ខេត្តព្រះសីហនុ៖ របងបេតុងមានប្រវែងបណ្តោយប្រមាណជា៣០០ម៉ែត្រ និងទទឹង១០០ម៉ែត្រជាប់ទៅ និងសមុទ្រហ៊ុំព័ទ្ធយកដីសួនច្បារសម្តេចហ៊ុន សែន នៅតាមបណ្តោយតិរវិថីសម្តេចហ៊ុន សែន ត្រង់ចំណុចជាប់ស្ពានថ្មព្រំប្រទល់ក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវស្ថិតក្នុងភូមិ០៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលអ្នកមើលកិច្ចការសាងសង់របងខាងលើបានអះអាងថាជាដីលោកជំទាវម្នាក់មានមុខងារធំនៅក្នុងជួរថ្នាក់ដឹកនាំលំដាប់ខ្ពស់នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២១៨កន្លងមកនេះ គណៈកម្មការ រដ្ឋបាលសាលាស្រុកស្ទឹងហាវ ដឹកនាំដោយលោកសុន ពិសី អភិបាលរងស្រុកស្ទឹងហាវ សហការណ៍ជាមួយលោកលី ចិត្តនិយម ប្រធានការិយាល័យអភិវឌ្ឍន៍ គ្រប់គ្រងសំណង់សាលាខេត្តព្រះសីហនុ បានចុះធ្វើកំណត់ហេតុបញ្ឈប់ការសាងសង់ និងឲ្យម្ចាស់សំណង់របងបេតុងខុសច្បាប់ខាងលើធ្វើការរុះរើដោយខ្លួនឯងចេញពីដីចំណីឆ្នេរសមុទ្រ ដែលជាទីតាំងដីសួនច្បារសម្តេចហ៊ុនសែន សម្រាប់ភ្ញៀវទេសចរណ៍ជាតិ.អន្តរជាតិមកលេងកម្សាន្ត ។
មន្ត្រីតូចតាចម្នាក់នៅក្នុងក្រុមការងារខាងលើបាននិយាយថានេះជាសកម្មភាពលើកទី០២ហើយ ដែលក្រុមការងាររដ្ឋបាលសាលាស្រុកស្ទឹងហាវ និងរដ្ឋបាលសាលាខេត្តបានចុះមកឃាត់ការសាងសង់សំណង់របងខុសច្បាប់លើទីតាំងខាងលើ ។ ប៉ុន្តែពេលចុះមកទាំង០២លើក ក្រុមការងាររកមុខម្ចាស់សំណង់ខាងលើមកធ្វើកិច្ចសន្យាទទួលខុសត្រូវ បញ្ឈប់សកម្មភាពសាងសង់មិនបាន មានតែកម្មករ ដែលទទួលការសាងសង់ប្តូរកម្លាំងយកថ្លៃឈ្នួលពលកម្មតែប៉ុណ្ណោះ ។ ពេលក្រុមការងារមកដល់ឃាត់ ក៏ឈប់ទៅពេលក្រុមការងារខាងលើវិលត្រឡប់ទៅវិញលួចសាងសង់បន្តរហូតមកដល់ពេលនេះសំណង់ខាងលើបានប្រមាណជា៨០%ទៅហើយ( ពាក្យចាស់ថា អង្ករ ចង់ក្លាយជាបាយទៅហើយ) ។
បញ្ហាដូចមន្ត្រីតូចតាចខាងលើលើកឡើងត្រូវបានប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ.អន្តរជាតិ ដែលបានឃើញសកម្មភាពអ្នកលួចសាងសង់របងបេតុង និងគណៈកម្មការ ដែលចុះមកបញ្ឈប់ការសាងសង់បានដាក់ការសង្ស័យថា ជាសកម្មភាព( ត្រូវដង.ត្រូវផ្លែជាមួយគ្នាតែប៉ុណ្ណោះ)ដោយហេតុថាការចុះមកអនុវត្តច្បាប់ស្តីពីសំណង់រឹងមាំលើដីចំណីឆ្នេររបស់រដ្ឋ ដែលដឹកនាំដោយលោកលី ចិត្តនិយម ប្រធានការិយាល័យខាងលើនៃការិតាល័យអន្តរវិស័យសាលាខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មការ ដែលដឹកនាំក្រុមការងារមកបញ្ឈប់ការសាងសង់របងបេតុងមិនមានប្រសិទ្ធភាពបន្តិចណាឡើយ ។
ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ.អន្តរជាតិបានសំណូមពរដល់លោកយន្ត មីន អភិបាលខេត្តព្រះសីហនុមេត្តាជួយអន្តរាគមន៍ និងមានចំណាត់ការថ្មីៗបន្ថែមទៀតទៅលើម្ចាស់សំណង់ខាងលើ និងមន្ត្រី ដែលចុះមកអនុវត្តច្បាប់ដើម្បីបានរុះរើសំណង់របងបេតុង ដែលហ៊ុំព័ទ្ធយកដីចំណីឆ្នេរចេញវិញ ដែលកន្លងមកដី ដែលស្ថិតក្នុងការហ៊ុំព័ទ្ធបានដាក់ឈ្មោះថា( សួនច្បារសម្តេចហ៊ុន សែន) ដែលជាកន្លែងបំរើឲ្យប្រយោជន៍សាធារណៈនាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត៕ ឆ្លាម សមុទ្រ