ភ្នំពេញ៖ ភ្លៀងលាយលំនឹងខ្យល់កន្ត្រាក់បណ្តាលឲ្យដែកប៉ាណូផ្សាយពាណិជ្ជកម្មមួយផ្ទាំងធំបាក់ធ្លាក់រាយប៉ាយពេញផ្លូវ សំណាងហើយ ដែលក្នុងហេតុការណ៍នេះ មិនបណ្តាលឲ្យមានអ្នកគ្រោះថ្នាក់ឡើយគ្រាន់តែខូចខាតម៉ូតូសង់កូរ៉េ១គ្រឿងស្ទើរទាំងស្រុង ។
ករណីនេះបានកើតឡើងកាលពីម៉ោងជាង១រសៀល ថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចជាប់ប៉ុស្តិ៍រដ្ឋបាលចតុមុខខណ្ឌដូនពេញក្បែររង្វង់មូលសម្តេចសង្ឃរាជជួន ណាត នៅបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ។
ប្រភពព័ត៌មានពីស្រ្តីម្នាក់ ដែលគាត់ប្រកបរបរលក់នៅក្បែរប៉ាណូមួយផ្ទាំងធំស្ថិខខាងមុខប៉ុស្តិ៍រដ្ឋបាលចតុមុខនោះបានឲ្យដឹងថា ខណៈ ដែលគាត់កំពុងតែលក់ដូរស្រាប់តែមេឃងងឹងស្លប់ក៏ស្រាប់តែធ្លាក់ខ្យល់កន្ត្រាក់ខណៈមេឃបានធ្លាក់ភ្លៀងតិចៗផងនោះបានធ្វើដែកប៉ាណូមួយផ្ទាំងធំនៅលើគាត់ល់ដូរបានបាក់ធ្លាក់មកផ្លូវលាន់គ្រាំងតែម្តង ។ ស្ត្រីរូបនោះបានបន្តថាខណៈ ដែលឃើញសភាពមិនស្រួលគាត់ក៏ប្រញ៉ាប់រត់ចេញទៅជ្រកក្បែរប៉ុស្តិ៍ប៉ូលិសតែក៏ចាត់ទុកជាសំណាងហើយ ដែលរបស់របរលក់ដូររបស់គាត់មិនរងការខូចខាតនោះ ។ ប៉ុន្តែម៉ូតូម៉ាកC១០០កូរ៉េមួយគ្រឿងមិនដឹងជារបស់អ្នកណានោះទេ បានរងការខូចខាតដោយសារតែដែកប៉ាណូនោះធ្លាក់សង្កត់ចំនោះ ។
អាជ្ញាធរមូលដ្ឋានខណ្ឌដូនពេញបានឲ្យដឹងថា ក្នុងហេតុការណ៍ខ្យល់កន្ត្រាក់នោះដែរសម្រាប់នៅក្នុងមូលដ្ឋានខណ្ឌដូនពេញគឺមានបាក់ដើមឈើ បាក់បង្គោលភ្លើងនៅកន្លែងផ្សេងទៀតរួមទាំងប៉ើងដំបូលផ្ទះរួមទាំងការរដ្ឋានសំណង់នានាត្រូវប៉ើងធ្លាក់របស់របរផ្សេងៗផងដែរ និងជាពិសេសការបាក់ធ្លាក់ដែកប៉ាណូនោះសរុបជារួមមិនបណ្តាលឲ្យមានអ្នកគ្រោះថ្នាក់នោះទេ ។
អាជ្ញាធរខណ្ឌដូនពេញបញ្ជាក់ទៀតថាចំពោះបាក់ធ្លាក់ដលមឈើ និងបាក់ប៉ាណូនេះដែរកម្លាំងអាជ្ញាធរបានចាត់ចែងរើចេញជាបន្ទាន់ដើម្បីកុំឲ្យមានការកកស្ទះចរាចរណ៍ដល់អ្នកដំណើរផងដែរ ៕ ជ្រោយពេជ្រ