ព័ត៌មានទាន់ហេតុការណ៍៖

លួចចូលផ្ទះប៉ុនប៉ុងរំលោភកូនស្រីគេ តែឪពុកនារីរងគ្រោះបើកភ្លើងទាន់ រត់គេចខ្លួនបាន៧ថ្ងៃត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ​ ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខឃាត់តាមបណ្តឹងឪពុកម្តាយនារីរងគ្រោះក្នុងករណី ប៉ុនប៉ងរំលោភកូនស្រីរបស់តែមិនបានសម្រេច ។​

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះកាលពីថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង០៩និង០០នាទីព្រឹក​នៅចំណុចក្នុងផ្ទះជួលលេខ៣៣២B ក្រុម២ ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។​

នគរបាលប្រាប់ថា ជនសង្ស័យឈ្មោះ មាស សុភាព ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងដែក ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។​ ចំណែកនារីរងគ្រោះឈ្មោះ វ.ស.ប អាយុ១៨ឆ្នាំ ។​ សម្ភារៈបន្សល់ទុក ៖ វ៉ែនតាកញ្ចក់ពណ៌ស ចំនួន០១ ។​

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យ មានផ្ទះជិតគ្នា ពេលយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ ជនរងគ្រោះ និងជនសង្ស័យបានអង្គុយផឹកស៊ីជិតគ្នានៅក្នុងភូមិ ដោយមានមិត្តភក្តិចូលរួមជាមួយ រហូតដល់ម៉ោង២៣និង០០នាទី ជនរងគ្រោះ និងជនសង្ស័យបានឈប់ផឹកស៊ី រួចត្រឡប់ទៅផ្ទះសំរាកវិញរៀងៗខ្លួន ។​ លុះពេលយប់ជ្រៅ ជនសង្ស័យដេកមិនលក់បានក្រោកដើរ តាមប្រឡាយខាងក្រោយតោងជញ្ចាំងចូលក្នុងផ្ទះរបស់ជនរងគ្រោះ បម្រុងធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះ តែនៅពេលនោះជនរងគ្រោះដឹងខ្លួន បានស្រែកថា មានមនុស្សចូលក្នុងផ្ទះ រួចជនសង្ស័យបានស្ទុះទៅបើកទ្វារ តែឪពុកជនរងគ្រោះក្រោកទៅបើកភ្លើងទាន់ ឃើញជនសង្ស័យលោតចេញពីក្នុងផ្ទះគេចខ្លួនបាត់ ។​ លុះដល់ព្រឹកឡើង ជនរងគ្រោះ និងក្រុមគ្រួសារបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង រហូតដល់ថ្ងៃទី០៨ ខែមិថុនា​ ឆ្នាំ២០១៨ វេលាម៉ោង០៩និង០០នាទី អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានស្រាវជ្រាវរកឃើញឃាត់ខ្លួនជនសង្ស័យខាងលើយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង ។​

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល​ ខណ្ឌសែនសុខ ដើម្បីបន្តអនុវត្តន៍តាមនីតិវិធី ៕ តុង សីហា


ចែករំលែក៖