ព័ត៌មានទាន់ហេតុការណ៍៖

ឡេង ណាវ៉ាត់ត្រា ចំណាយ៤០លានរៀលចែកជូនកម្មករ

ចែករំលែក៖

ភ្នំពេញ៖ អតីតពលករនៅកូរ៉េ និងជាអតីតអ្នកចម្រៀង លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ធ្លាប់បានធ្វើឲ្យគេភ្ញាក់ផ្អើលម្តងរួចមកហើយកាលពីគ្រាកន្លងទៅ ព្រោះតែលោកបានបរិច្ចាគថវិកាជាច្រើនសន្ធឹកសន្ធាប់ជួយដល់ការងារសង្គមជាហូរហែ ។ ជាថ្មីម្តងទៀត លោកបានចំណាយថវិកាប្រមាណ៤០លានរៀល ដើម្បីចែកអំណោយដល់កម្មករជាង១ពាន់នាក់ដែលធ្វើការក្នុងបុរីរបស់លោក ។

ការចែកអំណោយនេះធ្វើឡើងកាលពីល្ងាចថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងបុរី ឡេង ណាវ៉ាត់ត្រា ផ្ទាល់តែម្តង ។

ទោះជាយ៉ាងណា នេះមិនមែនលើកទីមួយទេ ដែលអតីតតារាចម្រៀងរូបនេះបានជួបជុំសំណះសំណាល សួរសុខទុក្ខដល់បណ្តាកម្មករ ដែលខិតខំធ្វើការយ៉ាងសស្រាក់សស្រាំក្នុងបុរីរបស់លោក ។

លោក ឡេង ណាវ៉ាត់ត្រា បាននិយាយថា ការឆ្លៀតពេលជួបកម្មករជាង១ពាន់នាក់នេះ គឺដើម្បីជម្រុញ និងលើកទឹកចិត្តពួកគាត់ ហើយលោក ជឿជាក់ថាបងប្អូនទាំងអស់ និងរួមកំលាំងគ្នាសាងសង់ផ្ទះដែលមានគុណភាពដល់អតិថិជនហើយបើមានបងប្អូនកម្មកររូបណាមានបញ្ហាអ្វីគឺអាចនិយាយជាមួយលោកបាន ។ លោកបញ្ជាក់ដែរថាដោយសារកន្លងមកលោកធ្លាប់បម្រើការងារជាពលករនៅបរទេសទើបលោកដឹងពីសុខទុក្ខ និងយល់ពីតម្រូវការរបស់កម្មករទាំងអស់ ហើយអ្វីដែលពួកគាត់ចង់បានគឺភាពស្និទ្ធស្នាល និងការលើកទឹកចិត្ត ។

លោកឧកញ៉ាវ័យក្មេងរូបនេះបញ្ជាក់ដែរថា ទោះបីជាអំណោយជាថវិកា និងអាហារពេលនេះ មិនច្រើនបំពេញតម្រូវការទាំងមូលរបស់គ្រួសារពួកគាត់ ប៉ុន្តែលោករំពឹងថា ការចូលរួមចែករំលែកលើកទឹកចិត្តនៅពេលនេះគឺពិតជាជំរុញឲ្យពួកគាត់មានសង្ឃឹមក្នុងជីវិត និងខិតខំបំពេញការងារបានកាន់តែល្អ ៕ វឌ្ឍនា


ចែករំលែក៖