ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូមកពីធ្វើការ បំណងទៅផ្ទះ តែបានជ្រុលទៅបុកជាមួយរថយន្តCRVមួយគ្រឿងដែលធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យខ្ទាតធ្លាក់ផ្លូវ ស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទួលស្លែ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពជនរងគ្រោះ មានឈ្មោះ កុយ ខា ភេទប្រុស អាយុ២៦ឆ្នាំ ជាជនជាតិខ្មែរ មានមុខរបរជាងសំណង់ ស្រុកកំណើតនៅភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល និងមានប្រពន្ធ ព្រមទាំងកូនស្រី អាយុជាងមួយខួបផងដែរ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញបុរសរងគ្រោះខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1N-0365 ដោយធ្វើដំណើរតែម្នាក់ឯង តាមបណ្ដោយផ្លូវជាតិលេខ៣ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនល្មម ខណះពេលនោះក៏មានរថយន្តមួយគ្រឿងម៉ាក CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2M-6497 ដែលបានធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា និងបានបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសរងគ្រោះខាងម៉ូតូខ្ទាតធ្លាក់ពីលើផ្លូវជាតិ ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្ដង ។ដោយឡែងរថយន្តនិងម៉ូតូបានរងការខូចខាតផ្នែកខាងមុខទាំងស្រុងដូចគ្នា ហើយម្ចាស់រថយន្ត ក៏បានចុះគេចខ្លួនបាត់ស្រមោលផងដែរ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានដល់ ហើយបានទាក់ទងទៅសាច់ញាតិជនរងគ្រោះភ្លាមៗ ដោយមានប្រពន្ធរបស់ជនរងគ្រោះមកដល់ផងដែរ និងបានប្រាប់សមត្ថកិច្ចថា ប្ដីគាត់ជាជាងសំណង់ ហើយជិះម៉ូតូមកពីធ្វើការដូចសព្វដង តែអកុសលមកជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់ចោលរូបគាត់ និងកូនស្រីទើបតែអាយុជាងមួយខួបបែបនេះ ។
បន្ទាប់មក សមត្ថកិច្ចជំនាញ បានធ្វើរបាយការណ៍ប្រគល់សពជនរងគ្រោះឲ្យដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ។ ចំណែករថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចវាស់វែង យកទៅរក្សាទុកនៅឯការិយាល័យ នៃស្នងការដ្ឋាននគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់នាពេលក្រោយ ៕ ភារ៉ា ដង្កោ