ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៃប្រទេសកម្ពុជា ហៅកាត់ថា គ.ជ.ប សូមអំពាវនាវដល់បណ្តាថៅកែ ម្ចាស់ក្រុមហ៊ុន និងម្ចាស់អាជីវកម្មគ្រប់ប្រភេទជួយបង្កលក្ខណៈងាយស្រួលសម្រាប់បុគ្គលិក ឬនិយោជិតរបស់ខ្លួនបានទៅបោះឆ្នោតសកល នាថ្ងៃទី២៩ កក្តដា ២០១៨ឲ្យបានគ្រប់ៗគ្នា។
គ.ជ.ប បានអះអាងថា ដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦នេះកំពុងប្រព្រឹត្តិទៅដោយរលូន តាមប្រតិទិនការងារ របស់ គ.ជ.ប ពុំមានអ្វីជាឧបសគ្គនោះទេ។
សេចក្តីអំពាវនាវរបស់ គ.ជ.ប ចុះថ្ងៃទី៨ មិថុនា ២០១៨បានរៀបរាប់ថា ថ្ងៃអាទិត្យទី២៩ កក្តដា ២០១៨ ខាងមុខនេះ គឺជាថ្ងៃដែលប្រជាពលរដ្ឋត្រូវទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨។ អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៧ មានសិទ្ធិបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
ដើម្បីឲ្យប្រជាពលរដ្ឋប្រើសិទ្ធិរបស់ខ្លួនស្របតាមច្បាប់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសូមអំពាវនាវចំពោះគ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាននិងគ្រឹះស្ថានទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា សូមជួយសម្រួលនិងបង្កលក្ខណៈងាយស្រួលអនុញ្ញាតឲ្យនិយោជិត កម្មករ-កម្មាការិនីបានធ្វើដំណើរទៅមក ដើម្បីបានទៅបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៩ កក្តដា ២០១៨ នៅតាមឃុំ សង្កាត់ដែលខ្លួនបានចុះឈ្មោះបោះឆ្នោត។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសង្ឃឹមយ៉ាងមុតមាំថា គ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីដ្ឋាននិងគ្រឹះស្ថានទាំងអស់នឹងបង្កលក្ខណៈងាយស្រួលដល់និយោជិត កម្មករ-កម្មការិនីបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅថ្ងៃសអាទិត្យ ទី២៩ កក្តដា ២០១៨ ជាកំណត់។
លោក ឌឹម សុវណ្ណារុំ សមាជិកនិងជាអ្នកនាំពាក្យ គ.ជ.ប នៅថ្ងៃទី៩ មិថុនា ២០១៨បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនថា ការអំពាវនាវនេះគឺជានីតិវិធីនៃដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលបានគ្រោងទុក។
លោកបញ្ជាក់ថា ដំណាក់កាលនេះ គ.ជ.ប កំពុងចែកប័ណ្ណព័តមានអ្នកបោះឆ្នោតជូនសាធារណជនទូទាំងប្រទេស ដោយបានចាប់ផ្តើមតាំងថ្ងៃទី៦ មិថុនាមក។ បន្ទាប់ពីការចែកបណ្ណនេះ គ.ជ.ប នឹងរៀបចំផលិតសន្លឹកឆ្នោត និងយុទ្ធនាការឃោសនាបោះឆ្នោត ដោយជារួម ពុំមានអ្វីជាឧបសគ្គទេ ពោលគឺ គ.ជ.ប កំពុងបន្តការងាររៀបចំយ៉ាងរលូន ឆ្ពោះទៅរកការបោះឆ្នោត។
គួរបញ្ជាក់ថា កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី២៩ កក្តដា ២០១៨ ខណៈដែលប្រជាពលរដ្ឋជាង៨.៣លាននាក់ មានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត៕ ប្រាថ្នា