ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងក្មេងៗចោមរោមមើលយ៉ាងច្រើន និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកពិនិត្យសាកសពភ្លាមខណះដែលប្រទះឃើញបុរសវិកលចរិកម្នាក់ដេកស្លាប់ក្បែរចម្ការឈូករ័ត្នសង្ស័យខ្យល់គរ ។
ហេតុការណ៍ប្រទះឃើញទាំងព្រឹកប្រលឹមនេះកើតឡើងនៅថ្ងៃទី០៥ ខែមិថុនាឆ្នាំ២០១៨ វេលាម៉ោង ៥ព្រឹកស្ថិតក្នុងភូមិព្រៃផ្ដៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ។
បើតាមសមត្ថកិច្ចនគរបាល ក្រុងបាវិតបានអោយកាសែតនគរវត្តដឹងថា បុរសដែលស្លាប់នេះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ មានអាយុប្រហែលប្រមាណ៥០ឆ្នាំ ពាក់អាវកីឡា ពណ៌ខៀវដៃវែង និងខោខៀវជើងវែងដោយមិនដឹងមានស្រុកកំណើតនៅទីកន្លែងណានោះទេ ។
បើតាមសេចក្ដីរាយការណ៍ពីមេភូមិភ្លាមសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលនគរបាល ក្រុង និងគ្រូពេទ្យបង្កើតគណៈកម្មការមកពិនិត្យសពភ្លាមៗ ជាបឋមឃើញថា មិនមានស្លាកស្នាមអ្វីជារឿងឃាដកម្មនោះទេ ដោយពិតជាស្លាប់ដោយខ្យល់គរពិតប្រាកដមែន ដោយដេកស្លាប់ខាងលិចផ្លូវចូលចម្ការឈូករ័ត្ន ស្ថិតក្នុងភូមិព្រៃផ្ដៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ។
ក្រោយពីពិនិត្យរួចសាកសពរួចត្រូវបានគណកម្មការចម្រុះ បានយកទៅបញ្ចុះបណ្តោះអាសន្ននៅ ទួលអ្នកតាចាសស្ថិតនៅក្នុងភូមិត្រពាំងផ្លុង សង្កាត់បាទ ក្រុងបាវិត ខេត្តស្វាយរៀង ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។
បើតាមអ្នកភូមិបានប្រាប់សមត្ថកិច្ចថាបុរសខាងលើនេះជាមនុស្សអនាថា និងវិកលចរឹកគ្មានសាច់ញាតិបងប្អូននោះទេដោយគេឃើញបុរសនេះតែងតែដើរក្នុងភូមិនេះជារៀងរាល់ថ្ងៃគឺដល់កន្លែងណាដេកខណះអ្នកភូមិមានចិត្តអាណិតអាសូរក៏ឲ្យបាយម្ហូបស្ទើររាល់ពេល លុះនៅថ្ងៃកើតហេតុស្រាប់បានតែមានអ្នកភូមិប្រទះឃើញដេកស្លាប់នៅក្បែរចម្ការឈូករ័ត្នទាំងព្រឹកបង្កការភ្ញាក់ផ្អើលតែម្ដង ៕ យឹម សុថាន