ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់ឋានន្តរសក្តិ និងផ្សព្វផ្សាយសភាពការណ៍ថ្មី ផែនការថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨វេលាម៉ោង ០៨ និង ០០នាទី នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មី និងផែនការថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ និងបំពាក់ឋានន្តរសក្តិជូននាយទាហាននៃកងរាជអាវុធហត្ថចំនួន ០៤រូប គឺថ្នាក់វរសេនីយ៍ឯក ចំនួន ០២រូប និងថ្នាក់វរសេនីយ៍ទោ ចំនួន ០២រូប ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដែលមានសមាសភាពចូលរួមពីបណ្តាមន្ទីរ ការិយាល័យ មូលដ្ឋានក្រុងស្រុក ស្នាក់ការសន្តិសុខ និងនាយ-នាយរងអាវុធហត្ថ ចំនួន ១៤៣នាក់ ។

ក្នុងពិធីនេះផងដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មានប្រសាសន៍ថា ៖ ដោយបានការយកចិត្តទុកដាក់ពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង ខ.ភ.ម មេបញ្ជាការ អ.ហ.ផ.ទ ដែលជានិច្ចកាលលោកតែងយកចិត្តទុកដាក់ខ្ពស់ និងណែនាំចង្អុលបង្ហាញដល់កម្លាំងអាវុធហត្ថទាំងអស់ ត្រូវប្រឹងប្រែងកសាងខ្លួន បង្កើនសមត្ថភាព ហ្វឹកហ្វឺនរៀនសូត្រ ក្នុងកិច្ចបំពេញតួនាទី-ភារកិច្ច ប្រកបដោយឆន្ទៈស្មោះត្រង់ ដែលតបស្នងមកវិញដោយការលើកសរសើរ និងផ្តល់រង្វាន់យសសក្តិជូនអស់លោកវិញ ។

ជាកិច្ចបន្តលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានផ្សព្វផ្សាយខ្លឹមសារ ០៧ចំណុច របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង ខ.ភ.ម មេបញ្ជាការ អ.ហ.ផ.ទ ដូចខាងក្រោម ៖ ១-កិច្ចការពារ ថែរក្សាសន្តិសុខសណ្តាប់ក្នុងដំណើរការបោះឆ្នោតខាងមុខ ដើម្បីធានាឳ្យការបោះឆ្នោតប្រព្រឹត្តទៅប្រកបដោយតម្លាភាព សេរី និងយុត្តិធម៌ គ្មានអំពើហឹង្សា ។ ២-ក្តាប់ព័ត៌មាន និងទប់ស្កាត់ការញុះញង់មិនឳ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោត ។ ៣-ការងារប្រតិបត្តិការ ចាត់ចែងបែងចែកការងារតាមតួនាទី-ភារកិច្ច ចាត់តាំងប្រចាំការ ប្រចាំបញ្ជា ត្រៀមកម្លាំងអន្តរាគមន៍ ២៤/២៤ម៉ោង ការគ្រប់គ្រងកម្លាំង ប្រើប្រាស់កម្លាំងចុះប្រតិបត្តិការ និងការប្រើប្រាស់មធ្យោបាយទាក់ទងផ្សេងៗ ។ ៤-ការងារមន្ត្រីនគរបាលយុត្តិធម៌ ទប់ស្កាត់បង្រ្កាបរាល់មុខសញ្ញាបទល្មើសដែលកើតមានឡើងក្នុងភូមិសាស្រ្ត ។ ៥-ការងារហ្វឹកហ្វឺន និងអប់រំចិត្តសាស្រ្ត ។ ៦-ការងារកសាងអង្គភាព សាងសង់ទីកន្លែងស្នាក់នៅ កន្លែងធ្វើការងារ ហូបចុក ស្លៀកពាក់ ហាត់ប្រាណ និងកីឡា ។ ៧-ត្រួតពិនិត្យមធ្យោបាយ គ្រឿងបំពាក់ ការបំពាក់អាវុធត្រូវត្រួតពិនិត្យឳ្យបានហ្មត់ចត់ ។

ជាកិច្ចបញ្ចប់កម្មវិធី លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានរំលឹកដល់អាវុធហត្ថគ្រប់រូប ត្រូវជួយជំរុញសាច់ញាតិ និងអ្នកជិតខាង ឳ្យទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខឳ្យបានគ្រប់ៗគ្នា ៕ សសម


ចែករំលែក៖