ភ្នំពេញ ៖ ក្រុមគ្រួសារនិងម្ដាយរបស់សពទារិការងគ្រោះដែលស្លាប់ដោយសារភាព ធ្វេសប្រហែសរបស់បុគ្គលិកនៃមន្ទីរពេទ្យសង់ត្រាល់តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក បានទម្លាយវីដេអូជជែកគ្នាដោយគ្មានការទទួលខុសត្រូវពីភាគីមន្ទីរពេទ្យនិងទាមទារឲ្យបញ្ឈប់បុគ្គលិក(ដុកទ័រ)ម្នាក់ ដោយអះអាងថា ជាគ្រូពេទ្យគ្មានវិជ្ជាជីវៈ។ ជាមួយគ្នាគ្រួសារទារិការងគ្រោះមួយនេះក៏បានអំពាវនាវរកយុត្តិធម៌ដល់គ្រួសាររបស់ខ្លួនផងដែរ ។
ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Phatchan Danee កាលពីវេលាម៉ោង៥និង៤៣ នាទីយប់ថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ បានទម្លាយវីដេអូ ជជែកគ្នារវាងភាគីរងគ្រោះនឹងភាគីមន្ទីរ ពេទ្យសង់ត្រាល់ធ្វើឲ្យមានការរិះគន់មន្ទីរពេទ្យយ៉ាងខ្លាំងផ្ទុះការចែកចាយតៗគ្នាពេញបណ្ដាញសង្គមហ្វេសប៊ុក ព្រមជាមួយការអំពាវនាវមិនឲ្យប្រជាពលរដ្ឋឈប់ទទួលសេវាពីមន្ទីរពេទ្យមួយនេះ។ អមជាមួយ វីដេអូ និងរូបថតប៉ុន្មានសន្លឹកក្រុមគ្រួសារ រងគ្រោះបានអំពាវនាវរកយុត្តិធម៌និងទាមទារឲ្យខាងមន្ទីរពេទ្យបណ្ដេញបុគ្គលិកម្នាក់ឈ្មោះ Dr. Sam Borin ដោយថា គ្រូពេទ្យគ្មានវិជ្ជាជីវៈក្នុងការមើលថែអ្នកជំងឺ ។
បើតាមគណនីហ្វេសប៊ុក Phatchan Danee បានរៀបរាប់ភាពឈឺចាប់របស់ខ្លួនយ៉ាងដូច្នេះថា នេះជាវីដេអូដែលបង្ហាញពីការមិនទទួលស្គាល់នូវកំហុសរបស់មន្ទីរពេទ្យសង់ត្រាល់ (Central Hospital)ដែលគ្មានវិជ្ជាជីវ:ច្បាស់ក្នុងការមើលថែប្រុង ប្រយ័ត្នឲ្យបានដិតដល់ ។
សូមអំពាវនាវជួយរកយុត្តិធម៌ឲ្យខ្ញុំផង ដើម្បីកុំឲ្យគ្រោះថ្នាក់ដល់បងប្អូនកូនចៅដទៃ ទៀត។ សូមជួយផ្សព្វផ្សាយពីមន្ទីរពេទ្យ សង់ត្រាល់ ហើយមន្ទីរពេទ្យនេះបងប្អូនស្គាល់ហើយថា ជាមន្ទីរពេទ្យរបស់អ្នក ណា? ជីវិតវាជាកម្មផលមិនអាចគេចការ ស្លាប់បាន តែនេះស្លាប់ដោយការធ្វេស ប្រហែសនិងបុគ្គលគ្រូពេទ្យឈ្មោះ Dr Sam borin ដែលគ្មានវិជ្ជាជីវៈ។ មន្ទីរនេះ យកលុយថ្លៃណាស់តែពេលដែលយើង មានបញ្ហាថ្ងៃទី១សុខភាពល្អតែក្មេងមិនទាន់ចេះបៅ គ្រូពេទ្យមកប្រាប់ថា ព្យាយាមឲ្យ កូនបៅឲ្យបានច្រើន១ម៉ោងឲ្យបៅម្ដង។ បន្ទាប់មកថ្ងៃទី២កូនខ្ញុំចេះតែយំ ពេលនោះ នាងក្ដៅខ្លួនប្រាប់ពេទ្យគ្រូពេទ្យឲ្យជូតខ្លួនទៅបន្ទាប់ពីពេលនោះមកទៀតនាងបាន ក្អួតទៀតទៅប្រាប់ពេទ្យពេទ្យថា មិនអីទេជា រឿងធម្មតាទេការរំលាយអាហារមានចេញមានចូល។ បន្ទាប់មកទៀតនាងជុះលាមកមានពពុះៗពួកយើងបានប្រាប់ថា ក្រពះ ឬពោះវៀនកូនមិនល្អទេដឹងថាគ្រូពេទ្យគាត់ថា មិនអីៗទេ។ លុះដល់យប់ម៉ោង៣កូន ខ្ញុំក្ដៅខ្លួនទៀតទៅតាមវាវាបែរជាមិនមក មើល។ ជាក់ស្ដែងកូនខ្ញុំក្ដៅខ្លួនទៅតាម ពេទ្យវាមិនមកគ្រាន់តែឲ្យយើងយកកន្សែងត្រជាក់ជូតខ្លួនក្មេងដដែលៗដោយមិន អស់ចិត្តយើងទៅទិញប្រដាប់វាស់កម្តៅ មកវាស់ឃើញកម្តៅរហូតដល់៣៨អង្សាទៅតាមវាទៀត វាមិនមកហើយនៅតែណែនាំយើងឲ្យជូតកន្សែងត្រជាក់ដដែលនិង ថា មិនអីទេ (ដែលវាយកថ្លៃសេវាយើងសោះចុះទម្រាំអត់លុយទៀតវាទៅជាយ៉ាង ណា?) ។
ចុងក្រោយយើងវាស់ទៀតកម្តៅឡើង ដល់៣៩ទៅស្រែកសួរពេទ្យខ្លាំងៗទើបវាមករកកូនខ្ញុំហើមពោះទៅហើយទើបនិយាយថាអត់សមត្ថភាពព្យាបាលសុំបញ្ជូនមក មន្ទីរពេទ្យកាល់ម៉ែត និងបញ្ជូនបន្តទៅ ពេទ្យគុន្ធបុប្ជា (សុំកោតសរសើរមន្ទីរពេទ្យគុន្ធបុប្ជាពិតជាយកចិត្តទុកដាក់ចំពោះការជួយសង្គ្រោះកូនខ្ញុំនិងប្រជាជនពិតមែន)។ ដោយឡែកមន្ទីរពេទ្យសង់ត្រាល់គ្រូពេទ្យ Sam borin វានៅតែមិនទទួលស្គាល់ពី កំហុសនៃការធ្វេសប្រហែសរបស់វា វាបែរ ពន្យល់ថា នេះមកពីការវិវត្តនៃជំងឺក្មេងទៅវិញចុះបើដឹងថាវាហ្នឹងវិវត្តហើយចុះគេទៅហៅលោកគ្រូឯងមិនមកភ្លាមៗម៉េចនៅតែមិនអីៗទុកកូនខ្ញុំរហូតធ្ងន់ធ្ងរ?
បងប្អូនជួយពិចារណាមើលថា តើវា ឆ្លើយសមទេ? កូនស្រីខ្ញុំលីណាទើបកើតបាន៤ថ្ងៃសោះលោកគ្រូឯងក៏ប្រមាថជីវិតគេម្លេ៉ះដោយបានបាត់បង់ជីវិតកូនស្រីដ៏សែនស្រស់ស្អាតរបស់ខ្ញុំ ។
ជាចុងក្រោយខ្ញុំមិនបានទាមទាញ សំណងវិញទាំងអស់ ព្រោះកូនខ្ញុំបានស្លាប់ ទៅហើយតែខ្ញុំចង់ឲ្យមន្ទីរពេទ្យសង់ត្រាល់នេះបញ្ឈប់គ្រូពេទ្យ Sam borinនេះជាបន្ទន់ ទៅ ព្រោះវាគ្មានវិជ្ជាជីវៈនិងទំនួលខុសត្រូវទេយកជីវិតគេមកលេងជាល្បែងដោយ គ្មានការទទួលខុសត្រូវនូវភារកិច្ចដែលគេ គ្រប់គ្នាបានផ្ញើវាសនានិងអាយុជីវិតលើគ្រូពេទ្យនេះ។ ខ្ញុំសង្ឃឹមថា បងប្អូនទាំងអស់គ្នានៅក្នុងសង្គមFBនេះជួយស៊ែរដើម្បីឲ្យគ្រប់គ្នាបានដឹងនិងកុំឲ្យជួបរឿងដ៏សែនឈឺ ចាប់នេះដូចក្រុមគ្រួសារខ្ញុំនិងកុំទៅទទួលសេវាកម្មនៅមន្ទីរសង់ត្រាល់នេះទៀត»។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី៧ ខែ មិថុនា ឆ្នាំ២០១៨ គណនីហ្វេសប៊ុកមួយ ឈ្មោះ Jolly BabyShop បានសរសេរសាររិះគន់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខាងលើ ធ្វើឲ្យផ្អើលផ្ទុះការចែកចាយតៗគ្នា និងរិះគន់ យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ចំពោះភាពចន្លោះប្រហោងបណ្ដោយមិនមើលថែអ្នកជំងឺរបស់ក្រុមគ្រូពេទ្យក្នុងន័យផ្សេងៗគ្នា បន្ទាប់ពីគ្រួសារមួយនេះបានរងគ្រោះដោយត្រូវបាត់បង់កូនទើបតែកើត បានរយៈពេល៤ថ្ងៃ ។
ថ្វីបើក្នុងខ្លឹមសារម្ចាស់គណនីហ្វេសប៊ុកខាងលើមិនបានបញ្ជាក់ពីអត្តសញ្ញាណ មន្ទីរពេទ្យក៏ពិតមែន ប៉ុន្តែបើតាមប្រអប់ សារបញ្ចេញមតិ (Comment) ម្ចាស់គណនីបានប្រាប់អ្នកចូលរួមរំលែកទុក្ខនិងសម្ដែងការសោកស្ដាយថា នៅពេលកូនមិនស្រួល ខ្លួនខ្លាំងម្ដាយក្មេងរងគ្រោះបាននាំកូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យសង់ត្រាល់ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៨២អា តាមបណ្ដោយផ្លូវលេខ១៥៤ ស្ថិតក្នុង សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ៕ ហេង សូរិយា