ព័ត៌មានទាន់ហេតុការណ៍៖

លោក ផៃ ស៊ីផាន ប្រតិកម្មក្រុមហ៊ុនប្រេងសាំង PTT យកពាក្យ “បន្ទប់ទឹកស្អាត” មកប្រើ

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យទីស្តីការគណៈ រដ្ឋមន្រ្តីប្រតិកម្មទៅនឹងក្រុមហ៊ុនប្រេងឥន្ធនៈ PTT ដែលបានជ្រើសរើសពាក្យ «បន្ទប់ទឹក ស្អាត» ឬជាភាសាអង់គ្លេសថា «Clean Restroom» អមដោយរូបមនុស្សស្រីប្រុស ក្នុងស្លាកយីហោ ឬបដានៅក្នុងស្ថានីយប្រេង សាំងរបស់ខ្លួនជាច្រើនកន្លែង ។

ជាមួយនឹងពាក្យ «បន្ទប់ទឹកស្អាត» ឬ «Clean Restroom» នេះលោក ផៃ ស៊ីផាន បានចាត់ទុកថា ជាការមាក់ងាយដល់ព្រះ រាជាណាចក្រកម្ពុជាមានន័យស្មើនឹងប្រទេស កម្ពុជាទាំងមូលមិនមានបន្ទប់ទឹកស្អាតដូចនៅស្ថានីយប្រេងសាំងនោះឡើយ ។

លោក ផៃ ស៊ីផាន បានប្រតិកម្មទៅនឹង ស្លាកយីហោ «បន្ទប់ទឹកស្អាត» ឬ «Clean Restroom» នោះកាលពីថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ត្រូវ នឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ ដោយលោកបានសរសរនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាស់របស់លោកដូច្នេះថា «គួរកុំ និយាយបន្ទប់ទឹកស្អាតជាអាទិភាព។ ស្រុក ខ្មែរមានបន្ទប់អនាម័យដែលស្តង់ដារទទួលយកបាន។ ការផ្សាយបែបនេះគឺមានភាព អវិជ្ជមានសម្រាប់កម្ពុជា» ។

ចំពោះបញ្ហាការផ្សាយពី «បន្ទប់ទឹក ស្អាត» ឬ «Clean Restroom» ជាអាទិភាព របស់ស្ថានីយប្រេងសាំង PTT មួយនេះ លោក ផៃ សុីផាន បានប្រៀបធៀបទៅនឹង ប្រទេសថៃថា មិនឃើញមានស្ថានីយប្រេង សាំង PTT ណាមួយ បានប្រើប្រាស់នូវពាក្យ «បន្ទប់ទឹកស្អាត» ឬ «Clean Restroom» នោះទេ។ ទោះនៅតំបន់នោះនៃប្រទេសថៃមានបន្ទប់ទឹកស្អាតដូចនៅកម្ពុជា ឬអន់ ជាងក៏ដោយ ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៨ ក៏បានចេញវីដេអូឃ្លីបមួយដែលមានរយៈពេលជាង១១នាទីការបកស្រាយ និងពន្យល់អំពីការប្រើប្រាស់ពាក្យអវិជ្ជមាន ដែលបង្កើតឲ្យគេមានជំនឿ និងយល់តាមអំពីការផ្សព្វផ្សាយបន្ទប់ទឹកស្អាតដែលនៅស្លាកផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន ប្រេងឥន្ធនៈ PTT ។

ជាមួយគ្នានេះអ្នកនាំពាក្យទីស្តីការ គណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០១៨ ក៏បានបង្ហាញស្ថានីយសាំងមួយ កន្លែងទៀតរបស់ PTT មិនបានប្រើប្រាស់ នូវពាក្យ «បន្ទប់ទឹកស្អាត» ឬ «Clean Restroom» នោះទេគឺបានប្រើប្រាស់នូវពាក្យ និងរូបភាពដែលមាន «ចរិតអន្តរជាតិ និង ថ្លៃថ្នូរ» ។

តាមរយៈស្លាកយីហោ ឬបដាទាំង២ ខាងលើរបស់ស្ថានីយប្រេងសាំង PTT អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីរូបនេះបានសន្និដ្ឋានថា អាចជាគិតមិនដល់របស់ម្ចាស់ស្ថានីយប្រេងសាំងតាមតំបន់ឬគោលដៅទាំងនោះតែប៉ុណ្ណោះ ៕ ហេង សូរិយា

 


ចែករំលែក៖