ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនអ្នករ៉ឺម៉ក ២នាក់ជនសង្ស័យជាប់ពាក់ព័ន្ធចោរលួចសត្វក្របី ៣ក្បាល

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកក្រគរសហការគ្នា ទទួលបទបញ្ជាលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវ និងវែកមុខជនជាប់ពាក់ព័ន្ធក្នុងករណីចោរលួចសត្វក្របីញីឈ្មោលចំនួន ៣ក្បាល ក្នុងនោះកម្លាំងឃាត់ខ្លួនជនសង្ស័យ ២នាក់រួមវត្ថុតាង(ម៉ូតូសណ្ដោងរ៉ឺម៉ក)ជាមធ្យោបាយដឹកជញ្ជូន។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១១ និង៤៨នាទី ថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិដួង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ឯក ឯម រុន អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងឃាត់ខ្លួនដោយជាប់ពាក់ព័ន្ធក្នុងករណីលួចខាងលើនេះ ទី១ ឈ្មោះ ស្រេង វែន ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដួង ឃុំក្បាលត្រាច ស្រុកក្រគរ និងទី២ ឈ្មោះ ទាំ លោះ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិរលាំង ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ រួមទាំងវត្ថុតាងម៉ូតូម៉ាក វ៉េវអាល់ហ្វា សណ្ដោងរ៉ឺម៉ក ពណ៌ក្រហម។

លោក វរសេនីយ៍ឯកបន្តថា យោងតាមសាក្សីជាអ្នកភូមិ និងបណ្ដឹងម្ចាស់សត្វក្របីចំនួន ៣ក្បាលឈ្មោះ អួន រ៉ាត់ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានរាបរបថា នៅវេលាម៉ោងប្រមាណ ៣ទាបភ្លឺ ឈានចូលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ គាត់បានបាត់សត្វពាហនៈ(ក្របី)ញីឈ្មោលចំនួន ៣ក្បាលពីចំណង បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តញ្ញាណមានគ្នាប្រមាណពី ២ទៅ៣នាក់ ដោយសង្ស័យលួចដឹកចេញតាមរយៈម៉ូតូសណ្ដោងរ៉ឺម៉ក នៅគ្រានោះខ្លួន(ម្ចាស់ក្របី)រួមទាំងអ្នកភូមិផងរបងជាមួយ(ខ្សាច់ល្អិត និងសានស)ច្រើនអ្នក នាំគ្នាតាមដានម៉ូតូសណ្ដោងរ៉ឺម៉ករហូតដល់ចំណុចសាលាជប៉ុនក្នុងព្រៃ ស្ថិតក្នុងភូមិដួង ឃុំក្បាលត្រាច ស្រុកក្រគរ ក៍បានប្រទះឃើញសត្វក្របីរបស់គាត់ទាំងចំនួន ៣ក្បាល គេចងល័ក្ខទុក បន្តមកទៀតពួកគាត់នាំគ្នាតាមដានម៉ូតូសណ្ដោងរ៉ឺម៉កក៍ឃើញចូលក្នុងរបងផ្ទះឈ្មោះ ស្រេង វែន ជាជនសង្ស័យ (ឃាត់ខ្លួន) ទើបសមត្តកិច្ចនគរបាលស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនតែម្តង នេះបើយោងតាមភិនភាគសាក្សីច្បាស់ការដែលបានឃើញ និងបានជួយរុញម៉ូតូសណ្ដោងរ៉ឺម៉កដឹកសត្វក្របីជាប់ផុង។

លោក អធិការបន្តទៀតថា ចំពោះជនសង្ស័យរួមទាំងវត្ថទាំងម៉ូតូសណ្ដោងរ៉ឺម៉ក បាននាំយកមកអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបំពេញសំណុំបែបបទបន្ថែមបញ្ជូនបន្តតាមនីតិវិធី ទៅការិយាល័យជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត ៕ ប៉ឹម ពិន


ចែករំលែក៖