ខេត្តពោធិ៍សាត់៖ លោកលឹម សុក្រឹត អាយុ២៩ឆ្នាំ ជានាយសង្កាត់រដ្ឋបាលជលផលកណ្តៀង បានរងនូវបណ្តឹងពីលោកវរសេនីយ៍ត្រី ជិន ប៊ុនឡេង មន្ត្រីយោធានៅការិយាល័យទី២ នៃកងពលអន្តរាគមន៍លេខ១៤ ដែលលោកបានប្តឹងចូលព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ពីបទបានប្រមាថមើលងាយមន្ត្រីយោធាដែលកំពុងបំពេញការងារនៅបឹងទន្លេសាប ក្នុងខេត្តពោធិ៍សាត់ ។
ក្នុងពាក្យបណ្តឹងដែលលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តពោធិ៍សាត់ទទួលនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ លោកជិន ប៊ុនឡេង បានសរសេរថា កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១១យប់ លោកបានចុះពិនិត្យសភាពការណ៍នៅត្រង់ចំណុចឡូត៍លេខ៦ ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្តៀង ដោយមានកម្លាំងយោធាភូមិភាគ៥ចូលរួមផង ។ នៅពេលចុះដល់ចំណុចខាងលើ បានប្រទះឃើញកម្លាំងការពារឡូត៍ ហើយច្របាច់កែវ (ភ្លើងពិល) ពេលនោះលោកក៏បានដឹកនាំកម្លាំងចូលទៅ ក៏បានជួបជាមួយកម្លាំងការពារឡូត៍ ដែលមានកម្លាំងជំនាញរដ្ឋបាលជលផលកណ្តៀង ក្រោមការដឹកនាំរបស់ឈ្មោះ លឹម សុក្រឹត ។ ពេលចូលទៅដល់ ដើម្បីពិនិត្យក្រែងមានក្រុមអ្នកប្រព្រឹត្តល្មើស ពេលនោះ ស្រាប់តែឈ្មោះ លឹម សុក្រឹត ស្លៀកពាក់ស៊ីវិលបោះពាក្យសម្តីគំរាមថា «ខ្ញុំមកកន្លែងនេះដើម្បីឡុកឡាក់គេ» ហើយបាននិយាយថា មិនដឹងជាអង្គភាពខាងណាច្បាស់លាស់ទេ ដូច្នេះសុំត្រួតពិនិត្យបេសកកម្ម ។ ប៉ុន្តែពេលនោះ ខ្ញុំ(ជិន ប៊ុនឡេង) មិនបង្ហាញលិខិតបេសកកម្មនោះទេ ទាល់តែមានអង្គភាពអាវុធហត្ថចូលរួម ទើបខ្ញុំបង្ហាញលិខិតបេសកកម្ម ។ ពេលនោះលោក លឹម សុក្រឹត បាននិយាយថា មិនបាច់មានកម្លាំងអាវុធហត្ថអ្វីទេ ព្រោះទីនេះជាតំបន់ខ្ញុំការពារ ។
បណ្តឹងរបស់លោក ជិន ប៊ុនឡេង បានសរសេរទៀតថា ដោយមិនចង់មានបញ្ហា លោកក៏បើកកាណូតចេញទៅកន្លែងស្នាក់ការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដែលប្រចាំការនៅស្នាក់ការរាំងទិល ។ មុនពេលចេញពីកន្លែងដែលឈ្មោះ លឹម សុក្រឹត សុំឆែកមើលលិខិតបេសកកម្មនោះ លោកបានប្រាប់ទៅឈ្មោះ លឹម សុក្រឹត ថា បើចង់មើលលិខិតបេសកកម្ម ទៅស្នាក់ការអាវុធហត្ថប្រចាំការនៅឡូត៍លេខ៦ទៅ ។
លោកបានបន្ថែមថា មុនពេលលោកចុះទៅពិនិត្យមើលស្ថានការណ៍បទល្មើសជាទូទៅនៅតំបន់បឹងទន្លេសាបនោះ លោកបានបញ្ជូនលិខិតបេសកកម្មទៅដល់គ្រប់ស្នាក់ការទាំងអស់នៃខណ្ឌជលផល របស់មន្ទីរកសិកម្មខេត្តពោធិ៍សាត់រួចអស់ហើយ ។ ដូច្នេះ ការដែលមន្ត្រីជលផលថ្នាក់ក្រោម សុំឆែកមើលបេសកកម្មរបស់លោកនោះ វាមិនត្រឹមត្រូវទេ ។ បើតាមលោកយល់ វត្តមានរបស់លោកចូលទៅក្នុងដែនអភិរក្សឡូត៍លេខ៦ ក្រោមដែនសមត្ថកិច្ចរបស់លោកលឹម សុក្រឹត នោះ លោកលឹម សុក្រឹត ភ័យខ្លាចវត្តមានមន្ត្រីយោធាទៅបំបែកឆ្នាំងបាយរបស់ខ្លួន ។
លោកជិន ប៊ុនឡេង បានសរសេរថា «ក្នុងរឿងនេះ ខ្ញុំបាទ សុំប្តឹងឈ្មោះ ក្រឹត ដែលបានប្រមាថ និងមើលងាយដល់កម្លាំងយោធា ដែលបានចុះទៅបំពេញបេសកកម្ម មានលិខិតស្នាមត្រឹមត្រូវ» ។
មន្ត្រីសាលាដំបូងខេត្តពោធិ៍សាត់មួយរូបនិយាយថា គេបានទទួលពាក្យបណ្តឹងលោកជិន ប៊ុនឡេង រួចហើយនៅថ្ងៃទី២២ ខែឧសភា ហើយនឹងរៀបចំចាត់ការតាមនីតិវិធី ។
លោកលឹម សុក្រឹត នាយសង្កាត់រដ្ឋបាលជលផលកណ្តៀងខេត្តពោធិ៍សាត់ ទើបតែចូលកាន់តំណែងថ្មីៗ បានធ្វើឲ្យមានភាពល្បីល្បាញយ៉ាងខ្លាំងពាក់ព័ន្ធនឹងការឃុបឃិតជាមួយឈ្មួញ អនុញ្ញាតឲ្យមានបទល្មើសនេសាទគគ្រឹកគគ្រេងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសនៅតំបន់ឡូត៍អភិរក្សលេខ៦ ។ មន្ត្រីថ្នាក់លើរបស់ខ្លួន ពោលគឺមន្ទីរកសិកម្មខេត្តពោធិ៍សាត់ រួមទាំងអាជ្ញាធរខេត្តនេះផង បានដឹងឮពីភាពល្បីល្បាញនៃអំពើពុករលួយរបស់មន្ត្រីវ័យក្មេងលឹម សុក្រឹត នេះដែរ ប៉ុន្តែគ្មានចំណាត់ការទល់តែសោះ ។
លោកលឹម សុក្រឹត មិនឆ្លើយតបជាមួយភ្នាក់ងារកាសែតនគរវត្តជុំវិញបញ្ហាបណ្តឹងនេះទេ ៕ ប៉ឹម ពិន