ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថបាន ឃាត់ខ្លួនបុរសវ័យ៣៤ឆ្នាំម្នាក់ ដែលមានមុខរបរអ្នកជាថតវីដេអូតាមពិធីមង្គលការ បានប្រើឯកសណ្ឋានកងរាជអាវុធហត្ថក្លែងក្លាយ ដើម្បីគំរាមទារលុយពីកូនបំណុល រួចបញ្ជូន ទៅ សួរនាំនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសនារសៀល ថ្ងៃ ព្រហស្បត៍ ៩ រោច ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ ។
មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា ជនសង្ស័យរូបនេះ ឈ្មោះ ថា វណ្ណា អាយុ៣៤ឆ្នាំ រស់នៅស្រុកស្អាង ខេត្តកណ្ដាល ដែលមានគណនី Facebook ឈ្មោះ «ព្រះអាទិត្យបំបែកភ្នំ»។បុគ្គលរូបនេះ បានទៅទិញសម្លៀកបំពាក់កងរាជអាវុធហត្ថនៅផ្សារទឹកថ្លា ខណ្ឌសែនសុខ ហើយយកមកស្លៀកពាក់បង្ហោះលើ Facebook និងបានយកអាវកងរាជអាវុធហត្ថ ទៅបំពាក់ពីក្រោយខ្នង ពេលខ្លួនកំពុងឡាយវីដេអូ ដើម្បីទារប្រាក់ពីអ្នកជំពាក់លុយក្នុង គោលបំណងឲ្យគេខ្លាចអំណាចតបស់ខ្លួន។
ក្រោយទទួលបានព័ត៌មាននេះ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឲ្យកម្លាំងជំនាញ បើកការស្រាវជ្រាវដើម្បីឈានទៅដល់ការចាប់ខ្លួនជនម្នាក់នេះ។ នៅទីបំផុតជនសង្ស័យ ក៏ត្រូវបានរកឃើញ ហើយធ្វើការនាំខ្លួនមកសួរចម្លើយ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ហេតុតែខ្លួនធ្វើដូច្នេះ ដោយសារតែមានចិត្តចង់តាំងពីតូច ចង់ក្លាយជាមន្ដ្រីកម្លាំងកងរាជអាវុធហត្ថ ប៉ុន្ដែមិនដឹងចូលធ្វើតាមច្រកណា។ យ៉ាងណាក៏ដោយ ក្រោយបញ្ចប់ការសួរនាំ និងអប់រំរួចមកជនសង្ស័យរូបនេះត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅវិញ និងសន្យាមិនឲ្យធ្វើបែបនេះជាលើកទី២ឡើយ ៕ ប្រាថ្នា