ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបុកគូថម៉ូតូមួយគ្រឿងទៀតដួលឃ្ទាតចូលក្រោមរថយន្តបណ្ដាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់ជិះម៉ូតូមិនប្រយ័ត្នជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀតបើកនៅខាងមុខ បណ្ដាលឲ្យដូលឃ្ទាតចូលទៅក្រោមរថយន្ត ត្រូវរថយន្តកិនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ករណីខាងលើនេះបានកើតឡើងនៅថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង​១៨និង៣០នាទី នៅលើផ្លូវបេតុ7NG ស្ថិតក្នុង​ភូមិព្រៃចាស់ ឃុំវិហារសួរគ៌ ស្រុកខ្សាច់កណ្ដាល ​ខេត្តណ្ដាល​ ។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ យ៉ុន ម៉ៅ ភេទប្រុស ​អាយុ២៣ឆ្នាំ មានទីលំនៅភូមិ​ព្រៃខ្លា ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ​ព្រៃវែង​1C-4691 ។ ចំណែកម៉ូតូម្ខាងទៀតមិនស្គាល់ម៉ាក បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (ជិះគិចខ្លួនបាត់ស្រមោល) ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ដោយល្បឿនលឿន លុះជិះមកដល់ចំណុចកើតហេតុ ក៏បានជ្រុលចង្កូតទៅបុកគូថម៉ូតូមួយគ្រឿងទៀតជិះស្របទិសគ្នានៅខាងមុខ បណ្ដាលឲ្យម៉ូតូជនរងគ្រោះដួលឃ្ទាតចូលទៅក្រោមកង់រថយន្តដែលបើកដឹកកម្មកររោងចក្រកិនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចជំនាញបានចុះទៅកន្លែងកើតហេតុធ្វើការពិនិត្យនិងវាស់វែង រួចបានបញ្ជាក់ថា ករណីខាងលើនេះគឺបណ្ដាលមកពីជនរងគ្រោះជិះម៉ូតូមិនប្រយ័ត្នដោយល្បឿនលឿន ទើបបណ្ដាលឲ្យជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀតដួល បណ្ដាលឲ្យរថយន្តកិនស្លាប់យ៉ាងដូច្នេះ ។ ចំណែកសាកសពត្រូវបានសមត្ថកិច្ចជំនាញប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖