ភ្នំពេញ: បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តរេចង្កូតទៅបុកម៉ូតូមួយគ្រឿង ដែលបើកបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលអ្នកបើកបរម៉ូតូរងរបួសសន្លប់ស្តូកស្តឹងត្រូវបានប្រជាពលរដ្ឋនៅជិតខាងដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនក្បែរនោះ ។
ហេតុការណ៏នេះ បានកើតឡើងកាលពីម៉ោងជិត១១យប់ ថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខភោជនីយដ្ឋាន ចរណៃ ក្បែរនិងវត្តសំរោងអណ្តែត តាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ហើយរថយន្តបង្កព្យាយាមបន្តដំណើរបើករត់គេចខ្លួន តែក៏ត្រូវប្រជាពលរដ្ឋក៏ជាសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរគមន៍ បើកដេញតាមពីក្រោយរហូតដល់ទៅដល់ខាងមុខផ្ទះលេខ៣១ ផ្លូវ៥៣BT ក្បែរនិងវត្តសន្សំកុសល ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ទើបរថយន្តបង្កព្រមឈប់ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ជាមន្ត្រីយោធា បានបើកបរម៉ូតូមួយគ្រឿងម៉ាក យ៉ាម៉ាហាហ្វីនណូ ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ1AJ-1213 ដោយធ្វើដំណើរតាមបណ្តោយបេតុង ក្នុងទិសដៅពីកើតទៅលិច ខណះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Z-8923 ដែលបើកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រា បើកក្នុងទិសដៅបញ្ច្រាសទិសគ្នា បានរេចង្កូតទៅបុកម៉ូតូចំពីមុខពេញទំហឹងបណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសសន្លប់ស្តូកស្តឹងត្រូវបានប្រជាពលរដ្ឋនៅជិតខាងដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនក្បែរនោះ។
ភ្លាមៗនោះអ្នកបើករថយន្តមិនបានចុះមកដោះស្រាយគ្នានោះទេព្យាយាមបើកគេចខ្លួន ហើយក៏ត្រូវបានប្រជាពលរដ្ឋដែលឃើញហេតុរួមទាំងសមត្ថកិច្ចមូលដ្ឋានជិះម៉ូតូដេញតាមពីក្រោយ ដើម្បីស្ទាក់ឃាត់រថយន្តឲ្យម្ចាស់ចុះមកដោះស្រាយគ្នា តែរថយន្តមិនព្រមឈប់នោះទេ ថែមទាំងព្យាយាមបើកកៀរម៉ូតូរបស់សមត្ថកិច្ចមូលដ្ឋានថែមទៀតផងតែសំណាងល្អមិនដួល។ ចំណែករថយន្តនៅតែបន្តដំណើរទៅមុខទៀតរហូតដល់ទៅដល់ខាងមុខផ្ទះលេខ៣១ ផ្លូវ៥៣BT ក្បែរនិងវត្តសន្សំកុសល ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ទើបរថយន្តបង្កព្រមឈប់។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញក៏បានចុះមកដល់កន្លែងកើតហេតុហើយក៏មានសាច់ញាតិខាងម្ចាស់ម៉ូតូមកដល់កន្លែងកើតហេតុដែរ បន្ទាប់មកសមត្ថកិច្ចជំនាញក៏បានឲ្យភាគីម៉ូតូដោះស្រាយគ្នាជាមួយនិងភាគីខាងរថយន្តបង្ក ដោយភាគីខាងម៉ូតូរងគ្រោះមិនចង់មានរឿងវែងឆ្ងាយក៏បានទាមទារសំណងចំនួន២៥០ដុល្លារពីភាគីខាងរថយន្តបង្កហើយដោយភាគីខាងរថយន្តបង្កដឹកពីកំហុសខ្លួនក៏ព្រមចេញសំណងទៅឲ្យភាគីខាងម៉ូតូដើម្បីបញ្ចប់រឿង ៕ ជ្រោយពេជ្រ