ខេត្តបាត់ដំបង៖ ជនល្មោភកាមម្នាក់ បានចាប់រំលោភប្អូនថ្លៃរបស់ខ្លួន អាយុ១៣ឆ្នាំ បានសម្រេចចំនួនពីរដង ទើបបែកការដល់ម្ដាយក្មេងស្រីរងគ្រោះប្ដឹងសមត្ថកិច្ចឲ្យចាប់ដាក់ខ្នោះ។
ករណីឃាត់ខ្លួនជនល្មោភកាមខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង៣៖៣០នាទីរសៀលថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ ដោយកម្លាំងជំនាញនគរបាលស្រុកភ្នំព្រឹក ដឹកនាំដោយលោកវរសេនីយ៍ទោ សុង សុភ័ក្រ្ត អធិការស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ភ្នំព្រឹក បន្ទាប់ពីមានបញ្ជាពីឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលពីលោក នួន សាន ព្រះរាជអាជ្ញាខេត្តបាត់ដំបង។
លោកវរសេនីយ៍ទោ សុង សុភ័ក្រ្ត អធិការនគរបាលស្រុកភ្នំព្រឹក បានឲ្យដឹងថា ជនល្មោភកាមរូបនេះ ឈ្មោះ ឌី សាវឿត ហៅទយ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាងម៉ូតូ រស់នៅភូមិស្រឡៅ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
លោកអធិការបន្តថា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ លោកបានទទួលពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះ បានប្តឹងពីជនសង្ស័យខាងលើ នឹងត្រូវជាកូនប្រសាថា បានចាប់រំលោភកូនស្រីរបស់គាត់ (ប្អូនថ្លៃ) អាយុ១៣ឆ្នាំ បានសម្រេចចំនួន២លើក លើកទី១នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ និង លើកទី២ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨។
លោកអធិការស្រុកបន្តទៀតថា ក្រោយពីសមត្ថកិច្ចយើងទទួលបានពាក្យបណ្តឹងភ្លាម ទើបចុះទៅឃាត់ខ្លួនជនល្មោភកាមរូបនេះ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ សំ វិច្ឆិកា