ព័ត៌មានទាន់ហេតុការណ៍៖

ចោរ២នាក់មកលួចកញ្ចក់រថយន្ត៥៧០ត្រូវសន្តិសុខចាប់បានម្នាក់រត់រួចម្នាក់

ចែករំលែក៖

ភ្នំពេញ៖ ចោរ២នាក់ ជិះម៉ូតូមកធ្វើសកម្មភាពលួចគាស់កញ្ចក់រថយន្តឡិចស៊ីស៥៧០ តែត្រូវសន្តិសុខឃើញដេញចាប់ខ្លួនបានម្នាក់ឲ្យសមត្ថកិច្ចយកទៅប៉ុស្តិ៍ និងម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងការពីម៉ោងជាង ១១យប់ ថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ៥៣ នៅខាងមុខផ្សារធំថ្មី ស្ថិតក្នុងសង្កាត់ផ្សាថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពពត៌មាននៅពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជន២នាក់ បើកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ប៉ៃលិន 1A-6227 ជិះឆ្វេលប្រហែលជា២ជុំ ស្រាប់តែឈប់ម៉ូតូហើយម្នាក់អង្គុយខាងក្រោយចុះមកធ្វើសកម្មភាពគាស់កញ្ចក់រថយន្តឡិចស៊ីស ៥៧០ ដែរចតនៅលើចញ្ចើមផ្លូវបានសម្រេចហើយតែត្រូវបានសន្តិសុខយាមនៅគោលដៅនោះឃើញទាន់ក៏រត់ដេញចាប់បានម្នាក់ ហើយបក្ខពួកម្នាក់ទៀតរត់គេចខ្លួនចោលម៉ូតូបាត់ស្រមោល ។

បន្ទាប់ពីកើតហេតុប្រជាពលរដ្ឋទំនាក់ទំនងហៅសមត្ថកិច្ចឲ្យមកយកម៉ូតូ និងជនសង្ស័យម្នាក់ទៅប៉ុស្តិ៍នគរបាលផ្សាថ្មីទី៣ដើម្បីរង់ចាំម្ចាស់រថយន្តទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចចាត់ការទៅតាមនីតិវិធី ៕ ជ្រោយពេជ្រ


ចែករំលែក៖