ព័ត៌មានទាន់ហេតុការណ៍៖

បើក​ល្បែង​ដូចគ្នា​ មាន​វាសនា​ខុសគ្នា​ ,​ ចៅក្រម​ស៊ើបសួរ​ សាយ​ សម្ផស្ស​សេរី​ មិន​ឃុំ​ខ្លួន​មេ​ល្បែង​ម្នាក់​

ចែករំលែក៖

ខេត្តកណ្ដាល​៖ ​មេល្បែង​៥នាក់​ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​ខេត្ត​កណ្ដាល​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​ ។ ប៉ុន្តែ​ក្រោយ​ការ​សាកសួរ​ នៅ​ល្ងាច​ថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ មេល្បែង​៤នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ តែ​មេល្បែង​ម្នាក់​ត្រូវ​បាន​លោក​សាយ​ សម្ផស្ស​សេរី​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ សម្រេច​មិន​ឃុំ​ខ្លួន​ តែ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ ។

មេល្បែង​ទាំង​៤នាក់​ ដែល​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ ទី១​ ឈ្មោះ​ ស៊ិន​ គុន​ ភេទប្រុស​ អាយុ​៦៦ឆ្នាំ​ ទី​២​ ឈ្មោះ​ ប៊ាន​ សុខជា​ ភេទប្រុស​ ៥០ឆ្នាំ​ ទី​៣​ ឈ្មោះ​ ដង​ យ៉ាំង​ហ្វាង​ ភេទប្រុស​ អាយុ​៤៩ឆ្នាំ​ និង​ ទី៤​ ឈ្មោះ​ ឆាយ​ ហុក​ ភេទប្រុស​ អាយុ​៤០ឆ្នាំ​ ។ មេ​ល្បែង​ទាំង​៤នាក់​ ជាប់​ចោទ​ពី​បទ​”បើក​ល្បែង​និង​លេង​ល្បែង​ស៊ីសង​ខុសច្បាប់​”ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​ទួល​ដូង​ ឃុំ​គគីរ​ ស្រុក​កៀនស្វាយ​ ខេត្ត​កណ្ដាល​ កាលពី​ថ្ងៃទី​២៨​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ តាម​មាត្រា​៤និង​មាត្រា​៥ច្បាប់​ស្ដីពី​ការ​បង្ក្រាប​ល្បែង​ស៊ីសង​។

ដោយ​ឡើកមេល្បែង​មាន​សំណាង​នោះ​ មាន​ឈ្មោះ​ ឆោម​ ឆៃយ៉ា​ ភេទប្រុស​ អាយុ​៣៩ឆ្នាំ​។

សូមរំលឹកថា ទីតាំងលេងល្បែងអាប៉ោងដ៍ធំនៅស្រុកកៀនស្វាយ សម្រាប់មេអាប៉ោងមកបាញ់ភ្នាល់ចំនួនបីខេត្ត គឺខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខេត្តកណ្តាល ត្រូវបានលោកវរសេនីយ៍ទោ ឡាក់ ម៉េងធី ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានដឹកនាំកម្លាំង និងមានការសម្របសម្រួលពីសំណាក់លោក ឯក ស៑ុនរស្មី ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល បានចុះបង្ក្រាប និងបំបែកទីតាំង ហើយឃាត់ខ្លួន មេអាប៉ោង និងអ្នកភ្នាល់បាន០៦នាក់ លុយដុល្លារ ៨៧៥ដុល្លារ លុយខ្មែរ ៣.៧០០.០០០រៀល ឡាន០២គ្រឿង និងវត្ថុតាងមួយចំនួនទៀត។

ហេតុការណ៍ចុះបង្ក្រាបនេះថ្ងៃចន្ទ ទី២៨ ខែឧសភា ឆ្នាំ២០១៨វេលាម៉ោង១៣និង៣០នាទី នៅចំណុច ផ្ទះឈ្មោះ ប៉ែន ថុល (ម្ចាស់ផ្ទះ) ភូមិទួលដូង ឃ៊ំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

វត្ថុតាងចាប់យក មេអាប៉ោង០៨ និង ប្រដាប់ខាតជើងអាប៉ោង ០១សន្លឹក គម្រប០១.កម្រាលអាប៉ោង០១ ទូរស័ព្ទដៃ ០៧គ្រឿងSAMSUNG J7ពណ៌ស០១ គ្រឿង iPhone 6plus ពណ៌ប្រផេះ០១គ្រឿង, iPhone 6 ពណ៌មាស០១គ្រឿង, Metfone ពណ៌ខ្មៅ០១គ្រឿង, Alcatel ពណ៌ខ្មៅ០១គ្រឿង, Nokia ពណ៌ ខ្មៅ០២គ្រឿង លុយដុល្លារ ៨៧៥ដុល្លារ លុយខ្មែរ ៣.៧០០.០០០រៀលឡាន០២គ្រឿង ម៉ាកបាឡែន ស្លាកលេខ ភ្នំពេញ 2V-7570 ពណ៌ស្ករម៉ាកឆ្លាម ស្លាកលេខ ភ្នំពេញ 2Q-7796 ពណ៌ទឹកប្រាក់។

លោកប្រធានការិយាល័យបានបញ្ជាក់ថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា៖ មានសកម្មភាពលេងល្បែងស៊ីសង(អាប៉ោង)នៅចំណុចផ្ទះឈ្មោះ ប៉ែន ថុល (ម្ចាស់ផ្ទះ)អាយុ៤៧ឆ្នាំ ភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល៕ ឆ ដា


ចែករំលែក៖