ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ចកំពុងស្វែង រកម្តាយទារកម្នាក់ដែលបានសម្រាលកូនក្នុងបន្ទប់បង្គន់ហើយរួចរត់ចោលកូនបាត់កាលពីរសៀលថ្ងៃសៅរ៍ ៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងរោងចក្រ វីងស្ដាស៊ូ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ក្នុង ភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគង ពិសី គ្រាដែលរោងចក្រមួយនេះកំពុងរៀបចំកម្មវិធីចាប់រង្វាន់ជូនកម្មករកម្មការិនី។ មកដល់រសៀលថ្ងៃទី២១ ខែឧសភាទៅហើយសមត្ថកិច្ចនៅមិនទាន់រកឃើញម្តាយទារកនេះនៅឡើយទេ ។
ប្រភពពីកម្មកររោងចក្រខាងលើបាន ឲ្យដឹងថា ករណីម្តាយបង្កើតសម្រាលកូនចោលក្នុងបន្ទប់ទឹកជាប់បង្គន់ហើយគេចខ្លួន បាត់នេះត្រូវបានមន្ត្រីពាក់ព័ន្ធព្យាយាមលាក់បាំងមិនចង់ឱ្យបែកធ្លាយព័ត៌មាននេះចេញក្រៅនោះទេ ជាពិសេសបានព្យាយាមបិទបាំងព័ត៌មាននេះមិនឱ្យអ្នកសារព័ត៌មាន ដឹងឡើយ ដោយយកលេសថា ខ្លាចអ្នកកុម្មង់ទិញទំនិញពីរោងចក្រនេះផ្អាកការ បញ្ជាទិញ។ ម្យ៉ាងទៀតក៏ខ្លាចខាងអង្គការILOចុះមកស៊ើបអង្កេតករណីនេះពីបទមិនគោរពតាមច្បាប់ការងារត្រង់ថា ស្ត្រីគ្រប់ខែឆ្លងទន្លេទៅហើយរោងចក្រមិនអនុញ្ញាតឲ្យសម្រាកគ្រប់គ្រាន់មុនពេលសម្រាលកូនគឺជាការរំលោភលើសិទ្ធិស្រី្ត ។
ក្រុមកម្មករបានឲ្យដឹងទៀតថា មុនពេលមានការភ្ញាក់ផ្អើលពីករណីខាងលើគឺខាងរោងចក្រមានកម្មវិធីចាប់រង្វាន់ផ្ដល់ជូនកម្មករដែលបម្រើការងារនៅក្នុងរោងចក្រនេះ ហើយសភាពមនុស្សច្រើនអ៊ូអរមិនអាចដឹងថា អ្នកណាជាម្តាយទារកអភ័ព្វនេះឡើយ បានទៅសម្ងំក្នុងបន្ទប់បង្គន់កើតកូនតែឯងរួចគេចខ្លួនបាត់។ ពេលនេះទាំងនគរបាលមូលដ្ឋាននិងសមត្ថកិច្ចពាក់ព័ន្ធកំពុងស្វែងរកម្ដាយទារកខាងលើយ៉ាងសកម្ម ។
យ៉ាងណាសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវជាមួយខាងរដ្ឋបាលរោងចក្រតាម បញ្ជីឈ្មោះអ្នកពោះធំ និងបញ្ជីវត្តមានប្រចាំថ្ងៃខណៈទារកកម្សត់ត្រូវបានក្រុមគ្រូពេទ្យប្រចាំរោងចក្របញ្ជូនទៅកាន់មណ្ឌលសុខភាពត្រាំខ្នារដើម្បីសង្គ្រោះបន្ទាន់ដែលរហូតមកដល់ពេលនេះសុខភាពរបស់គេមាន សភាពធម្មតាមិនប៉ះពាល់ដល់អាយុជីវិតនោះទេ ៕ ប្រាថ្នា