ព័ត៌មានទាន់ហេតុការណ៍៖

ថៃនឹងដាក់ពិន័យតំណាងរាស្ត្រដែលដេកនៅពេលប្រជុំ

ចែករំលែក៖

កាលពីថ្ងៃទី៨ ខែមិថុនា អនុប្រធានរដ្ឋ សភាថៃ លោក Peerasak Porjit បានសុំ ទោសចំពោះពលរដ្ឋ ដោយសារតែមាន តំណាងរាស្ត្រមួយចំនួនដេកលក់ពេល កំពុងប្រជុំសភា។ តំណាងរាស្ត្រ គឺតំណាងឲ្យពលរដ្ឋនៅក្នុងតំបន់នីមួយៗ ហើយបើ ដេកពេលប្រជុំ គឺជារឿងមួយធ្វើឲ្យបាត់បង់ទំនុកចិត្តពីពលរដ្ឋដែលខំបោះឆ្នោតគាំទ្រ។

កន្លងមកមានរូបភាពតំណាងរាស្ត្រ ដេក ត្រូវបានផ្សព្វផ្សាយពេញបណ្តាញ សង្គម និងប្រព័ន្ធផ្សព្វផ្សាយនានា។ តំណាង រាស្ត្រមួយចំនួនបានដេកពេលនាយករដ្ឋ មន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចារ ថ្លែងពី គម្រោងមូលនិធិសន្តិសុខជាតិឆ្នាំ២០១៩។ ថវិកាសន្តិសុខមានទឹកប្រាក់១០ពាន់លានដុល្លារត្រូវបានសភាគាំទ្រ និងអនុម័ត ក្នុងនោះមានទាំងតំណាងរាស្ត្រកំពុងដេកផងដែរ។

ប៉ុន្តែ លោក Peerasak Porjit បានច្រាន ចោលពាក្យរិះគន់ថា តំណាងរាស្ត្របិទ ភ្នែកអនុម័តទៅលើសេចក្តីព្រាងច្បាប់ខាងលើ ដោយលោកបញ្ជាក់ថា តំណាងរាស្ត្រទាំងអស់បានត្រួតពិនិត្យយ៉ាងល្អិតល្អន់ ចំពោះពាក្យពេចន៍លើកឡើងរបស់នាយករដ្ឋមន្ត្រី ចាន់អូចារ។

ជាមួយគ្នានេះដែរ លោក Peerasak Porjit បានលើកឡើងទៀតថា នឹងមាន វិធានការ ដាក់ទោស ផាកពិន័យចំពោះ តំណាងរាស្រ្តណាដែលដេកពេលកំពុង ប្រជុំ។ សកម្មភាពបែបនេះ ជាការខ្វះស្មារតី ទទួលខុសត្រូវ។ ចំណែកនាយករដ្ឋមន្ត្រីថៃវិញបញ្ជាក់ថា ពួកគាត់មិនស័ក្តិសម អង្គុយកៅអីតំណាងរាស្ត្រឡើយ៕ ម៉ែវ សាធី


ចែករំលែក៖