ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ទ្រាក់ដួលរលំដើមអំពិលទឹកសង្កត់ផ្ទះពលរដ្ឋសំណាងមិនមានគ្រោះថ្នាក់ដល់មនុស្ស

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មេធ្លាក់ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ផងនោះ បណ្តាលឲ្យរលើងដើមអំពិលទឹកដែលនៅតាមបណ្តោយផ្លូវជាតិលេខ៤នោះសង្កត់ផ្ទះប្រជាពលរដ្ឋ សំណាងល្អមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស គ្រាន់តែខូចខាតដំបូលផ្ទះមួយចំនួន ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១ និង៣០នាទីរសៀល ថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ០៤ ស្ថិតនៅខាងកើតជញ្ជីងថ្លឹងរថយន្តរបស់មន្ទីរសាធារណការខេត្ត ក្នុងភូមិត្រពាំងព្រះ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

បើតាមសម្តីរបស់ឈ្មោះ តេង ហុង ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរលក់ដូរស្នាក់នៅកន្លែងកើតហេតុខាងលើបាននិយាយឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានត្រឡប់មកពីលក់ដូរនៅផ្សារវិញ មកដល់ផ្ទះភ្លាម ស្រាប់តែមេឃមានសភាពខ្មៅអួរអាប់ ងងឹតឈឹងមើលអ្វីមិនឃើញសោះ ស្រាប់តែមួយសន្ទុះក្រោយមក ក៏ធ្លាក់ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ផងដែរនោះ ធ្វើឲ្យរលើងដើមអំពិលទឹកនៅមុខផ្ទះរបស់គាត់ បានដួលរលំសង្កត់ផ្ទះខាងមុខរបស់គាត់ ឮសូរប្រាវ គាត់មានការភ័យខ្លាចញ័រដៃញ័រជើង ក៏បានស្រែកហៅអ្នកជិតខាងឲ្យមកជួយខ្លាចដើមឈើដែលមានអាយុការជាង៣០ឆ្នាំទៅហើយនោះ សង្កត់បាក់ផ្ទះរបស់គាត់ ។

ប្រភពពីស្ត្រីខាងលើបានបន្តទៀតថាភ្លៀងក៏បានរាំង ប៉ុន្តែដើមឈើនោះគ្រាន់តែសង្កត់លើផ្ទះរបស់គាតតែប៉ុណ្ណោះ មិនប៉ះពាល់ដល់រូបគាត់ និងកូននោះទេ គ្រាន់តែខូចខាតដំបូលស័ង្ហសីជាច្រើនសន្លឹកប៉ុណ្ណោះ ហើយគាត់បានទៅជួលរថយន្តមកស្ទូចដោយអស់លុយចំនួន១០០ដុល្លា និងអ្នកកាត់ត្រង់តឺន័រអស់៥០ដុល្លារថែមទៀតផង ទើបយកដើមឈើដ៏ធំមួយដើមនេះចេញបាន រូបគាត់ជាស្ត្រីមេម៉ាយផងនោះសំណូមពរដល់អាជ្ញាធរពាក់ពន្ធ័មានលោកចៅសង្កាត់ លោកស្រីអភិបាលក្រុងច្បារមន លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ មេត្តាជួយដោះស្រាយផង ដែលគាត់ជាប្រជាពលរដ្ឋក្រីក្រខ្វះខាត ហើយជាស្ត្រីមេម៉ាយទៀត ដោយសារតែកន្លងមកគាត់បានសុំទៅអាជ្ញាធរ កាប់ចេញដែលប៉ុន្តែពួកគាត់មិនឲ្យកាប់ និងប៉ះពាល់ជាដាច់ខាត ថាជារបស់រដ្ឋ ទេ ចុះពេលដើមឈើរលើងរលំសង្កត់ផ្ទះរបស់ប្រជាពលរដ្ឋតើអស់លោកអាជ្ញាធរ មានចុះមកពិនិត្យដែលឬអត់ បានជាទុកឲ្យប្រជាពលរដ្ឋជួលរថយន្តមកស្ទូច និងអារកាត់ដើមឈើទៅវិញ ហើយអាជ្ញាធរ ធ្វើមិនដឹងនោះ ដូចនេះសូមឲ្យអស់លោកអ្នកពាក់ពន្ធ័ជួយពិនិត្យតាមឈើនៅតាមបណ្តោយផ្លូវជាតិលេខ៤នេះផង ជាពិសេសនៅមុខផ្ទះរបស់ប្រជាពលរដ្ឋតែម្តងផង ខ្លាចក្រែងមានរលំសង្កត់ផ្ទះពលរដ្ឋទៀតនោះ៕ សេនាស័ក្តិ


ចែករំលែក៖