ខេត្តកំពង់ស្ពឺ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ដ បុករថយន្ដដឹកម្មកររោងចក្រ បណ្ដាលឲ្យរបួសធ្ងន់ប្រុសស្រី ៤នាក់ នៅវេលាម៉ោង៦ និង២០ នាទីព្រឹកថ្ងៃ សៅរ៍ ១១ រោច ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០១៨ នៅលើផ្លូវជាតិលេខ ៤ ចន្លោះគីទ្បូម៉ែត្រ ៦៦-៦៧ ត្រង់ចំណុចភូមិត្រពាំងអត់ទឹក ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នគរបាលចរាចរខេត្តកំពងស្ពឺបានឲ្យដឹងថា រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-5619 សឺមីរ៉ឺម៉ក ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 4A-0651 អ្នកបើកបរ មិនស្គាល់ឈ្មោះ បើកបរមកពីទិសខាង កើតទៅទិសខាងលិច។លុះ មកដល់ចំណុចខាងលើ បានរេចង្កូត ទៅបុករថយន្ត១ គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-0652 ដឹកកម្មករ កម្មការិនី រោងចក្រវ៉ាសាន់ អ្នកបើកបរឈ្មោះ ស៊ៀក ថេង ភេទ ប្រុស អាយុ ៣៥ ឆ្នាំរស់នៅភូមិក្រាំងពោធិ៍ ឃុំ អូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកជិះក្នុងរថយន្តហ៊ីយ៉ាន់ដាយ ដឹកកម្មករសរុប ៤៥ នាក់ ប្រុសម្នាក់ របួសធ្ងន់ និង៣នាក់ទៀតស្រាល ត្រូវបានរថយន្តសង្រ្គោះ មន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង ដឹកយកទៅសង្រ្គោះ នៅមន្ទីរ ពេទ្យ បង្អែកខេត្តកំពង់ស្ពឺ។
រីឯរថយន្តតូចខូចខាតធ្ងន់ និងរថយន្តធំខូចខាតស្រាល។
បច្ចុប្បន្ន វត្ថុតាងទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលចរាចរស្រុកភ្នំស្រួច យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធី៕ សហការី