ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីហ្វុីលីពីនប្រកាសធ្វើសង្គ្រាមជាមួយចិនប្រសិនបើឆ្លងផុតបន្ទាត់ក្រហម

ចែករំលែក៖

ប្រធានាធិបតីហ្វុីលីពីន លោក រ៉ូឌ្រីហ្គោ ឌុយទែរតេ បានប្រកាសថា នឹងមានសង្គ្រាមជាមួយចិនប្រសិនបើចិនដើរហួសបន្ទាត់ក្រហម ហើយប្រកាសពីសិទ្ធិគ្រប់គ្រងលើធនធានធម្មជាតិនៅតំបន់សមុទ្រចិនភាគខាងត្បូងដែលកំពុងតែមានវិវាទ។

ក្រសួងការបរទេសហ្វុីលីពីន កាលពីថ្ងៃ ទី២៨ ខែឧសភាបានប្រកាសថា រដ្ឋមន្រ្តី ការបរទេស លោក Alan Peter Cayetano បញ្ជាក់ថា ចិនកំពុងតែស្វែងរកវិធីសាស្ត្រ ខួងយកប្រេងនៅសមុទ្រចិនភាគខាងត្បូង ដែលជាសកម្មភាពធ្វើឲ្យហ្វុីលីពីនមិនអាចទទួលយកបានឡើយ។

ក្រសួងការបរទេសហ្វុីលីពីនបានប្រកាស ឲ្យដឹងថា ហ្វុីលីពីនបានព្រមានចិន ពី បន្ទាត់ក្រហម ឬក៏សកម្មភាព ដែលទីក្រុងម៉ានីលមិនអាចទទួលយកបានអំពីករណីនៅសមុទ្រចិនភាគខាងត្បូង ក្នុងនោះមានទាំងសកម្មភាពកសាងកោះសិប្បនិមិត្តនៅប្រជុំកោះលិចទឹក Scarborough ផងដែរ។

លោក Alan Peter Cayetano បញ្ជាក់ទៀតថា យើងមានការពិភាក្សាជា មួយភាគីចិន លើបញ្ហាខួងយករ៉ែធម្មជាតិដោយឯកតោភាគី នៅសមុទ្រចិនភាគខាង ត្បូង។ រដ្ឋមន្ត្រីការបរទេសហ្វុីលីពីនបញ្ជាក់ ថា «គ្មានអ្នកណាមានសិទ្ធិខួងយកប្រេងនៅតំបន់សមុទ្រដែលកំពុងមានវិវាទនោះឡើយ។ ប្រធានាធិបតី ឌុយទែរតេ បញ្ជាក់ ថា បើអ្នកណាម្នាក់ខួងយកធនធានធម្ម ជាតិនៅទីនោះ លោកនឹងធ្វើសង្គ្រាម ហើយ»។

ការប្រកាសយ៉ាងតឹងតែងខាងលើ របស់ហ្វុីលីពីន កើតឡើងក្នុងពេលដែល ប្រធានាធិបតី ឌុយទែរតេ ត្រូវក្រុមប្រឆាំងរិះគន់ពីការមិនលើកឡើងនូវសកម្មភាព គំរាមកំហែងពីចិនក្នុងនោះមានទាំងការ ខួងយកធនធានធម្មជាតិផងដែរ។

នេះជាលើកទីមួយហើយដែលប្រធា នាធិបតីហ្វុីលីពីន ប្រកាសប្រឆាំងចិន ចាប់តាំងពីលោកឡើងកាន់តំណែង ឲប្រធានាធិបតីនៅខែឧសភាឆ្នាំ២០១៥មក។ លោកបានប្រកាសអនុវត្តគោលនយោ បាយមិនងាកទៅរកអាមេរិក ដែលជា សម្ពន្ធមិត្តប្រវត្តិសាស្ត្ររបស់ខ្លួន ដោយលោកបង្កើនទំនាក់ទំនងជិតស្និទ្ធជាមួយចិន ជំរុញវិស័យពាណិជ្ជកម្មទ្វេភាគី ជា មួយប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីរលើពិភពលោក។

ពាក់ព័ន្ធនឹងស្ថានភាពសមុទ្រចិនភាគខាងត្បូងនោះដែរ កន្លងមកថ្មីៗប្រទេស វៀតណាម និងហ្វុីលីពីនបានសម្តែងក្តី បារម្ភចំពោះវត្តមានយន្តហោះទម្លាក់គ្រាប់បែកចិនដែលបានចុះចត និងហោះឡើងចេញពីកោះមួយដែលចិនបានសាងសង់ ក្នុងសមុទ្រចិនខាងត្បូង។ ក្រសួងការ បរទេសហ្វុីលីពីនបានចាត់វិធានការទូត មួយចំនួន ហើយអាមេរិកក៏បានបញ្ជូននាវាចម្បាំងជាច្រើនគ្រឿងទៅកាន់ទីនោះដែរ។ ចំណែកក្រសួងការបរទេសចិនបានអំពាវនាវដល់គ្រប់ប្រទេសកុំឲ្យលូកដៃចូលជ្រៀត ជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និង ថា អ្វីដែលចិនបានធ្វើនេះជាលំហាត់យោធាប្រចាំថ្ងៃនៅក្នុងតំបន់។

តាមព័ត៌មានប្រកាសដោយកងទ័ពចិន យន្តហោះទម្លាក់គ្រាប់បែកប្រភេទ H-6K បានចុះចត និងហោះឡើងពីព្រលានដែលចិនបានសាងសង់លើកោះក្នុងសមុទ្រចិនខាងត្បូង និងថា ការចុះចត ឬការហោះ ឡើងរបស់យន្តហោះចម្បាំងចិនបានធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃការហ្វឹកហាត់ ដែលបានចាប់ផ្តើមក្នុងសប្តាហ៍កន្លងទៅ។ ព័ត៌មានមួយនេះត្រូវបានរដ្ឋាភិបាលហ្វុីលីពីនបដិសេធមិនបញ្ជាក់ តែអ្នកនាំពាក្យ ប្រធានាធិបតីបានអះអាងពីការទទួលយកព័ត៌មានជាសាធារណៈមួយនេះ ហើយ បានសម្តែងក្តីបារម្ភជាថ្មីចំពោះផលវិបាកដែលអាចជះឥទ្ធិពលលើកិច្ចខិតខំប្រឹង ប្រែងដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅ ក្នុងតំបន់។

ចំណែកអ្នកនាំពាក្យក្រសួងការបរទេសហ្វុីលីពីនបានប្រាប់ឲ្យដឹងពីវិធានការផ្លូវ ទូតមួយចំនួន តែមិនបានលម្អិតអ្វីបន្ថែម ទេ។ ទន្ទឹមនឹងប្រតិកម្មរបស់ហ្វុីលីពីន អាមេរិកក៏បានបញ្ជូននាវាចម្បាំងជាច្រើនគ្រឿងទៅកាន់សមុទ្រចិនខាងត្បូងដែរ។ ទង្វើរបៀបនេះរបស់អាមេរិកត្រូវបានអ្នកនាំពាក្យក្រសួងការបរទេសចិនលោក លូ កង បញ្ចេញប្រតិកម្មខ្លាំងៗដោយអំពាវនាវដល់គ្រប់ប្រទេសទាំងអស់កុំឲ្យលូក ដៃចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន។ លោក លូ កង បានបន្ថែមថា កោះ ក្នុងសមុទ្រចិនខាងត្បូងជាផ្នែកនៃទឹកដី របស់ចិន និងថា ទង្វើរបស់ចិននៅទីនោះជាលំហាត់សឹកធម្មតាដែលគេមិនគួរធ្វើការ បកស្រាយផ្តេសផ្តាសឡើយ។

គួររម្លឹកថា ចំពេលដែលចិនបន្តទាមទារផ្តាច់មុខលើកោះទាំងអស់នៅក្នុងសមុទ្រ ចិនខាងត្បូង ក្រុមប្រទេសផ្សេងក្នុងតំបន់មានហ្វុីលីពីន ប្រ៊ុយណេ តៃវ៉ាន់ ម៉ាឡេស៊ី និងវៀតណាមក៏កំពុងបន្តចេញមុខទាមទារ យកចំណែករបស់ខ្លួនដែរ។ តាមក្រុមអ្នក ជំនាញ កោះដែលយន្តហោះចម្បាំងចិន ចុះចត ហោះឡើងមានឈ្មោះ Woody ដែលជាកោះដ៏ធំជាងគេនៃទីប្រជុំកោះ Spratley’s។ ចំណែកយន្តហោះចម្បាំង ប្រភេទ H-6K ត្រូវបានគេចាត់ជាប្រភេទយន្តហោះដ៏ទំនើបដែលអាចហោះបាន ចម្ងាយ ៣.៥០០គីឡូម៉ែត្រ ពោលគឺអាច ទៅដល់ប្រទេសអូស្រា្តលី និងកោះ Guam របស់អាមេរិក៕ ម៉ែវ សាធី


ចែករំលែក៖