ព័ត៌មានទាន់ហេតុការណ៍៖

UN បំបាក់ទណ្ឌិត សម រង្ស៊ី ខណៈកម្ពុជាទទួលបានជាអនុប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ

ចែករំលែក៖

ភ្នំពេញ ៖ អង្គការសហប្រជាជាតិដែល ហៅកាត់ថា UN បានផ្ដល់ទំនុកចិត្តដល់ កម្ពុជាឲ្យធ្វើជាអនុប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ ខណៈការផ្តល់នេះ ស្របពេលដែលទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងបានអំពាវនាវ ដល់អង្គការពិភពលោកដ៏ធំមួយនេះព្យួរ សមាជិកភាពរបស់កម្ពុជាពីអង្គការសហប្រជាជាតិនោះ ។

កាលពីពេលកន្លងទៅនេះទណ្ឌិត សម រង្ស៊ី បច្ចុប្បន្នកំពុងនិរទេសខ្លួននៅក្រៅប្រទេសនោះបានស្រែកអំពាវនាវដល់អង្គការសហប្រជាជាតិឲ្យព្យួរសមាជិកភាព របស់កម្ពុជានៅអង្គការសហប្រជាជាតិ។ ប៉ុន្តែទង្វើរបស់ទណ្ឌិត សម រង្ស៊ីនេះមិនត្រូវបានយកចិត្តទុកដាក់ពីអង្គការដ៏ធំមួយនេះឡើយផ្ទុយទៅវិញមានតែទុកចិត្តឲ្យកម្ពុជាទទួលបានជាអនុប្រធានមហាសន្និបាត អង្គការសហប្រជាជាតិលើកទី៧៣ដែល កម្ពុជានឹងទទួលតំណែងនេះជាផ្លូវការនៅខែកញ្ញា ឆ្នាំ២០១៨ខាងមុខ ។

ថ្លែងក្នុងសន្និសីទក្រោយកម្ពុជាទទួលបានជាអនុប្រធានមហាសន្និបាតអង្គការសហប្រជាជាតិកាលពីព្រឹកថ្ងៃសុក្រ ១០ រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងការបរទេស លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា អង្គការសហប្រជាជាតិគេមិនបានយកភ្នែកមើលទណ្ឌិត សម រង្ស៊ី អំពាវ នាវឲ្យព្យួរសមាជិកភាពកម្ពុជាក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិនោះឡើយ ហើយជាងនេះទៅទៀតអង្គការមួយនេះក៏មិន មែនជាចុងច្រមុះរបស់អង្គការសហប្រជាជាតិនោះដែរ ។

សូមរំលឹកថា កម្ពុជានិងប្រទេសចំនួន ១៥ផ្សេងទៀតមកពីក្រុមប្រទេសតំបន់ផ្សេងៗត្រូវបានជ្រើសតាំងឱ្យធ្វើជាអនុ ប្រធានរួមជាមួយប្រទេសសមាជិកអចិន្ត្រៃយ៍ ទាំង៥នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៃសម័យប្រជុំលើកទី៧៣របស់មហាសន្និបាតអង្គការសហប្រជាជាតិ សម្រាប់អាណត្តិពីខែកញ្ញា ឆ្នាំ២០១៨ដល់ ខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ ។

លោក អ៊ុច បូររិទ្ធិ បានបន្ថែមថា ក្រោយកម្ពុជាទទួលបានតំណែងនេះកម្ពុជានឹងមានកិត្យានុភាពបន្ថែមទៀតនៅលើឆាកអន្តរជាតិ និងមានឱកាសកាន់តែច្រើនក្នុងការ បញ្ចេញយោបល់និងប្រឹក្សាផ្សេងទៀតក្នុងមហាសន្និបាតនេះ។ ប្រទេសដែលបាន បោះឆ្នោតឲ្យកម្ពុជាទទួលបានតំណែងនេះគឺមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប អង់ គ្លេស បារាំង អូស្ត្រាលីនិងប្រទេសមហា អំណាចផ្សេងៗទៀតទាំង១៩៣ប្រទេស។

នៅក្នុងសន្និសីទកាសែតនោះដែរលោក អ៊ុច បូររិទ្ធិ បានបដិសេធចំពោះការបំប៉ោងព័ត៌មានរបស់ទណ្ឌិត សម រង្ស៊ី ដែលថា សហគមន៍អឺរ៉ុបបានផ្តាច់ទំនាក់ទំនងកម្ពុជាផងដែរដោយលោកបានអះអាងថា សហគមន៍អឺរ៉ុបនៅតែមានទំនាក់ទំនងដ៏ល្អជា មួយកម្ពុជាដដែល ហើយអ្វីដែលទណ្ឌិត សម រង្ស៊ី និយាយនោះជាការញុះញង់គ្មាន ការណ៍ពិត និងធ្វើឲ្យប្រជាពលរដ្ឋមានការភ័ន្តច្រឡំតែប៉ុណ្ណោះ ។

អ៊ុច បូររិទ្ធិ បានបន្ថែមទៀតថា អ្នកដែលញុះញង់ឲ្យប្រទេសដទៃទៀតស្អប់ខ្មែរនោះគឺមិនមែនជាជនបរទេសនោះទេជា ខ្មែរគ្នាឯង ពិសេសទណ្ឌិត សម រង្ស៊ីនេះតែម្តងតែងតែញុះញង់បរទេសគ្រប់ពេលវេលា ខណៈខ្លួនជាទណ្ឌិតហើយគ្មានឱកាសបាន មកចូលរួមបោះឆ្នោតនាពេលខាងមុខ ។

នៅក្នុងខែ កុម្ភៈ ឆ្នាំ២០១៨ បេក្ខភាព របស់ព្រះរាជាណាចក្រកម្ពុជា និងប្រទេស ចំនួន៤ផ្សេងទៀតទទួលបានការគាំទ្រជាផ្លូវការដោយប្រទេសនៃក្រុមតំបន់អាស៊ីប៉ាស៊ីហ្វិកដើម្បីធ្វើជាអនុប្រធាននៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ ។

ក្នុងឋានៈជាអនុប្រធាននៃមហាសន្និ បាតអង្គការសហប្រជាជាតិ កម្ពុជាអាច មានឱកាសដឹកនាំកិច្ចប្រជុំរបស់មហាសន្និបាតជំនួសមុខប្រធាន និងតាមសំណើ របស់ប្រធាន។ លើសពីនេះទៀតកម្ពុជាក៏នឹងក្លាយជាសមាជិកនៃគណៈកម្មាធិការ ទូទៅដែលមានមុខងារដូចជាពិនិត្យរបៀបវារៈបណ្ដោះអាសន្ន និងបញ្ជីបន្ថែមចំណុច ពិភាក្សាផ្ដល់អនុសាសន៍ដល់មហាសន្និបាតនិងជួយដល់ប្រធាន និងមហាសន្និបាតក្នុងការរៀបចំរបៀបវារៈសម្រាប់កិច្ចប្រជុំពេញអង្គនីមួយៗ ហើយនិងក្នុងការងារទូទៅ របស់មហាសន្និបាត ។

គួររំលឹកថា កម្ពុជាត្រូវបានជ្រើសតាំងជាអនុប្រធាននៃមហាសន្និបាតអង្គការ សហប្រជាជាតិជាលើកដំបូងកាលពីសម័យប្រជុំលើកទី៥៦នៃអាណត្តិឆ្នាំ២០០១- ២០០២។ កម្ពុជានិងប្រទេសចំនួន១៥ ផ្សេងទៀតមកពីក្រុមប្រទេសតំបន់ផ្សេងៗ នឹងធ្វើជាអនុប្រធានរួមគ្នាជាមួយប្រទេសសមាជិកអចិន្ត្រៃយ៍ទាំង៥នៃក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ២០១៨-២០១៩ ៕ ហេង សូរិយា


ចែករំលែក៖