អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres អាចនឹងអញ្ជើញ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ទៅ ថ្លែងសុន្ទរកថានៅមហាសន្និបាតអង្គការសហប្រជាជាតិនាខែកញ្ញាខាងមុខ ប្រសិន បើជំនួបកំពូលអាមេរិក កូរ៉េខាងជើង នៅ ថ្ងៃទី១២ ទទួលបានជោគជ័យមែននោះ។
លោក Michael Green អ្នកឯកទេស ជាន់ខ្ពស់ ទទួលបន្ទុកអាស៊ី និងជប៉ុននៅ មជ្ឈមណ្ឌលយុទ្ធសាស្ត្រ អន្តរជាតិ បានឲ្យ ដឹងថា «មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន មិនត្រឹមតែជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិកតែប៉ុណ្ណោះឡើយ គឺអាចជួបពិភាក្សាជាមួយមេដឹកនាំជាច្រើនផ្សេងទៀតលើពិភពលោក»។
លោក Michael Green បាននិយាយទៅ កាន់សារព័ត៌មាន China Morning post ថាអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នឹងអញ្ជើញ មេដឹកនាំ គីម ជុងអ៊ុន ទៅថ្លែងសុន្ទរកថានៅមហាសន្និបាតអង្គការសហប្រជាជាតិនាខែកញ្ញាខាងមុខ ប្រសិនបើទទួលបានលទ្ធផលល្អនៅក្នុងជំនួបពិភាក្សាជាមួយអាមេរិក។
កន្លងមក អគ្គលេខាធិការអង្គការសហប្រជាជាតិធ្លាប់បានបង្ហាញការខកចិត្ត នៅពេលអាមេរិកប្រកាសលុបជំនួបកំពូលនោះ។ អង្គការសហប្រជាជាតិបានជំរុញ ឲ្យភាគីទាំងពីរពិភាក្សាគ្នាស្វែងរកសន្តិភាព និងបញ្ចប់កម្មវិធីបរមាណូនៅឧបទ្វីបកូរ៉េ។
នៅក្នុងជំនួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន កាលពីពេលកន្លងមកថ្មីៗ ប្រធា នាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏បាន បញ្ជាក់ផងដែរថា នឹងអញ្ជើញមេដឹកនាំកូរ៉េ ខាងជើង គីម ជុងអ៊ុន ទស្សនកិច្ចនៅ អាមេរិកផងដែរ បើកិច្ចពិភាក្សានោះទទួលបានជោគជ័យ។ ក្រុមអ្នកឯកទេសបាន លើកឡើងថា មេដឹកនាំកូរ៉េខាងជើងអាចទៅកាន់អាមេរិក នៅខែកញ្ញាខាងមុខ បើកិច្ចពិភាក្សាជាមួយអាមេរិក មានបរិយា កាសល្អនោះ។
ជំនួបកំពូលអាមេរិក កូរ៉េខាងជើង ដែលពិភពលោកទាំងមូលទន្ទឹងរង់ចាំនឹងត្រូវធ្វើឡើងតាមការកំណត់នាថ្ងៃទី១២ ខែមិថុនា នៅសណ្ឋាគារ Capella ប្រទេស សិង្ហបុរី។ ប្រធានាធិបតី ត្រាំ នឹងពិភាក្សាផ្តោតទៅលើការលុបបំបាត់អាវុធបរមាណូ នៅឧបទ្វីបកូរ៉េ។ ចំណែករដ្ឋាភិបាលសិង្ហ បុរីវិញ បានឲ្យដឹងថា នឹងមានជំនួបជាច្រើន រវាងប្រទេសទាំងពីរ ចាប់ពីថ្ងៃទី១០ ដល់ ថ្ងៃទី១៤ ខែមិថុនា ក្នុងនោះមានទាំងសកម្ម ភាពស្វាគមន៍ និងព្រឹត្តិការណ៍ផ្សេងៗបន្ទាប់ កិច្ចពិភាក្សា។
ពាក់ព័ន្ធនឹងជំនួបកំពូលនោះដែរ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អាចនឹងទៅដល់សិង្ហបុរី មុនកិច្ចប្រជុំពីរថ្ងៃ គឺនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨។ សារ ព័ត៌មានរ៉យទ័របានផ្សាយថា មេដឹកនាំ គីម ជុងអ៊ុន នឹងទៅដល់អាកាសយានដ្ឋានអន្តរ ជាតិ Changi ប្រទេសសិង្ហបុរីនៅថ្ងៃទី១០ ខែមិថុនា។ នៅពេលនេះ ក្រុមហ៊ុនអាកាស ចរណ៍សិង្ហបុរី មិនទាន់វិភាគអ្វីជុំវិញហេតុការណ៍ខាងលើនៅឡើយទេ។
ជាមួយគ្នានេះ អ្នកនាំពាក្យសេតវិមាន អាមេរិក លោកស្រី Sarah Sanders ក៏បាន បញ្ជាក់ផងដែរថា ប្រធានាធិបតីលោក ដូណាល់ ត្រាំ នឹងចាកចេញពីប្រទេស កាណាដាបន្ទាប់ពីកិច្ចប្រជុំ G7 សម្តៅទៅ កាន់សិង្ហបុរីតែម្តង គឺនៅថ្ងៃទី១០ ខែមិថុនា ដូចគ្នា៕ ម៉ែវ សាធី