀកសោះ ដោយគ្មានសមត្ថកិច្ចហ៊ាន៕ ប៊ុន រិទ្ធី