ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​ចាប់ខ្លួន​បានហើយកូន​ចិត្តតិរច្ឆាន ចាក់​សម្លាប់​ឪពុក​ខ្លួនឯង​ ស្លាប់​ នៅ​ស្រុក​ស្វាយ​លើ​

ចែករំលែក៖

ខេត្ត​សៀមរាប​ ៖​ កូនប្រុស​ចិត្ត​តិ​ច្ឆា​ន​ដែល​ចាក់​សម្លាប់​ឪពុក​ខ្លួនឯង​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​សហាវ​ឃោ​ឃៅ​នោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តសៀមរាប​សហការ​ជាមួយ​នគរបាល​ក្រសួងមហាផ្ទៃ​ និង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ ស្រាវជ្រាវ​រហូត​ឈាន​ដល់​ឃាត់ខ្លួន​ នៅ​រសៀល​ថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨​ នៅ​ខេត្ត​ព្រះ​សីហ​នុ ​។​

លោក​ឧត្តមសេនីយ៍ត្រី​ ភឹង​ ច​ន្តា​រ៉េ​ត​ ស្នងការ​រង​ នគរបាល​ខេត្ត​ទទួល​បន្ទុក​កណ្តាល​ព្រហ្មទណ្ឌ​ ខេត្តសៀមរាប​ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨​ថា​ កម្លាំង​នគរបាល​ខេត្តសៀមរាប​សហការ​ជាមួយ​នគរបាល​ក្រសួងមហាផ្ទៃ ​និង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ បាន​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​កូនប្រុស​ដែល​ចាក់​សម្លាប់​ ឪពុក​ខ្លួនឯង​កាលពី​ថ្ងៃ​ទី​២៥​ ខែឧសភា​ នៅ​ភូមិ​ចាន់​ហៀរ​ ឃុំ​បឹង​មាលា​ ស្រុក​ស្វាយ​លើ​ ខេត្តសៀមរាប​។​

​លោក​បន្ត​ថា​លោក​កំពុង​ធ្វើ​ដំណើរ​ទៅ​យក​ជនសង្ស័យ​ដែល​ចាក់​សម្លាប់​ឪពុក​ខ្លូ​ន​ឯង​ ដែល​កម្លាំង​នគរបាល​សហការ​គ្នា​ចាប់​បាន​នៅ​ខេត្ត​ព្រះ​សីហ​នុ​ ខណៈ​ជនសង្ស័យ​កំពុង​លាក់ខ្លួន​ធ្វើការ​សំណង់​។​

​សូម​រម្លឹក​ថាៈ​ ជន​រង​គ្រោះ​ឈ្មោះ​ សុខ​ ប៉ក់​ ភេទ​ប្រុស​ អាយុ​៥៩​ឆ្នាំ​ មុខរបរ​កសិករ​នៅ​ភូមិ​ចាន់​ហៀរ​ ឃុំ​បឹង​មាលា​ ស្រុក​ស្វាយ​លើ​ ខេត្តសៀមរាប​ បង្ក​ឡើង​ដោយ​ជនសង្ស័យ​ជា​កូនបង្កើត​ ឈ្មោះ​ ប៉ក់​ ផា​ន់​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ មុខរបរ​កសិករ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​។​

​កាលពី​នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០១៨​ ជន​រង​គ្រោះ​មាន​ជម្លោះ​ពាក្យ​សំដី​ជាមួយ​ជនសង្ស័យ​អំពី​រឿង​ជនសង្ស័យ​មិន​ជួយ​ធ្វើ​ការងារ​ផ្ទះ​ដើរ​តែ​ផឹក​ពេល​ចូល​ផ្ទះ​ម្តងៗ​សុំ​តែ​លុយ​ក៏​កើតរឿង​ឈ្លោះ​គ្នា​ជនសង្ស័យ​ដើរ​ចេញពីផ្ទះ​បាត់​លុះដល់​ល្ងាច​ថ្ងៃ​ដដែល​ជនសង្ស័យ​បាន​ត្រឡប់​ចូល​ផ្ទះ​វិញ​ដោយ​មាន​សភាព​ស្រវឹង​ពេល​នោះ​ជនសង្ស័យ ​និង​ជន​រង​គ្រោះ​ក៏​មានការ​ឈ្លោះប្រកែក​គ្នា​បន្ត​ទៀត​ ដោយ​ជន​រង​គ្រោះ​និយាយ​ដដែលៗ​អំពី​រឿង​ជនសង្ស័យ​ដើរ​ផឹក​ទើប​ជនសង្ស័យ​ខឹង​ក៏​បាន​យក​កាំបិត​ផ្លែ​ដែក​ដង​ឈើ​ចាក់​មក​លើ​ជន​រង​គ្រោះ​ត្រូវ​ចំ​គល់​ដោះ​ខាងស្តាំ​បណ្តាល​ឲ្យ​ស្លាប់​តែ​ម្តង​។​

​តាម​ការ​បំភ្លឺ​ពី​ឈ្មោះ​ សួន​ លាំ​ អាយុ​៥៧​ឆ្នាំ​ ជា​ប្រពន្ធ​ជន​រង​គ្រោះ ​និង​ជា​ម្តាយ​ជនសង្ស័យ​បាន​បំភ្លឺ​ទាំង​មិន​អស់​សេចក្តី​ថា​ប្តី​របស់​គាត់ ​និង​កូន​ពិតជា​មាន​ជម្លោះ ​និង​គ្នា​មែន​អំពី​រឿង​កូន​ដើរ​ផឹក ​និង​កូនសុំ​លុយ​ទៅ​ធ្វើ​ប៉ាស់​ស្ព័​រ​ទៅ​ប្រទេស​ថៃ​ប៉ុន្តែ​ប្តី​របស់​គាត់​មិន​ឲ្យ​លុយ​ទើប​ទាស់​គ្នា​នៅ​ពេល​កើតហេតុ​នេះ​គាត់​កំពុង​ដាំបាយ​នៅ​ក្នុងផ្ទះ​លឺ​សំលេង​កូន ​និង​ប្តី​ទាស់​គ្នា​នៅ​ខាងលិច​ផ្ទះ​មួយសន្ទុះ​ក្រោយមក​ឃើញ​ប្តី​ដេក​ដួល​ក្រោយ​ផ្ទះ​ដោយ​មាន​ឈាម​ប្រឡាក់​ពេញ​ខ្លួន​ចំណែក​កូន​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​មិនដឹង​មូលហេតុ​ ទើប​គាត់​ស្រែក​ប្រាប់​គេ​ឲ្យ​ជួយ​ប៉ុន្តែ​ប្តី​បាន​ស្លាប់​បាត់​ហើយ​។​

តាម​ការ​បំភ្លឺ​ពី​ឈ្មោះ​ហ៊ា​ង​ ធឿ​ន​ អាយុ​១០​ឆ្នាំ​ ត្រូវជា​ចៅ​ជន​រង​គ្រោះ​ស្នាក់​នៅផ្ទះ​ជាមួយ​បាន​បំភ្លឺ​ថា​ រូបគេ​ត្រូវ​បាន​យាយ​(​សួន​ លាំ​)​ប្រើ​ដាំបាយ​នៅ​ក្បែរ​ផ្ទះ​ចំណែក​តា​(​សុខ​ ប៉ក់​)​គាត់​បោស​សំរាម​មុខ​ផ្ទះ​ពេល​នោះ​មា​របស់​គេ​ ប៉ក់​ ផា​ន់​ មិនដឹង​មក​ពី​ផឹកស្រា​ឯណា​ទេ​ ពេល​មក​ដល់​គាត់​ឈ្លោះ​គ្នា​ជាមួយ​តា​ប៉ក់​ តា​ប៉ក់​បាន​ស្តី​ឲ្យ​ថា​ដើរ​តែ​ផឹក​មិន​គិតការ​ងារ​ផ្ទះ​ទេ​ មា​ ផា​ន់​តប​វិញ​ថា​កុំ​រអ៊ូ​ពេក​ ខ្ញុំ​ធំ​ខ្ញុំ​ដឹង​ហើយ​ ពួក​គាត់​ឈ្លោះ​គ្នា​ទៅ​មក​ តា​ ប៉ក់​ ក៏​និយាយ​ថា​ អា​ហែង​ចូល​មក​អញ​មិន​ខ្លាច​ងាប់​ទេ​ លឺ​ដូចនេះ​មា​ ផា​ន់​ក៏​ឡើង​ទៅ​យក​កាំបិត​នៅ​លើ​ជង្រុក​ស្រូវ​ដើរ​សំដៅ​ទៅ​តា​ ប៉ក់​ ពេល​នោះ​ដែរ​ យាយ​ លាំ​ បាន​ចូល​ទៅ​ឃាត់​ ប៉ុន្តែ​ឃាត់​ មា​ ផា​ន់​មិន​ឈ្នះ​ មា​ផា​ន់​ក៏​យក​កាំបិត​នោះ​ចាក់​ទៅ​លើ​តា​ ប៉ក់​ ត្រូវ​ចំ​ដើមទ្រូង​ដួល​ដេក​ដី​ចេញ​ឈាម​ នៅ​ក្បែរ​របង​មុខ​ផ្ទះ​ពេល​នោះ​ខ្ញុំ​ខ្លាច​បាន​រត់​មក​ខាងកើត​ផ្ទះ​ មិនដឹង​ មា​ ផា​ន់​យក​កាំបិត​ទៅ​ទុក​ឯណា​ទេ​ បន្ទាប់​មក​ យាយ​លាំ ​និង​មា​ ផា​ន់​បាន​អូស​ តា​ ប៉ក់​មក​ក្រោយ​ផ្ទះ​ ហើយ​មា​ ផា​ន់​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ទៅ​លិច​ ចំណែក​យាយ​លាំ​ឲ្យ​ខ្ញុំរ​ត់ទៅ​ប្រាប់​តា​យ៉​យ​ឲ្យ​មក​ជួយ​មើល​តា​ផា​ន់​ហើយ​ខ្ញុំ​ក៏​បាន​ដេក​នៅផ្ទះ​តា​យ៉​យ​។​

​ដោយ​ផ្អែក​លើ​ការ​បំភ្លឺ​ និង​វត្ថុ​តាង​(​កាំបិត​)​ចាប់​យក​បាន​នៅ​កន្លែង​កើតហេតុ​គឺ​ពិតជា​ជា​ជន​ស​ង្ស​យ័​បាន​ប្រព្រឹត្ត​លើ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​ ៕ ប៊ុនរិទ្ធី


ចែករំលែក៖