ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបមុខសញ្ញាប្រើប្រាស់ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ៥នាក់រួមវត្ថុតាង និងសម្ភារ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងជំនាញផ្នែកប្រយុទ្ធប្រឆាំងគ្រឿងញៀនសហការគ្នា ចុះបង្រ្កាបករណីប្រើប្រាស់ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះកម្លាំងឃាត់ខ្លួនបានជនសង្ស័យចំនួន ៥នាក់ជាបន្តបន្ទាប់ ក្នុងនោះដកហូតនូវវត្ថុតាង និងសម្ភារមួយចំនួនផងដែរ។

ប្រភពព័ត៌មានពីកម្លាំងចុះប្រតិបត្តិការនៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា កិច្ចប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង២ និង០៧នាទី រសៀលថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចចុងភូមិលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិក្តីស្នល់ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្នុងនោះកម្លាំងឃាត់ខ្លួនបានជនសង្ស័យចំនួន ២នាក់រួមវត្ថុតាង និងសម្ភារ ទី១ ឈ្មោះ គង់ ភារម្យ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុខាងលើ ដកហូតនូវវត្ថុតាងរួមមាន ម្សៅក្រាម ពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០១កញ្ចប់តូច ទូរស័ព្ទដៃចំនួន ០១គ្រឿង ម៉ូតូ ១គ្រឿងម៉ាក សង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ រួចបន្តបង្រ្កាប ១ករណីទៀតនៅកន្លែងក្បែគ្នាដដែលនោះ ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀងឈ្មោះ សយ ម៉ុន ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំជាមួយគ្នា ដកហូតនូវវត្ថុតាង ម្សៅក្រាម ពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០១កញ្ចប់តូច និងប្រជក់កូនថង់មួយចំនួន។

ដោយឡែក ប្រភពព័ត៌មានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកក្រគរឯនេះវិញបានឲ្យដឹងដែរថា នៅវេលាម៉ោង៨ និង២០នាទី ព្រឹកថ្ងៃអង្គារ៍ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្រ ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែឆ្នាំដដែល ត្រង់ចំណុចព្រៃអ្នកតាក្របៅ ស្ថិតក្នុងភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ កម្លាំងសហការធ្វើការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាត្រផងដែរ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់រួមវត្ថុតាង និងសម្ភារថែមទៀត ជនសង្ស័យទាំង៣នាក់ទី១ ឈ្មោះ ជឹម ភ័ណ្ឌ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ ទី២ ឈ្មោះ រស់ សុខដេត ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង ២នាក់រស់នៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរជាមួយ និងទី៣ ឈ្មោះ ទិត្យ វិទូ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ វត្ថុតាងរួមមាន ម្សៅក្រាម ពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០១កញ្ចប់ធំ និង០៧កញ្ចប់តូច ដែកកេះចំនួន ០១ លុយខ្មែរចំនួន ២មឺុនរៀល និងលុយអាមេរិចចំនួន ០៥ដូល្លារ ដុំភ្លើងសាកទូរស័ព្ទចំនួន ០២ និងទូរស័ព្ទដៃចំនួន ០២គ្រឿង។

ប្រភពព័ត៌មានដដែលទាំងពីករណីខាងលើបន្តទៀតថា ចំពោះជនសង្ស័យចំនួន ៥នាក់ រួមវត្ថុតាង និងសម្ភារ បាននាំយកទៅបំពេញនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុករៀងៗខ្លួន ដើម្បីបំពេញសំណុំឯកសារពាក់ព័ន្ធ បញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់បន្ត៕ ប៉ឹម ពិន


ចែករំលែក៖