ព័ត៌មានទាន់ហេតុការណ៍៖

ព្រូដិនសល ផ្ដល់អាហារូបករណ៍ចំនួន១០សម្រាប់កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈតន្ត្រី The Sound Initiative

ចែករំលែក៖

ភ្នំពេញ៖ បេក្ខជន១០រូបនៅវគ្គផ្តាច់ព្រ័ត្រ នឹងទទួលបានអាហាររូបករណ៍ ដែលឧបត្ថម្ភដោយក្រុមហ៊ុនព្រូដិនសលកម្ពុជាដោយឆ្លងកាត់ការជម្រុះពី បេក្ខជនដែលបានដាក់ពាក្យ ចូលរួម ប្រកួតចំនួនជាង១០០នាក់ នៅក្នុងកម្មវិធីតន្ត្រីដែលមានឈ្មោះថាMusic Academy ដែលធ្វើឡើងជាលើកដំបូងដោយអង្គការក្រៅរដ្ឋាភិបាលផ្នែកសិល្បៈក្នុងស្រុកមួយឈ្មោះថា ឌឺសោន អ៊ីនីឈីទីវ (The Sound Initiative) ហៅកាត់ថាTSI។ ការប្រកាសនេះធ្វើឡើងកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ។

កម្មវិធីតន្ត្រី(Music Academy) របស់អង្គការ The Sound Initiative ដែលនឹងចាប់ផ្តើមដំណើរការនៅ ខែកក្កដា ក្នុងឆ្នាំនេះ ក្នុងរាជធានីភ្នំពេញ នឹងផ្ដល់ការបង្ហាត់បង្រៀនជាលក្ខណៈមួយទល់ នឹងមួយជាមួយគ្រូបង្វឹកតាមរយៈការសិក្សាទ្រឹស្តីតន្ត្រីផងនិងអនុវត្តជាក់ស្តែងផង។ ហើយកម្មវិធីនេះក៏នឹង ប្រើប្រាស់វិធីអនុវត្ត ដ៏ល្អបំផុតដែលមាននៅក្នុង ការបង្ហាត់បង្រៀនតន្ត្រី ដើម្បីអភិវឌ្ឍការយល់ដឹងអោយ ទូលំទូលាយ អំពីសមត្ថភាពប្រកួតប្រជែង និង បទដ្ឋានវិជ្ជាជីវៈដែលគេរំពឹងទុកនៅក្នុង ព្រះរាជាណាចក្រកម្ពុជា និងនៅជុំវិញពិភពលោក។

បេក្ខជនជម្រុះចំនួន២០រូបត្រូវតែឆ្លងកាត់វគ្គបញ្ចេញសមត្ថភាពមួយនៅនឹង មុខគណៈកម្មការវគ្គ ហ្វឹកហាត់រយៈពេលមួយខែការវាយតម្លៃទេពកោសល្យនិង បទសម្ភាសពីក្រុមគណៈកម្មការមុននឹង ជម្រុះយកបេក្ខជន១០រូបសម្រាប់ទទួលបានអាហារូបករណ៍រយៈពេលមួយឆ្នាំ។ នេះបើយោងតាមការ ពន្យល់បង្ហាញ របស់ លោកស្រី ឡោរ៉ា បេកកើ (Laura Baker) នាយកគ្រប់គ្រងរបស់អង្គការ The Sound Initiative នៃកម្មវិធីតន្រ្តី Music Academy ។

“ពួកយើងមានបំណងធ្វើការជាមួយបុគ្គលដែលត្រៀមខ្លួនរួចរាល់ ដើម្បីចូលរួមក្នុងដំណើរដ៏វែងឆ្ងាយនេះ។ ពួកយើងកំពុងដាក់បញ្ចូលគ្នានូវកម្មវិធីមួយ ដើម្បីលើកទឹកចិត្តដល់ការសហការផ្នែកតន្ត្រី ក៏ដូចជា ផ្តល់ដល់តន្ត្រីករវ័យក្មេងនូវជំនាញ ចំណេះដឹង និងបទពិសោធន៏ ហើយជាពិសេសនោះគឺ បង្កើតការងារប្រកបដោយនិរន្តរភាព នៅក្នុងឧស្សាហកម្មនេះ។”

មនុស្សនិងអ្នកប្រកបអាជីវកម្មនានានៅក្នុងវិស័យតន្រ្តីរបស់ប្រទេសកម្ពុជាកំពុងតែសហការនិង សម្របសម្រួលកាន់តែច្រើនជាងមុនជាមួយនឹងម្ចាស់ភាគហ៊ុនក្នុងវិស័យតន្រ្តីដើម្បីធានាថាសមត្ថភាពនិងភាពប្រកួតប្រជែង ត្រូវបានអភិវឌ្ឍនិងគាំទ្រ។ កត្តានេះបានជំរុញឱ្យតារាកម្ពុជាលំដាប់ជួរមុខដូចជា ក្រុមក្មេងខ្មែរ និង កញ្ញា Laura Mam បានផ្ដល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គការ TSI ។

កញ្ញា Laura Mam ដែលជាឯកអគ្គរដ្ឋទូតប្រចាំអង្គារ TSI បានលើកឡើងថា “នៅក្នុងឧស្សាហកម្ម ដែលមានភាពស្មុគស្មាញមានការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សនិង ប្រកបដោយភាព ប្រកួតប្រជែងនេះ ការប្រមូលព័ត៌មាននិងបណ្តាញទំនាក់ទំនងតាមរយៈការរៀនសូត្រអាចជាកត្តារុញច្រានឆ្ពោះទៅរកភាពជោគជ័យ។វិធីសាស្ត្របែបបុរាណដើម្បីប្រឡូកក្នុងវិស័យតន្ត្រីហាក់ដូចជាលែងមានប្រសិទ្ធភាពហើយដោយអ្នកចម្រៀង និងអ្នកនិពន្ធបទចម្រៀងវ័យក្មេងក្នុងប្រទេសកម្ពុជា កំពុងតែទទួលបានការចាប់អារម្មណ៍ពី សំណាក់អ្នកគាំទ្រផ្នែកតន្ត្រីផលិតកម្ម និង ការសម្ដែងលើឆាកប្រគុំតន្រ្តី មុនពេលដាក់ចេញបទចម្រៀង ជាផ្លូវការទៅទៀត។

ប្រធានផ្នែក ទំនាក់ទំនងទីផ្សារនិងម៉ាកយីហោ ក្រុមហ៊ុនព្រូដិនសលកម្ពុជា លោកស្រី បូ ផាន់នី បានថ្លែងថា ការផ្ដោតលើការហ្វឹកហាត់និងការសិក្សារបស់អង្គការ TSI ពិតជាត្រូវគ្នាខ្លាំងជាមួយនឹងការគាំទ្រទៅលើ កម្មវិធីអប់រំនៅពាសពេញផ្ទៃប្រទេសរបស់ព្រូដិនសលកម្ពុជា ។“ក្រុមហ៊ុនព្រូដិនសលកម្ពុជា មានសេចក្តីសោមនស្សរីករាយ ក្នុងការគាំទ្រគំនិតផ្តួចផ្តើម ដ៏ពិសេសនិងដ៏គួរឱ្យចាប់អារម្មណ៍នេះ ដែលមានគោលបំណងលើកកម្ពស់ ការអប់រំចម្រុះនិងការយល់ដឹងពីតន្រី្ត ដែលជាវិស័យអាជីវកម្មកំពុងរីកលូតលាស់ នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេស។

ក្រុមហ៊ុនព្រូដិនសលកម្ពុជា យើងខ្ញុំផ្ដល់តម្លៃដ៏ធំធេងទៅលើសេចក្ដីស្រឡាញ់ និងកិច្ចខិតខំប្រឹងប្រែងរបស់ឪពុកម្តាយ ដោយធានាថាកូនៗរបស់ពួកគេ ទទួលបានការអប់រំល្អ។ យើងបាននឹងកំពុងធ្វើការនៅតាមសហគមន៍ ជាមួយដៃគូផ្សេងៗគ្នា ដើម្បីវិនិយោគលើគំនិតផ្តួចផ្តើមលើការអប់រំដ៏សំខាន់ៗមួយចំនួន ដែលរួមមានអង្គការដៃគូដូចជា ឌឺសោនអ៊ីនីឈីទីវ (The Sound Initiative) ដែលយើងចែករំលែកគោលដៅដ៏ធំមហិមា និងទឹកចិត្តរបស់ពួកយើង ក្នុងការគាំទ្រដល់តន្រ្តីករនិងផលិតករខ្មែរ ដើម្បីអោយពួកគេសម្រេចបាននូវក្ដីស្រមៃរបស់ពួកគេ។ យើងកំពុងទទូចរង់ចាំមើល ការអភិវឌ្ឍន៍ខ្លួនរបស់សិស្សានុសិស្ស ដែលចូលរួមក្នុងកម្មវិធីនេះ ហើយយើងក៏ទន្ទឹងរង់ចាំ ស្ដាប់តន្ត្រីដ៏ពិរោះៗ ដែលពួកគេនឹងផលិតបានទៅថ្ងៃអនាគត។”

អង្គការ ឌឺសោនអ៊ីនីឈីទីវ (The Sound Initiative) កំពុងធ្វើការជាមួយសិល្បករថ្មីៗ ដែលមានចំណាប់អារម្មណ៍ក្នុងការចូលរួមលើគ្រប់ទម្រង់នៃភាពច្នៃប្រឌិត ទាំងអ្នកចម្រៀងទាំងអ្នកនិពន្ធបទចម្រៀង និងផលិតករផងដែរ។ ជាមួយនឹងការឧបត្ថម្ភពីកម្មវិធី Ableton Live ដែលជាកម្មវិធីសម្រាប់ការបង្កើតនិងថតចម្លងបទចម្រៀង អង្គការ ឌឺសោនអ៊ីនីឈីទីវ (The Sound Initiative) ក៏កំពុងផ្តល់ជូននូវឧបករណ៍ដែលមានគុណភាពសម្រាប់ផលិតកម្មតន្ត្រីផងដែរ។វិធីសាស្រ្តបណ្តុះបណ្តាលវិជ្ជាជីវៈដែលអាចយកមកប្រើប្រាស់ជាក់ស្តែងនេះ មានន័យថា នៅក្នុងកម្មវិធីទាំងមូល អ្នកចូលរួមនឹងត្រូវធ្វើការតែម្នាក់ឯងនិងជាក្រុម ដើម្បីសម្រេចឱ្យបាននូវលទ្ធផលដ៏ខ្ពស់បំផុតមួយ គឺការបង្ហាញស្នាដៃសិល្បៈរបស់ពួកគេ ជាសាធារណៈតែម្តង៕ វឌ្ឍនា

 


ចែករំលែក៖