ព័ត៌មានទាន់ហេតុការណ៍៖

អ្នកភូមិស្មែត! ថ្លែងអំណរគុណចំពោះការឧបត្ថម្ភសម្រាប់ការជួសជុលផ្លូវថ្នល់នៅក្នុងមូលដ្ឋានរបស់ពួកគាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោក យឿម យី មេភូមិស្មែត ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានដឹកនាំប្រជាពលរដ្ឋរបស់គាត់លើកម្រាមដៃ ១០សំពះថ្លែងអំណរអរគុណលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងក្រុមការងារគណបក្សប្រជាជនកម្ពុជា ដែលជាម្ចាស់ក្នុងការឧបត្ថម្ភប្រេងសម្រាប់ជួសជុលនៅក្នុងមូលដ្ឋានរបស់ពួកគាត់ ។

លោក យឿម យី មេភូមិស្មែតបន្តថា ភូមិស្មែតចូលតាមផ្លូវជាតិលេខ៥៥ ត្រង់ចំណុចសារ៉ូពិលចម្ងាយប្រមាណ ១០គីឡូម៉ែត្រ ហើយមានផ្ទះសម្បែងប្រជាជនរស់នៅចំនួន ១៥៣គ្រួសារ ដែលមានមនុស្សស្មើរនឹងចំនួន ៥៨៩នាក់ ស្រីចំនួន ២៨៧នាក់ ហើយតំបន់ភូមិស្មែតនេះឆ្ងាយដាច់ស្រយ៉ាលពីឃុំ ស្រុក និងខេត្ត ម៉្យាងស្ថានភាពផ្លូវលំបាកក្នុងការធ្វើដំណើរខ្លាំងណាស់ សម្រាប់បងប្អូនប្រជាជនធ្វើដំណើរទៅមកនៅពេលដឹកផលដំណាំកសិកម្មរបស់ពួកគាត់ ជាពិសេសនៅពេលមានជំងឺឈឺស្កាត់ម្តងៗ ខណៈមណ្ឌលសុខភាព ក៏នៅឆ្ងាយផងនោះ ។

លោក យឿម យី បន្តទៀតថា ហើយការដែលបានជួសជុលផ្លូវថ្នល់នៅក្នុងមូលដ្ឋានរបស់ពួកគាត់ ដើម្បីសម្រួលក្នុងការធ្វើដំណើរបានមួយជំហាននេះ បានចំនួន ៣ចំណុចដូចជា ចំណុចអូរចាប់មាន់ អូរភ្លាវ និងអូរកាប់ ដែលមានប្រវែងប្រមាណ ១៩០០ម៉ែត្រ បើទោសជាការជួសជុលផ្លូវថ្នល់នៅក្នុងមូលដ្ឋានរបស់ពួកគាត់នេះ មិនទាន់មានស្តង់ដា ក៏ពិតមែនតែបានសម្រួលការធ្វើដំណើរល្អប្រសើរបានមួយកម្រិតដែរ ហើយការដែលផ្ដួចផ្ដើមជួសជុលផ្លូវថ្នល់នេះទៅបាននោះ ក្រោមការឧបត្ថម្ភរបស់លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នូវប្រេងចំនួន ៨០០លីត្រ និងក្រោមការឧបត្ថម្ភរបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាចំនួន ១១០លីត្រថែមទៀត ចំណែកគ្រឿងចក្រម្ចាស់គាត់បានជួយទាំងស្រុងនៅគ្រាដែលប្រជាជនហៅគាត់មកជីកស្រះទឹកឬផ្សេងៗ ខណៈយើងមានប្រេង រួមទាំងការចូលរួមយ៉ាងសស្រាកសស្រាំពីប្រជាជនផងនោះ ដូច្នេះហើយពួកគាត់គ្មានអ្វីក្រៅពីលើកដៃទាំង ២មានម្រាម ១០សំពះថ្លែងអំណរអរគុណចំពោះម្ចាស់ការឧបត្ថម្ភ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងក្រុមការងារគណបក្សប្រជាជនកម្ពុជា ។

ឆ្លៀតក្នុងឱកាសដែរ៖ ប្រជាពលរដ្ឋ និងលោក គ្រូ អ្នកគ្រូ សំណូមពរសុំឲ្យសប្បុរសធម៌បន្តជួយនូវពាងទឹក ឬអាងស្តុបទឹក និងបង្គន់អនាម័យ សម្រាប់សាលាបឋមសិក្សាស្មែតដែលមានអគារឈើ ១ខ្នង ២បន្ទប់ មានសិស្សានុសិស្សចំនួន ១១៦នាក់ មានថ្នាក់ទី១ ទី២ និងទី៣ បង្រៀនពីរពេល៕ ប៉ឹម ពិន


ចែករំលែក៖